អំពាវនាវ​ដល់​ព្រះអង្គ ក្នុង​ទុក្ខ​​​វេទនា

ទំនុក​ដំកើង ១១៨:១-៩

ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅទី​ធំ​ទូលាយ​។ ទំនុក​ដំកើង ១១៨:៥

កាល​ក្មេង​ស្រី​ជនជាតិ​ស៊ីរី ឈ្មោះ ជីណាន(Jinan) កំពុង​ជាប់​ខ្លួន នៅ​ក្រោម​អគារ​ពីរ​ជាន់ ដែល​បាន​ដួល​រលំ ដោយសារ​គ្រោះ​រញ្ជួយ​ដី នាង​ក៏​បាន​ស្រែកហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រើ​ខ្លួន​នាង ជា​ខែល​ការពារ​ប្អូន​ប្រុស​របស់​នាង ឲ្យ​រួច​ផុត​ពី​កំទេច​ថ្ម​ដែល​ធ្លាក់​នៅ​ជុំ​វិញ​ពួកគេ​។ នាង​ក៏​បាន​ស្រែកហៅ​គេ ដោយ​សម្លេង​ដ៏​សង្វេគ​ថា “សូម​យក​ខ្ញុំ​ចេញពី​កន្លែង​នេះ​។ ទោះ​អ្នក​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ក៏​ខ្ញុំ​ព្រម​ដែរ​។ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក”។

ការ​ស្រែក​សូម​ឲ្យ​ព្រះ​អម្ចាស់​ជួយ ក្នុង​សេចក្តី​វេទនា គឺជា​រឿង​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​ទាំងមូល ដែល​មាន​ដូចជា : “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ”(១១៨:៥)។ យើង​ប្រហែល​មិន​ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ជាប់​ខ្លួន​ក្នុង​អគារ​ដែល​បាក់​ស្រុត ដោយសារ​គ្រោះ​រញ្ជួយ​ដី​ទេ តែ​យើង​រាល់​គ្នា​សុទ្ធតែ ស្គាល់​ការ​ភ័យ​ខ្លាច ដោយសារ​ការ​ពិនិត្យ​សុខ​ភាព​ឃើញ​មាន​ជំងឺ ទុក្ខ​លំបាក​ផ្នែក​សេដ្ឋកិច្ច ភាព​មិន​ច្បាស់​លាស់​នៃ​ពេល​អនាគត ឬ​ការ​បាត់បង់​ទំនាក់​ទំនងជា​ដើម​។

ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​រំដោះ​យើង​។ ប៉ុន្តែ ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​យើង​បញ្ចុះ​បញ្ចូល​ព្រះអង្គ ឲ្យ​ជួយ​យើង​នោះ​ទេ​។ ព្រះអង្គ​បាន​សន្យា​ថា​នឹង​ឆ្លើយតប ហើយ​ទោះ​ព្រះអង្គ​មិន​រំដោះ​យើង​ឲ្យ​រួចពី​ស្ថានភាព​ដ៏​លំបាក​របស់​យើង​ភ្លាមៗ​ក៏ដោយ ក៏​ព្រះអង្គ​នៅ​តែ​គង់នៅ​ជាមួយ​យើង ហើយ​កាន់​ខាង​យើង​។ ហើយ​យើង​ក៏​មិន​ចាំបាច់​ត្រូវ​ខ្លាច​គ្រោះ​ថ្នាក់​ណាមួយ ដែល​រាប់​បញ្ចូល​ទាំង​សេចក្តី​ស្លាប់​ផង​ដែរ។ យើង​អាច​ពោល​ឡើង ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជាមួយនឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ ដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ តាម​បំណង​ចិត្ត​ខ្ញុំ”(ខ.៧)។

ព្រះអង្គ​មិន​បាន​សន្យា​ថា យើង​នឹង​​រួចពី​គ្រោះ​ថ្នាក់​ភ្លាមៗ ដូច​ជីណាន និង​ប្អូន​ប្រុស​របស់​នាង​ឡើយ តែ​យើង​អាច​ទុកចិត្ត​ព្រះ​ដ៏​ស្មោះ​ត្រង់​របស់​យើង ដែល​បាន​នាំ​អ្នក​និពន្ធ​ទំនុក​ដំកើង ទៅ​កន្លែង​ដ៏​ធំ​ទូលាយ(ខ.៥)។ ព្រះអង្គ​ជ្រាប​អំពី​ស្ថានភាព​របស់​យើង ហើយ​ព្រះអង្គ​នឹង​មិន​បោះបង់ចោល​យើង​ឡើង ទោះ​ក្នុង​សេចក្តី​ស្លាប់​ក៏ដោយ​។—Matt Lucas

តើ​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ ពេល​អ្នក​ជួប​ទុក្ខ​វេទនា? តើ​អ្នក​បាន​ឃើញ​ព្រះ​វត្ត​មាន​ព្រះអង្គ​ដូច​ម្តេច​ខ្លះ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​ស្រែក​រក​ព្រះអង្គ ដោយ​ដឹង​ថា ព្រះ​អង្គ​ឮ​ទូល​បង្គំ​។ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​មាន​ព្រះទ័យ​ស្មោះ​ត្រង់ និង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២០-២២ និង ម៉ាកុស ១៣:២១-៣៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles