ប្រើ​អ្វី​ក៏ដោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន

និក្ខមនំ ៤:១-៥

នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង?”។ និក្ខមនំ ៤:២

អាគារ​សាលា​ក្រុង នៅ​ទីក្រុង​ប្រ៊ីសបេន ប្រទេស​អូស្ត្រាលី ត្រូវ​បាន​សាង​សង់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០​។ គេ​ធ្វើ​កាំ​ជណ្តើរ​របស់​អគារ​នោះ ពី​ថ្ម​ម៉ាប​ដ៏​ប្រណិត ដែល​មាន​ប្រភព​នៅ​ក្នុង​កន្លែង​យក​ថ្ម ដែល​លោក​ម៉ៃឃលអេនជេឡូ(Michelangelo) បាន​ប្រើ​ប្រាស់ ក្នុង​ការ​ឆ្លាក់​រូប​ចម្លាក់​ស្តេច​ដាវីឌ​។ ប៉ម​របស់​សាលា​ក្រុង​នោះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះវិហារ​ធំ នៅ​ទីក្រុង​វេនីស ប្រទេស​អ៊ីតាលី ដែល​មាន​ដំបូង​ធ្វើ​ពី​ទង់ដែង​ធំ​បំផុត ក្នុង​តំបន់​ខាង​ត្បូង​នៃ​ផែនដី​។ ពួក​អ្នក​សាង​សង់​ចង់​សាងសង់​រូប​ចម្លាក់​តំណាង​ឲ្យ​សន្តិភាព ដើម្បី​តុប​តែង​កំពូល​ប៉ម តែ​ពួកគេ​មិន​មាន​ថវិកា​​សម្រាប់​ការសាងសង់​។ កាល​នោះ លោក​ហ្វ្រេត ចនសិន(Fred Johnson) ជា​ជាង​ត​បណ្តេញ​ទឹក ក៏​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​។ គាត់​បាន​ប្រើ​ធុង​ទឹក​បង្គន់ បង្គោល​ភ្លើង​ចាស់​មួយ​ដើម និង​កំទេច​ដែក​តូចៗ មក​កែ​ឆ្នៃ​ធ្វើ​រូប​ដុំ​មូល ប្រៀប​ដូចជា​មកុដ​នៅ​លើ​កំពូល​ប៉ម​នោះ អស់​រយៈ​ពេល​ជាង១រយ​ឆ្នាំ​ហើយ​។

ការ​ដែល​លោក​ហ្វ្រេដ ចនសិន​បាន​ប្រើ​របស់​អ្វី​ដែល​គាត់​មាន ដើម្បី​សម្រេច​កិច្ចការ​ដ៏​សំខាន់​នោះ គឺ​បាន​រំឭក​យើង​ថា យើង​ក៏​អាច​ចូល​រួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ប្រើ​ការ​អ្វី​ដែល​យើង​មាន ទោះ​តូច​ឬ​ធំ​ក្តី​។ កាល​ព្រះអង្គ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ លោក​ម៉ូសេ​បាន​ប្រកែក​ថា “មើល គេ​នឹង​មិន​ជឿ​ទូល​បង្គំ ឬ​ស្តាប់​តាម​ទូល​បង្គំ​ទេ”(៤:១)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ដ៏​សាមញ្ញ​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ?”(ខ.២) លោក​ម៉ូសេ​កំពុង​កាន់​ដំបង ជា​ឈើ​ធម្ម​តា​មួយ​ដើម​។ ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ឲ្យ​បោះ​ដំបង​នោះ​ទៅ​លើ​ដី ហើយ​វា​ក៏បាន​ក្លាយ​ជា​សត្វ​ពស់(ខ.៣)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​រើស​ពស់​នោះ ហើយ​វា​ក៏បាន​ប្រែ​ក្លាយ​ជា​ដំបង​វិញ​។ ព្រះអម្ចាស់​ក៏​បាន​ពន្យល់​ថា ការ​អ្វី​ដែល​លោក​ម៉ូសេ​ត្រូវ​ធ្វើ គឺ​ត្រូវ​កាន់​ដំបង​នោះ ហើយ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​សម្រេច​កិច្ចការ​ដែល​ព្រះអង្គ​ឲ្យ​គាត់​ធ្វើ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គឺ​ព្រះអង្គ​បាន​ប្រើ​ដំបង​ក្នុង​ដៃ​របស់​លោក​ម៉ូសេ ដើម្បី​សង្រ្គោះ​ជនជាតិ​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​ការ​កៀប​សង្កត់​របស់​ជនជាតិ​អេស៊ីព្ទ(៧:១០-១២ ១៧:៥-៧)។

អ្វី​ដែល​យើង​មាន ប្រហែល​ហាក់​ដូចជា​មិន​ច្រើន សម្រាប់​យើង​ទេ ប៉ុន្តែ អ្វី​ដែល​យើង​មាន សុទ្ធតែ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ព្រះអង្គ​ប្រើ​។ ព្រះ​អង្គ​ទទួលយក​ធនធាន​ដ៏​សាមញ្ញ​របស់​យើង ហើយ​ប្រើ​ពួកវា ដើម្បី​សម្រេច​កិច្ចការ​ព្រះអង្គ​។—Winn Collier

តើមាន​កិច្ចការ​ដ៏​តូច​អ្វី​ខ្លះ ដែល​អ្នក​អាច​ធ្វើ ថ្វាយ​ព្រះអង្គ? ហេតុ​អ្វី​អ្នក​ចាំបាច់​ត្រូវ​ចាត់​ទុក​ចិត្ត​ថា ព្រះអង្គ​អាច​ប្រើ​វា ដើម្បី​សម្រេច​ផែនការ​ព្រះអង្គ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​ទូល​បង្គំ​មាន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៥-៧ និង ម៉ាកុស ១១:១-១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles