យុថ្កា​នៃ​ក្តី​អំណរ

អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ម៉ាថាយ ៥:១១

កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ។ លូកា ១០:២០

ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​អាថ៌កំបាំង ដែល​ការពារ​សុភមង្គល​របស់​យើង ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​​សេចក្តីទុក្ខ និង​ភាព​ជោគជ័យ។ អាថ៌កំបាំង​នោះ​គឺ ៖ យើង​នឹង​ទទួល​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​នគរ​ស្ថានសួគ៌។ ជា​សរុប រង្វាន់​នោះ​គឺជា​ការ​អរសប្បាយ​នឹង​សិរីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ(យ៉ូហាន ១៧:២៤)។

ព្រះយេស៊ូវ​ការ​ពារ​សុភមង្គល​យើង ឲ្យ​រួចផុត​ពី​ទុក្ខវេទនា គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា ៖

“អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏បាន​ធ្វើទុក្ខ​ដល់​ពួក​ហោរា ដែល​នៅមុន​អ្នករាល់គ្នា បែប​ដូច្នោះ​ដែរ​” (ម៉ាថាយ ៥:១១-១២)។

រង្វាន់​ដ៏​ប្រសើរ​លើសលប់​ដែល​យើង​នឹង​ទទួល​នៅ​ស្ថានសួគ៌ ជួយ​ឲ្យ​យើង​នៅតែ​មាន​អំណរ នៅពេល​ដែលគេ​ធ្វើទុក្ខ និង​បៀតបៀន​មក​លើ​យើង។

ព្រះអង្គ​ក៏​ការពារ​ក្តី​អំណរ​របស់​យើង ឲ្យ​រួចផុត​ពី​ផលវិបាក​នៃ​ជ័យជម្នះ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា

“កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ​” (លូកា ១០:២០)។

ត្រង់​ចំណុច​នេះ ពួក​សាវ័ក​បាន​ជួប​ការ​ល្បួង ឲ្យ​អរ​សប្បាយ ចំពោះ​ជោគជ័យ​នៃ​ការងារ​បម្រើ​ព្រះ។ “ព្រះអម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះចូល​ចំពោះ​យើង​រាល់គ្នា ដោយ​ព្រះនាម​ទ្រង់​ដែរ “(លូកា ១០:១៧)។ តែ​ការ​នេះ​បាន​កាត់​ផ្តាច់​ក្តី​អំណរ​របស់​ពួក​គេ ចេញ​ពី​យុថ្កា​ដ៏​រឹង​មាំ​តែមួយ​គត់​នៃ​ក្តី​អំណរ។

ដូចនេះ ព្រះយេស៊ូវ​ការ​ពារ​ក្តី​អំណរ​របស់​ពួក​គេ ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​ជោគជ័យ ដោយ​ព្រះ​អង្គ​សន្យា​ថា យើង​នឹង​ទទួល​រង្វាន់​ធំ​ជាង​នោះ​ទៀត នៅ​ស្ថានសួគ៌។ ចូរ​យើង​អរ​សប្បាយ ព្រោះ​ឈ្មោះ​យើង បាន​កត់ទុក​នៅ​ស្ថានសួគ៌​ហើយ។ មរតក​របស់​អ្នក​គ្មាន​ដែន​កំណត់ មាន​ភាព​អស់​កល្ប​ជានិច្ច និង​ពិតប្រាកដ។

ក្តី​អំណរ​របស់​យើង​មាន​សុវត្ថិភាព។ គ្មាន​ទុក្ខវេទនា ឬ​ផល​វិបាក​នៃ​ជោគជ័យ​ណា ដែល​អាច​បំផ្លាញ​យុថ្កា​របស់​វា​ឡើយ។ អ្នកមាន​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​ស្ថានសួគ៌។ ឈ្មោះ​អ្នក​បាន​កត់ទុក​នៅ​ទីនោះ​ហើយ។ វា​នឹង​មិន​រលប់​បាត់​ទៅ​ណា​ឡើយ។

ព្រះយេស៊ូវ​បាន​បោះយុថ្កា​នៃ​សុភមង្គល​របស់​ពួក​បរិសុទ្ធ​ដែល​រងទុក្ខ ឲ្យ​ជាប់​នៅក្នុង​រង្វាន់​នៅ​ស្ថានសួគ៌។ ហើយ​ព្រះអង្គ​ក៏​បោះយុថ្កា​នៃ​សុភមង្គល​របស់​ពួក​បរិសុទ្ធ​ដែល​មានជ័យ​ជម្នះ យ៉ាង​ដូច​នេះ​ផង​ដែរ។

ហេតុនេះ​ហើយ ព្រះអង្គ​ក៏បាន​រំដោះ​យើង ឲ្យ​រួចផុត​ពី​ភាព​ផ្តាច់​ការ​នៃ​ការឈឺចាប់ និង​ការ​សប្បាយ​របស់​លោកិយ ដែល​ជា​ទុក្ខវេទនា និង​ជោគជ័យ​របស់​លោកិយ។

More articles