សាស្តា ៥:៨-១៥
មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន។ សាស្តា ៥:១៣
កាលខ្យល់ព្យុះដីខ្សាច់ Dust Bowl បានបង្កវិនាសកម្ម ក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងអំឡុងសម័យមហាវិបត្តិសេដ្ឋកិច្ច លោកចន មីលបឺន ដេវីស(John Millburn Davis) ជាអ្នកក្រុងហៃវ៉ាថា រដ្ឋខេនសាស់ បានសម្រេចចិត្តធ្វើឲ្យខ្លួនឯងបានកេរ្តិ៍ឈ្មោះល្បី។ ក្នុងនាមគាត់ជាមហាសេដ្ឋីដែលគ្មានកូនសម្រាប់ស្នងមរតក លោកដេវីសគួរតែបរិច្ចាគទ្រព្យសម្បត្តិគាត់ទៅកាន់អង្គការមនុស្សធម៌ ឬការអភិវឌ្ឍន៍សេដ្ឋកិច្ច។ តែផ្ទុយទៅវិញ គាត់បានខ្ជះខ្ជាយប្រាក់ជាច្រើន ក្នុងការសាងសង់រូបចម្លាក់របស់គាត់ និងភរិយារបស់គាត់ដែលបានលាចាកលោក ដាក់តាំងនៅក្នុងវិមានបញ្ចុះសពក្នុងតំបន់ដែលគាត់រស់នៅទៅវិញ។
លោកដេវីសក៏បានប្រាប់ អ្នកស្រីអឺនី ផាល(Ernie Pyle) ដែលជាអ្នកកាសែតថា ប្រជាជននៅរដ្ឋខេនសាស់ស្អប់គាត់។ ប្រជាជនក្នុងតំបន់ចង់ឲ្យគាត់ធ្វើការសាងសង់ហេដ្ឋារចនាសម្ពន្ធសាធារណៈ ដែលមានដូចជាមន្ទីរពេទ្យ កន្លែងហែលទឹក ឬសួនច្បារជាដើម។ តែគាត់គ្រាន់តែនិយាយប្រាប់ពួកគេថា “វាជាលុយរបស់ខ្ញុំ ខ្ញុំចង់យកវាទៅធ្វើអ្វី ស្រេចតែខ្ញុំ”។
ស្តេចសាឡូម៉ូន ជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ក្នុងសម័យទ្រង់។ ទ្រង់បានបង្រៀនថា “អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ …កាលណារបស់ទ្រព្យបានចំរើនឡើង នោះពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ”(សាស្តា ៥:១០-១១)។ ត្រង់ចំណុចនេះ ស្តេចសាឡូម៉ូនមានការយល់ដឹងយ៉ាងច្បាស់ អំពីភាពពុកផុយនៃទ្រព្យសម្បត្តិ។
សាវ័កប៉ុលក៏បានយល់អំពីការល្បួងនៃទ្រព្យសម្បត្តិ ហើយបានសម្រេចចិត្តលះបង់ជីវិតគាត់ នៅក្នុងការស្តាប់បង្គាប់ព្រះយេស៊ូវ។ កាលគាត់កំពុងរង់ចាំការកាត់ទោសប្រហារជីវិត ក្នុងគុកមួយនៅទីក្រុងរ៉ូម គាត់បានសរសេរអំពីជ័យជម្នះខាងវិញ្ញាណយ៉ាងដូចនេះថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ … ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ”(២ធីម៉ូថេ ៤:៦-៧)។
របស់អ្វីដែលស្ថិតស្ថេរមិនមែនជាថ្មដែលយើងឆ្លាក់សម្រាប់ខ្លួនឯង ឬទ្រព្យសម្បត្តិដែលយើងប្រមូលទុកសម្រាប់ខ្លួនយើងនោះទេ។ វាជាអ្វីដែលយើងបានចែករំលែក ដោយសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះអង្គ ជាព្រះដែលបានបង្រៀនយើងអំពីរបៀបស្រឡាញ់។—Tim Gustafson
តើអ្នកដទៃនឹងនឹកចាំអំពីអ្នក ដោយសារកត្តាអ្វីខ្លះ? តើអ្នកត្រូវមានការផ្លាស់ប្តូរអ្វីខ្លះ ខណៈពេលដែលអ្នកពិចារណាអំពីកេរដំណែលដ៏អស់កល្បជានិច្ច?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យចាក់បង្ហូរជីវិតទូលបង្គំចេញ តាមមធ្យោបាយដ៏តូចមួយ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៦-២៧ និង ម៉ាកុស ១៤:២៧-៥៣