នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអម្ចាស់​បាន​បង្កើត​ពួកវា​ទាំង​អស់

ព្រះអម្ចាស់​បាន​បង្កើត​ពួកវា​ទាំង​អស់

ដោយXochitl Dixon

March 10, 2024

ទំនុក​ដំកើង ១០៤:២៤-៣៥

ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា​។ ទំនុក​ដំកើង ១០៤:២៤

ថ្ងៃ​មួយ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ អាយុ៣ឆ្នាំ ឈ្មោះ ហ្សាវា(Xavier) ចូល​មើល​សួន​ត្រី​ក្រោម​ទឹក នៅ​ឆ្នេរ​មុនតេរេយ ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​។ ហ្សាវា​ក៏​បាន​កាន់​ដៃ​ខ្ញុំ​យ៉ាង​ណែន ពេល​យើង​ដើរ​ចូល​ទៅ​ក្នុង​សួន​ត្រី​នោះ​។ គាត់​ចង្អុល​ទៅ​រក​សត្វ​ត្រី​បាឡែន​មាន​បូក​ខ្នង ដែល​ខ្លួន​វា​លាត​សន្ធឹង​ពី​លើ​ពី​ដាន​កញ្ចក់ ដែល​នៅ​ពីលើ​យើង​។ គាត់​លាន់​មាត់​ថា “វា​ពិតជា​ធំ​ណាស់!” គាត់​បន្ត​បើក​ភ្នែក​ធំ ដោយ​ការ​ភ្ញាក់​ផ្អើល ខណៈ​ពេល​ដែល​យើង​ដើរ​ទស្សនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​។ យើង​អស់​សំណើច ពេល​ដែល​យើង​បាន​ឃើញ​សត្វ​ភេ​មុជ​ទឹក​ចុះ​ឡើង​ធ្វើ​ឲ្យ​ទឹក​បាចសាច ក្នុង​ពេល​ពួកវា​ស៊ី​ចំណី​។ យើង​ឈរ​ដោយ​ភាព​ស្ងប់​ស្ងាត់ នៅ​ពីមុខ​បង្អួច​កញ្ចក់​ធំ​មួយ​របស់​សួន​ត្រី ដោយ​ការ​ជក់​ចិត្ត​ចំពោះ​សត្វ​ពពុះ​សមុទ្រ ដែល​កំពុង​រេរាំ ក្នុង​ទឹក​សមុទ្រ​ពណ៌​ខៀវ​។ ខ្ញុំ​ក៏​បាន​និយាយ​ថា “ព្រះអង្គ​បាន​បង្កើត​សត្វ​ទាំង​អស់​ក្នុង​មហា​សមុទ្រ ដូច​ដែល​ព្រះអង្គ​បាន​បង្កើត​ប៉ា និង​កូន​ផង​ដែរ”។ គាត់​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់”។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៤ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទទួល​ស្គាល់​ការ​បង្កើត​ជា​បរិបូរ​របស់​ព្រះអម្ចាស់ ហើយ​គាត់​ក៏បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា”(ខ.២៤)។ គាត់​ប្រកាស​ថា “នុ៎ះន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ខ.២៥)។ គាត់​ក៏បាន​ថ្លែង​អំពី​សេចក្តី​សប្បុរស និង​ការ​ផ្គង់​ផ្គង់​ដ៏​ស្កប់​ស្កល់​របស់​ព្រះអង្គ សម្រាប់​ជីវិត​ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត(ខ.២៧-២៨)។ គាត់​ក៏​បាន​បញ្ជាក់​ថា ព្រះអង្គ​ក៏បាន​កំណត់​ចំនួន​ថ្ងៃ ដែល​ជីវិត​នីមួយៗ​អាច​រស់នៅ(ខ.២៩-៣០)។

យើង​អាច​ចូល​រួម​ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក្នុង​ការ​ច្រៀង​ប្រកាស អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ថា “កាល​នៅ​មាន​ជីវិត​នៅឡើយ នោះ​ទូល​បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា​ជា​ដរាប កាល​ទូល​បង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូល​បង្គំ”(ខ.៣៣)។ សត្វ​ទាំង​អស់​ដែល​មាន​ជីវិត ទាំង​តូច​ទាំង​ធំ សុទ្ធតែ​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​សរសើរ​ដំកើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​ពួក​វា​មក​។—Xochitl Dixon

តើ​នៅ​ពេលណា​ខ្លះ ការ​ពិចារណា​អំពី​ពិភពលោក​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត បាន​បណ្តាល​ចិត្ត​អ្នក​ឲ្យ​សរសើរ​ដំកើង​ព្រះអង្គ? តើ​ព្រះអង្គ​បាន​ប្រើ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​កាន់តែ​រឹងមាំ ទៅលើ​ព្រះ​ចេស្តា និង​ការ​ផ្គង់​ផ្គង់​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអាទិករ និង​ព្រះ​ដ៏​ផ្គត់ផ្គង់​មាន​គ្រប់​ចេស្តា ព្រះអង្គ​សក្តិ​សមនឹង​ឲ្យ​ទូល​បង្គំ​សរសើរ​ដំកើង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១១-១៣ និង ម៉ាកុស ១២:១-២៧

ល្ងាច

Devotional illustration

សង្រ្គាម​នៃ​ការ​រំឭក​ខ្លួនឯង

ដោយJohn Piper

March 10, 2024

តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯសេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២១-២២

ការ​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ព្រះ ស្ថិត​ក្នុងចំណោម​ខ្មាំងសត្រូវ​ធំ​បំផុត​របស់​ក្តី​សង្ឃឹម។ ការ​រំឭក​អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ ជា​កិច្ចការ​ដ៏​ប្រសើរ។ សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​សុទ្ធតែ​បាន​មានប្រសាសន៍​ថា ពួក​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ ក៏ដោយ​សារ​មូលហេតុ​នេះ​ផង​ដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។

ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ជំនួយ​សំខាន់​​ជាងគេ ក្នុង​ការ​រំឭក​យើង នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការ​នេះ​មិន​មានន័យថា អ្នក​គួរតែ​ចាំ​ទទួលការ​រំឭក​ជានិច្ច​នោះ​ឡើយ។ អ្នកមាន​ការទទួលខុសត្រូវ នៅក្នុង​ការ​រំឭក​ខ្លួនឯង។ ហើយ​មនុស្ស​ទីមួយ ដែល​ត្រូវការ​ការ​រំឭក​ពី​អ្នក គឺជា​ខ្លួន​អ្នក។

គំនិត​របស់​មនុស្ស​មានអំណាច​ដ៏​អស្ចារ្យ ដែល​អាច​និយាយ​មកកាន់​ខ្លួនឯង ដោយ​ប្រើការ​រំឭក។ គំនិត​របស់​យើង​អាច​នឹក​ចាំ គឺ​ដូច​មាន​សេចក្តី​ចែងថា "តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​" (បរិទេវ ៣:២១-២២)។

បើ​យើង​មិន​រំឭក​ខ្លួនឯង អំពីអ្វី​ដែល​ព្រះ​មាន​បន្ទូល អំពី​អង្គ​ទ្រង់ និង​អំពី​យើង នោះ​យើង​នឹង​មាន​ភាព​ខ្សោះ​ល្វើយ។ ខ្ញុំ​បានដឹង​អំពី​បញ្ហា​នេះ តាមរយៈ​បទពិសោធន៍​ដ៏​ឈឺចាប់។ ចូរ​យើង​កុំ​ជាប់ផុង​នៅក្នុង​ភក់​ដ៏​ជ្រៅ នៃ​ពាក្យ​សម្ដី​ទាស់​ប្រឆាំង​នឹង​ព្រះ ដែល​ជាប់​ក្នុង​ខួរក្បាល​របស់​យើង។ គឺ​ពាក្យ​សម្ដី​ដែល​មាន​ដូចជា "ខ្ញុំ​មិន​អាច​…" "នាង​នឹង​មិន​…" "​ពួក​គេ​មិនដែល​…" "វា​មិនដែល​អាច​ទៅរួច​…" ជាដើម។

ត្រង់​ចំណុច​នេះ ខ្ញុំ​មិន​ចង់និយាយ​ថា ពាក្យ​សម្ដី​ទាំងនោះ​ពិត​ឬ​អត់​នោះ​ទេ។ គំនិត​របស់​អ្នក​នឹង​តែងតែ​ស្វែងរក​វិធី​ធ្វើឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ក្លាយ​ពាក្យពិត ទាល់តែ​អ្នក "នឹក​ចាំ​" អំពី​សេចក្តី​អ្វី​ដែល​ធំ​ប្រសើរ​ជាង​នេះ។ ព្រះ​ទ្រង់​ជា​ព្រះ​នៃ​ភាព​មិន​អាច​ធ្វើ​ទៅរួច។ ការ​លើក​ហេតុផល ដើម្បី​ដោះខ្លួន​អ្នក​ចេញពី​ស្ថានភាព​ដែល​អ្នក​មិន​អាច​ធ្វើ​ទៅរួច គឺ​មិន​មាន​ប្រសិទ្ធភាព ដូច​ការ​រំឭក​ខ្លួនឯង​ថា ព្រះ​ទ្រង់​បាន​ធ្វើអ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើកើត។

យើង​នឹង​លិចលង់​ទៅ​ក្នុង​គំនិត​អវិជ្ជមាន​ដ៏​ល្ងង់ខ្លៅ បើសិនជា​យើង​មិនបាន​រំឭក​ខ្លួនឯង អំពី​ភាព​ធំ​ប្រសើរ ព្រះគុណ អំណាច​ចេស្ដា និង​ប្រាជ្ញា​របស់​ព្រះ​ទេ​នោះ។ "នោះ​ទូលបង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់ខ្លៅ គឺ​ទូលបង្គំ​ដូចជា​សត្វតិរច្ឆាន​នៅ​ចំពោះ​ទ្រង់​"(ទំនុកដំកើង ៧៣:២២)។

ការ​ងាក​ចេញ​ដ៏​ប្រសើរ ចេញពី​ភាព​អស់សង្ឃឹម ទៅ​រក​ក្តី​សង្ឃឹម គឺ​មាននៅ​ក្នុង​បទ​គម្ពីរ ទំនុកដំកើង ជំពូក៧៧ ដែល​បាន​ចែងថា "ទូលបង្គំ​នឹង​រឭក​ពី​អស់ទាំង​ការ​នៃ​ព្រះយេហូវ៉ា ដ្បិត​ទូលបង្គំ​នឹកឃើញ​អស់ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាលពីដើម ទូលបង្គំ​នឹង​រំពឹងគិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំងប៉ុន្មាន​"(ទំនុកដំកើង ៧៧:១១-១២)។

នេះ​ជា​សង្គ្រាម​ដ៏​ធំ ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​ជឿ​ថា អ្នក​ក៏​មាន​សង្គ្រាម​នេះ​ដែរ។ គឺ​សង្គ្រាម​នៃ​ការ​រំឭក​ខ្លួនឯង! និង​អ្នកដទៃ។

ប្រភេទ