ព្រះអង្គ​ជា​ព្រះ​ដ៏​ជា​ព្រះ

និក្ខមនំ ៣:១១-១៥

ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»។ និក្ខមនំ ៣:១៤

លោក​ជែក(Jack) ជា​សាស្ត្រាចារ្យ​ទស្សន​វិជ្ជា និង​អក្សរ​សាស្រ្ត ដែល​មាន​កំរិត​បញ្ញា​ខ្ពស់​។ កាល​គាត់​មាន​អាយុ​១៥​ឆ្នាំ គាត់​បាន​ប្រកាស​ថា គាត់​ជា​មនុស្ស​ដែល​មិន​ជឿ​ថា​ព្រះ​មាន​ពិតមែន។​ ​ពេល​គាត់​ពេញវ័យ គាត់​មាន​ការ​ការពារ​យ៉ាង​មុតមាំ សម្រាប់ “ជំនឿ​នៃ​មនុស្ស​ដែល​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន”។ មិត្ត​ភក្តិ​ជា​គ្រីស្ទបរិស័ទ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​។ លោក​ជែក​ក៏​បាន​និយាយ​ថា “មនុស្ស​គ្រប់​គ្នា និង​អ្វីៗ​ទាំង​អស់​សុទ្ធតែ​មាន​ជំនឿ​ខុសពី​គាត់”។ ប៉ុន្តែ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរប៊ីប​មាន​លក្ខណៈ​ខុសពី​ស្នាដៃ​អក្សរ​សាស្រ្ត និង​រឿង​ទេវកថា​ផ្សេង​ទៀត​។ ក្នុង​សំណេរ​របស់​គាត់​អំពី​ដំណឹង​ល្អ គាត់​បាន​និយាយ​ថា “បើសិន​ជា​មាន​រឿង​ទេវកថា​ណា​មួយ ​ប្រែ​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​មាន​លក្ខណៈ​ដូច​ព្រះ​គម្ពីរប៊ីប”។

មាន​បទ​គម្ពីរ​មួយ ដែល​មាន​ឥទ្ធិពល​បំផុត​មក​លើ​លោក​ជែក គឺ​និក្ខមនំ ជំពូក៣ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​កំពុង​ត្រាស់ហៅ​លោក​ម៉ូសេ ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ​។ លោក​ម៉ូសេ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ទូល​បង្គំ​ជា​អ្វី ដែល​ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​ឯ​ផារ៉ោន?”(ខ.១១)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយ​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.‌១៤)។ ខ​គម្ពីរ​នេះ​បាន​បង្កប់​អត្ថន័យ​ដ៏​ស្មុគស្មាញ នៅ​ក្នុង​ពាក្យ និង​ព្រះ​នាម​របស់​ព្រះ តែ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ ចាប់​តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នៅ​សម័យ​ក្រោយមក ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ដូច​នេះ អំពី​អង្គ​ទ្រង់​ផង​ដែរ​ថា “មុន​ដែល​លោក​អ័ប្រាហាំ​កើតមក នោះ​មាន​ខ្ញុំ​ហើយ”(យ៉ូហាន ៨:៥៨)។

លោក​ជែក ដែល​មាន​ឈ្មោះ​ពេញ​ថា ស៊ី អេស លូ​អ៊ីស(C. S. Lewis) មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ខ​គម្ពីរ​នេះ​។ នេះ​ជា​ពាក្យ ដែល​ព្រះ​ពិត​គួរតែ​​មាន​បន្ទូល គឺ​គ្រាន់តែ​មាន​បន្ទូល​ថា ព្រះអង្គ​ជា​ព្រះ​ដ៏​ជា​ព្រះ​។ ក្នុង​ពេល​ដែល​ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្រែ លោក​លូអ៊ីស​ក៏បាន​ចុះ​ចូល​នឹង​បំណង​ព្រះទ័យ​ព្រះអង្គ ហើយ​ទទួល​ស្គាល់​ថា ព្រះអង្គ​ជា​ព្រះ​។ នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​លូអ៊ីស ឆ្ពោះ​ទៅ​រក​ការ​ទទួល​ជឿ​ព្រះយេស៊ូវ​។

យើង​ប្រហែល​ជា​ពិបាក​ទទួល​ជឿ​ព្រះ ដូច​លោក​លូអ៊ីស​ផង​ដែរ ឬ​ប្រហែល​ជា​មាន​ជំនឿ​ដែល​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់​។ យើង​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា តើ​ព្រះអង្គ​គឺជា​ព្រះ​ពិត ក្នុង​ជីវិត​យើង​មែនឬ?—Kenneth Petersen

តើ​អ្នក​មាន​ការ​យល់​ឃើញ​យ៉ាងណា ពេល​បាន​ឃើញ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ព្រះអង្គ​ជា​ព្រះ​ដ៏​ជា​ព្រះ? តើ​ការ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាងណា​ខ្លះ មក​លើ​ការ​រស់នៅ​របស់​អ្នក​នៅ​ថ្ងៃ​ក្រោយ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​ចូល​មក​រក​ព្រះអង្គ ដោយ​ការ​ស្ញែង​ខ្លាច ពេល​បាន​ដឹង​ថា ព្រះអង្គ​ជា​នរណា​។ ព្រះអង្គ​ជា​ព្រះ ក្នុង​ជីវិត​ទូល​បង្គំ ហើយ​គ្មាន​នរណា​ផ្សេង​ទៀត​ដែល​ជា​ព្រះ​ឡើយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣២-៣៤ និង ម៉ាកុស ១៥:២៦-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles