ការ​ទុកចិត្ត​ដែល​នាំ​ទៅ​រក​សេចក្តី​អំណរ

ទំនុក​ដំកើង ៤០:១-៥

មាន​ព​រហើយ អ្នកណា​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីពឹង​។ ទំនុក​ដំកើង ៤០:៤

លីនដា(Linda) បាន​ជួយ​សង្រ្គោះ​សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ រូឌី(Rudy) ដើម្បី​កុំ​ឲ្យ​គេ​ចាក់​ថ្នាំ​សម្លាប់​វា នៅ​កន្លែង​សង្គ្រោះ​សត្វ​ចិញ្ចឹម ហើយ​សត្វ​ឆ្កែ​នោះ​ក៏បាន​រស់នៅ​ជាមួយ​នាង​ជា​រៀង​រហូត​។ រូឌី​តែងតែ​ដេក​នៅ​ក្បែរ​គ្រែ​គេង​របស់​លីនដា យ៉ាង​ស្ងាត់​ស្ងៀម​អស់ អស់​រយៈ​ពេល១០ឆ្នាំ ប៉ុន្តែ ក្រោយមក វា​ស្រាប់តែ​ចាប់​ផ្តើម​លោត​ឡើង​ទៅ​អង្គុយ​ក្បែរ​នាង ហើយ​លិត​មុខ​នាង​។ លីនដា​ក៏បាន​ស្តី​បន្ទោស​ឲ្យ​វា តែ​ជា​រៀង​រាល់​ថ្ងៃ រូឌី​នៅតែ​មាន​អាកប្ប​កិរិយា​ដូច​នេះ​។ លីនដា​ក៏​បាន​និយាយ​ថា “វា​តែង​តែ​លោត​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ ហើយ​លិត​មុខ​ខ្ញុំ រៀង​រាល់​ពេល​ខ្ញុំ​អង្គុយ​ចុះ”។

ខណៈ​ពេល​ដែល​លីដា​មាន​គម្រោង​យករូឌី​ទៅ​សាលា​បង្រៀន​ឆ្កែ​ឲ្យ​ស្តាប់​បង្គាប់​ម្ចាស់ នាង​ក៏បាន​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វីរូឌី​តែង​តែ​លិត​មុខ​នាង នៅ​ត្រង់​ចំណុច​តែ​មួយ នៅ​ត្រង់​ថ្គាម​របស់​នាង​។ លីន​ដា​ក៏​មាន​ការ​សង្ស័យ ហើយក៏​បាន​ទៅ​ជួប​ពេទ្យ​។ ពេទ្យ​ក៏​បាន​រក​ឃើញថា នាង​មាន​ដុំ​សាច់​តូច​ល្អិត​នៅ​ក្នុង​ឆ្អឹង​ថ្គាម​របស់​នាង ដែល​ជា​មហារីក​ឆ្អឹង​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ថា បើសិន​ជា​មិន​បាន​មក​ពិនិត្យ​ឲ្យ​ទាន់​ពេល​វេលា​ទេ នាង​មុខជា​ស្លាប់​មិនខាន​។ លីនដា​បាន​ទុក​ចិត្ត​លើ​សភាវគតិ​របស់​រូឌី ហើយ​នាង​មាន​ការ​សប្បាយ​ចិត្ត ដែល​ការ​ទុកចិត្ត​នេះ​បាន​ជួយ​ឲ្យ​នាង​រួច​ផុត​ពី​សេចក្តី​ស្លាប់​។

ការ​ទុកចិត្ត​ដ៏​ត្រឹម​ត្រូវ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ជា​ញឹក​ញាប់​ថា មាន​តែ​ព្រះ​ទេ ដែល​យើង​អាច​ទុកចិត្ត​បាន​ទាំងស្រុង ដោយ​គ្មាន​ការសង្ស័យ ហើយ​ការ​ទុកចិត្ត​ព្រះអង្គ​ថែមទាំង​នាំ​ទៅ​រក​ជីវិត និង​ក្តី​អំណរ​។ គឺ​ដូច​បទ​គម្ពីរ​ទំនុក​ដំកើង ៤០:៤ បាន​ចែងថា “មាន​ព​រហើយ អ្នកណា​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីពឹង”។ ពាក្យ​មាន​ពរ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង គឺ​មាន​អត្ថន័យ​សំដៅ​ទៅ​លើ​ក្តី​អំណរ​ដ៏​ពោរ​ពេញ ដែល​កើត​មាន​ភ្លាមៗ និង​មាន​ភាព​ស្កប់​ស្កល់​។

ពេលណា​យើង​ទុកចិត្ត​ព្រះអង្គ យើង​នឹង​ទទួល​បាន​ព្រះពរ ដែល​ជា​សុភមង្គល​ដ៏​ជ្រាល​ជ្រៅ និង​ពិត​ប្រាកដ​។ យើង​ប្រហែល​ពិបាក​ទុកចិត្ត​ព្រះអង្គ​នៅពេល​ខ្លះ ហើយ​លទ្ធផល​ដែល​យើង​ទទួល​បាន​ក៏​មិនមែន​ជា​អ្វី​ដែល​យើង​បាន​នឹក​ស្មាន​ដែរ​។ ប៉ុន្តែ បើ​យើង​ទុកចិត្ត​ព្រះអង្គ យើង​នឹង​ក្លាយ​ជា​មនុស្ស​មាន​ពរ​ពិត​។—Winn Collier

តើមាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទុកចិត្ត​ព្រះ? តើ​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដូច​ម្តេច​ខ្លះ ពេល​ដែល​អ្នក​ពិត​ជា​ជឿ​ថា ការ​ទុកចិត្ត​ព្រះអង្គ​នាំ​ឲ្យ​អ្នក​មាន​ក្តី​អំណរ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​ចង់​បាន​សុភមង្គល ដែល​មានតែ​ព្រះអង្គ​ទេ​ដែល​អាច​ប្រទាន​ឲ្យ​បាន​។ តែ​ទូល​បង្គំ​ពិបាក​ទុកចិត្ត​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៤-៦ និង លូកា ១:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles