នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ចែក​ចាយ​អំពី​ភាព​ឆេះឆួល​ចំពោះ​ព្រះគ្រីស្ទ

ការ​ចែក​ចាយ​អំពី​ភាព​ឆេះឆួល​ចំពោះ​ព្រះគ្រីស្ទ

ដោយJennifer Benson Schuldt

March 9, 2024

រ៉ូម ១២:៩-១៦

ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាងឯ​វិញ្ញាណ នោះ​ក៏ចូរ​ព្យាយាម​ចុះ ដោយខំ​ប្រឹង​បំរើ​ព្រះអម្ចាស់​។ រ៉ូម ១២:១១

កាល​យើង​បាន​ជួប​លោក​ហេនរី(Henry) ជា​អ្នក​ជិត​ខាង ​លើក​ដំបូង គាត់​បាន​ដក​ព្រះ​គម្ពីរ​ចាស់​ដាច់​រហែក​មួយ​ក្បាល ចេញពី​កាបូប​ដែល​គាត់​តែងតែ​ស្ពាយ​ជា​ប្រចាំ​។ គាត់​មើល​មក​យើង​ដោយ​ទឹក​មុខ​រីករាយ ហើយ​សួរ​យើង​ថា តើ​យើង​ចង់​ជជែក​គ្នា​ជាមួយ​គាត់ អំពី​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ​។ យើង​ក៏​បាន​ងក់​ក្បាល ហើយ​គាត់​ក៏​បាន​បើក​ទៅ​កាន់​ទំព័រ​ដែល​គាត់​បាន​គូស​ចំណាំ​នៅ​លើ​ខ​គម្ពីរ​មួយ​ចំនួន​។ គាត់​ក៏បាន​បង្ហាញ​សៀវភៅ​កត់​ត្រា​មួយ​ក្បាល ដែល​គាត់​បាន​កត់ទុក​អំពី​អ្វី​ដែល​គាត់​រៀន​បាន​ពី​ព្រះ​គម្ពីរ ហើយក៏​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បង្កើត​មេ​រៀន​ក្នុង​កុំព្យូទ័រ ដែល​មាន​ពេញ​ទៅ​ដោយ​ឯកសារយោង​ដទៃ​ទៀត​។

លោក​ហេនរី​ក៏​បាន​ចែក​ចាយ អំពី​ពេល​ដែល​គាត់​បាន​ចេញពី​ស្ថានភាព​គ្រួសារ​ដ៏​ពិបាក ហើយ​បន្ទាប់មក កាល​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ឯកោ និង​ពិបាក​បំផុត គាត់​ក៏​បាន​ទទួលយក​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​គាត់(កិច្ចការ ៤:១២)។ ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្តូរ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បាន​ជួយ​គាត់ ឲ្យ​ដើរ​តាម​គោលការណ៍​របស់​ព្រះ​គម្ពីរ​។ ទោះ​លោក​ហេនរី​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះអង្គ​កាល​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ដោយ ក៏​ភាព​ក្លៀវក្លា​របស់​គាត់​នៅតែ​ថ្មី​ជានិច្ច ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់​។

ភាព​ឧស្សាហ៍​របស់​លោក​ហេនរី​បាន​បណ្តាល​ចិត្ត​ខ្ញុំ ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​អស់​ជា​ច្រើន​ឆ្នាំ ឲ្យ​ពិចារណា​អំពី​ភាព​ឆេះឆួល​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ផង​ដែរ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “ខាង​ឯសេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់”(រ៉ូម ១២:១១)។ ការ​បង្រៀន​នេះ​មិន​ពិបាក​ឲ្យ​យើង​អនុវត្តន៍​តាម​ទេ បើសិន​ជា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​កែ​ប្រែ​យើង ឲ្យ​មាន​អាកប្ប​កិរិយា ដែល​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​គ្រប់​យ៉ាង ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​។

ទោះ​យើង​មាន​អារម្មណ៍​ឡើង ឬ​ចុះ​យ៉ាងណា​ក៏ដោយ ក្នុង​ជីវិត​យើង ភាព​ឧស្សាហ៍​ថ្វាយ​ព្រះគ្រីស្ទ កើត​ចេញពី​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ ដែល​ចេះតែ​ចម្រើន​ឡើងជា​និច្ច​។ ពេលណា​យើង​បាន​ស្គាល់​ព្រះអង្គ​កាន់តែ​ច្រើន​ប៉ុណ្ណា នោះ​យើង​នឹង​មើល​ឃើញ​តម្លៃ​ព្រះអង្គ​កាន់តែ​ច្បាស់ ហើយ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​ក៏​ជន់ជោរ ក្នុង​វិញ្ញាណ​យើង ហើយ​ហៀ​រហូរ​ចូល​ទៅ​ក្នុង​លោកិយ​។—Jennifer Benson Schuldt

តើ​អ្នក​យល់​ឃើញថា ព្រះយេស៊ូវ​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​ព្រះ​អង្គ​ទត​ឃើញ​អ្នក​មាន​ចិត្ត​ឆេះឆួល​ចំពោះ​ព្រះអង្គ? តើ​ការ​អរ​ព្រះគុណ និង​ភាព​ឧស្សាហ៍​ខាង​វិញ្ញាណ​មាន​ទំនាក់​ទំនង​គ្នា​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ភាព​ឆេះឆួល​ជា​ថ្មី នៅ​ក្នុង​ការ​ស្គាល់​ព្រះអង្គ!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៨-១០ និង ម៉ាកុស ១១:១៩-៣៣

ល្ងាច

Devotional illustration

របៀប​បម្រើ​ចៅហ្វាយនាយ​ចិត្តអាក្រក់

ដោយJohn Piper

March 9, 2024

ទាំង​បំរើ​ដោយ​អំណរ ដូចជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិនមែន​ដូចជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើជា​បាវបំរើ ឬអ្នកជា​ក្តី។ អេភេសូរ ៦:៧-៨

សូម​ពិចារណា អំពី​ចំណុច​ទាំង៥ ដែល​មាន​ចែង​បទ​គម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទង​នឹង​ការងារ​របស់​អ្នក ដូចតទៅ ៖

១) ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​យក​ព្រះអម្ចាស់​ជាទី១

នេះ​ជារ​បៀ​បនៃ​ការរស់នៅ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​ជាមួយនឹង​របៀប​ដែល​យើង​រស់នៅ​ជា​ធម្មតា។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ការងារ​ទាំងអស់​ដែល​យើង​ធ្វើ គឺ​យើង​គួរតែ​ធ្វើឡើង​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​សម្រាប់​ចៅហ្វាយនាយ ដែល​ជា​មនុស្ស​នោះ​ទេ។ គឺ​ធ្វើការ​បម្រើ ដោយ​ឆន្ទះ​ដ៏​ល្អ "ដូចជា​បម្រើ​ដល់​ព្រះអម្ចាស់ មិនមែន​ដូចជា​បម្រើ​មនុស្ស​"។

បាន​សេចក្តី​ថា យើង​ត្រូវ​គិតដល់​ព្រះអម្ចាស់ នៅក្នុង​កិច្ចការ​អ្វី​ដែល​យើង​កំពុង​ធ្វើ នៅកន្លែង​ធ្វើការ។ យើង​ត្រូវ​សួរ​ថា ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀបណា? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ នៅពេល​ណា? តើ​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ឲ្យ​ធ្វើ​កិច្ចការ​នេះ​ទេ? តើ​កិច្ចការ​នេះ​នឹង​មានផល​ប៉ះពាល់​អ្វីខ្លះ មក​លើ​ព្រះ​កិត្តិនាម​ព្រះអម្ចាស់? អាច​និយាយ​ម្យ៉ាងទៀត​ថា ការរស់នៅ​ជា​គ្រីស្ទបរិស័ទ គឺ​មានន័យថា យើង​រស់នៅ និង​ធ្វើការ ដោយ​យក​ព្រះអម្ចាស់​ជាទី១។

២) ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើជា​មនុស្ស​ល្អ

ការរស់នៅ​ដែល​យក​ព្រះ​ជាទី​មួយ គឺ​មានន័យថា យើង​រស់នៅ​ជា​មនុស្ស​ល្អ និង​ប្រព្រឹត្ត​អំពើល្អ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រាប់​យើង​ឲ្យ​បម្រើ​ដោយ​អំណរ ដោយ​ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ។ ព្រះយេស៊ូវ​មា​នប​ន្ទូល​ថា ពេលណា​យើង​បញ្ចេញ​ពន្លឺ​របស់​យើង មនុស្ស​នឹង​បានឃើញ "ការ​ល្អ​" ដែល​យើង​ធ្វើ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌(ម៉ាថាយ ៥:១៦)។

៣) អំណាច​សម្រាប់​ធ្វើការ​ឲ្យបាន​ល្អ សម្រាប់​ចៅហ្វាយនាយ​ចិត្តអាក្រក់ នៅ​ផែនដី

គោលបំណង​របស់​សាវ័ក​ប៉ុល គឺ​ដើម្បី​ជួយ​ឲ្យ​គ្រីស្ទបរិស័ទ​យក​ព្រះអម្ចាស់​ជាទី​មួយ ដើម្បី​ធ្វើការល្អ សម្រាប់​ចៅហ្វាយនាយ​ចិត្តអាក្រក់។ តើ​ធ្វើ​ដូចម្តេច ឲ្យ​អាច​បន្ត​ធ្វើការល្អ នៅក្នុង​ការងារ ដែល​ចៅហ្វាយ​របស់​អ្នក មិន​អើ​ពើ​រចំពោះ​អ្នក ឬថែមទាំង​រិះគន់​អ្នក​ទៀត? ចម្លើយ​របស់​សាវ័ក​ប៉ុល​នោះ​គឺ៖ យើង​ត្រូវ​ឈប់​គិត​អំពី​ថា ចៅហ្វាយនាយ​របស់​យើង ជា​ចៅហ្វាយនាយ​ធំ​បំផុត​របស់​យើង ហើយ​ចាប់ផ្តើម​ធ្វើការ​ថ្វាយព្រះ​អម្ចាស់​វិញ។ ចូរ​អនុវត្ត​ដូចនេះ នៅក្នុង​ភារកិច្ច​នី​មួយៗ ដែល​ចៅហ្វាយនាយ នៅ​ផែនដី​ឲ្យ​អ្នកធ្វើ។

៤) ការ​លើកទឹកចិត្ត​ថា ការ​ល្អ​ដែល​យើង​ធ្វើ​មិន​ឥតប្រយោជន៍​ឡើយ

ឃ្លា​ល្អ​បំផុត​ក្នុង​បទ​គម្ពីរ​នេះ ប្រហែលជា​ឃ្លា ៖ "ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់​"។ នេះ​ពិតជា​អស្ចារ្យ​ណាស់! "ការ​ល្អ​ទាំងអស់​ដែល​គ្រប់គ្នា​ធ្វើ​"។ កិច្ច​កា​រតូចៗនី​មួយៗ ដែល​អ្នកធ្វើ ដែល​ជាការល្អ គឺ​ព្រះអង្គ​ទត​ឃើញ និង​ឲ្យ​តម្លៃ ព្រមទាំង​ប្រទាន​រង្វាន់​ឲ្យ​ផង។

ហើយ​ព្រះអង្គ​នឹង​ឲ្យរង្វាន់​អ្នក សម្រាប់​ការ​ល្អ​ដែល​អ្នកធ្វើ។ មិនមែន​មានន័យថា អ្នក​អាច​ធ្វើឲ្យ​ព្រះអង្គ​ជាប់បំណុល​អ្នកនោះ​ឡើយ។ យើង​ជា​កម្មសិទ្ធិ​ព្រះអង្គ ហើយ​អ្វីៗទាំងអស់​ក្នុង​ចក្រវាល ក៏​ជា​កម្មសិទ្ធិ​ព្រះអង្គ។ ព្រះអង្គ​មិនបាន​ជំពាក់​អ្វី​ឡើយ។ តែ​ព្រះអង្គ​សម្រេច​ព្រះទ័យ​ឲ្យរង្វាន់​យើង សម្រាប់​ការ​ល្អ​ទាំងអស់ ដែល​យើង​បាន​ធ្វើ ដោយ​ជំនឿ។

៥) ការ​លើកទឹកចិត្ត​ថា ឋានៈ​តូច​ទៀប​នៅ​លើ​ផែនដី មិនមែន​ជា​ឧបស័គ្គ​ដែល​រារាំង​មិន​ឲ្យ​ទទួល​រង្វាន់​ដ៏​ធំ នៅ​ស្ថានសួគ៌​នោះ​ឡើយ។

ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ "ទោះ​បើជា​បាវបំរើ ឬអ្នកជា​ក្តី​"។ ចៅហ្វាយនាយ​អ្នក​ប្រហែលជា​គិតថា អ្នកជា​មនុស្ស​ដែល​មិន​សំខាន់​ទាល់តែសោះ ឬគ្រាន់តែ​ជា​បាវបម្រើ​ប៉ុណ្ណោះ។ ពុំ​នោះ​ទេ គាត់​ប្រហែល​មិនទាំង​ដឹង​ថា អ្នក​កំពុង​មានជីវិត​ផង។ តែ​មិនថ្វីទេ ព្រះអម្ចាស់​ជ្រាប​ថា អ្នក​កំពុង​មានជីវិត ហើយ​នៅ​ចុងបញ្ចប់ គ្មាន​កិច្ចការ​ដ៏​ស្មោះត្រង់​ណា ដែល​ឥតប្រយោជន៍​នោះ​ឡើយ។

ប្រភេទ