ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​របស់​អ្នក

ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺជា​សាសន៍​ដទៃ​ទេតើ ដែល​ខំ​ស្វែងរក​របស់​ទាំងនោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ។ ម៉ាថាយ ៦:៣១-៣២

ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​អ្នកដើរតាម​ព្រះអង្គ រួចផុត​ពី​ការ​ព្រួយបារម្ភ។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:២៥-៣៤ ព្រះអង្គ​បាន​លើក​ឧទាហរណ៍៧យ៉ាង ដើម្បី​ដក​ការ​ថប់បារម្ភ​របស់​យើង​ចេញ។ ក្នុងចំណោម​ឧទាហរណ៍​ទាំងនោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​អំពី​អាហារ ភេសជ្ជៈ និង​សំលៀកបំពាក់ ហើយ​បន្ទាប់មក ព្រះអង្គ​មាន​បន្ទូល​ថា “ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ​”(ម៉ាថាយ ៦:៣២)។

ព្រះបន្ទូល​ព្រះយេស៊ូវ​ប្រាកដ​ជា​មាន​ន័យ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​តម្រូវការ​យើង ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​ក៏​សព្វព្រះទ័យ​នឹង​បំពេញ​តម្រូវការ​យើង​ផង​ដែរ។ ព្រះអង្គ​មាន​បន្ទូល​សង្កត់ធ្ងន់​ថា យើង​មាន​ព្រះវរបិតា។ ហើយ​ព្រះវរបិតា​ល្អ​ប្រសើរ​ជាង​ឪពុក​ទាំងអស់​នៅ​ផែនដី។

ខ្ញុំ​មាន​កូន​៥នាក់។ ខ្ញុំ​ចូលចិត្ត​បំពេញ​តម្រូវការ​របស់​ពួក​គេ។ តែ​ការយល់​ដឹង​របស់ខ្ញុំ​អំពី​តម្រូវការ​របស់​ពួក​គេ គឺ​ខ្វះ​មិនដល់​ការយល់​ដឹង​របស់​ព្រះ យ៉ាង​ហោច​ណាស់​តាម​របៀប​៣​យ៉ាង។

ទី១ ពេលនេះ ខ្ញុំ​មិនដឹង​ថា កូន​របស់ខ្ញុំ​កំពុង​នៅកន្លែង​ណា​ទេ។ ខ្ញុំ​អាច​ស្មានថា ពួក​គេ​កំពុង​នៅផ្ទះ ឬនៅ​កន្លែង​ធ្វើការ ឬនៅ​សាលារៀន ដោយ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព។ តែ​ពួក​គេ​ប្រហែល​កំពុងតែ​ដេកដួល​នៅ​លើ​ចិញ្ចើម​ថ្នល់ ដោយសារ​គាំងបេះដូង​ក៏​មិនដឹង។

ទី២ ខ្ញុំ​មិនដឹង​ថា ពួក​គេ​កំពុងតែ​គិត​អ្វីខ្លះ នៅក្នុង​ចិត្ត នៅពេល​ណាមួយ។ ខ្ញុំ​អាច​ស្មាន ពី​ពេល​មួយ​ទៅ​ពេល​មួយទៀត។ តែ​ពួក​គេ​ប្រហែល​កំពុង​មានការ​ភ័យខ្លាច ឬ​ឈឺ​ចាប់ ស្រេក​ឃ្លាន ឬ​ក៏​មាន​តម្រេក ភាព​លោភ​លន់ ឬ​មួយ​មាន​អំណរ ឬ​ក្តី​សង្ឃឹម​ជាដើម។ ខ្ញុំ​មិន​អាច​មើលចិត្ត​របស់​ពួក​គេ​ឃើញ​ទេ។ សូម្បីតែ​ពួក​គេ​ក៏​មិន​ស្គាល់ចិត្ត​ខ្លួនឯង​ច្បាស់​ដែរ។

ទី៣ ខ្ញុំ​មិនដឹង​អំពី​ពេល​អនាគត​របស់​ពួក​គេ​ទេ។ ឥឡូវនេះ ពួក​គេ​ប្រហែលជា​សុខសប្បាយ និង​មាន​ភាព​នឹងនរ។ តែ​នៅ​ថ្ងៃស្អែក ពួក​គេ​ប្រហែលជា​សោកសង្រេង​យ៉ាង​ខ្លាំង។

បាន​សេចក្តី​ថា ខ្ញុំ​មិន​អាច​ធ្វើជា​មូលហេតុ​ដ៏​រឹងមាំ ដែល​នាំឲ្យ​ពួក​គេ​ត្រូវ​ឈប់​ព្រួយបារម្ភ​នោះ​ឡើយ។ អាច​មានរឿង​ជាច្រើន​ដែល​កំពុង​កើតឡើង​ចំពោះ​ពួក​គេ នៅពេល​ឥឡូវនេះ ឬនៅ​ថ្ងៃស្អែក ដែល​ខ្ញុំ​មិនបាន​ដឹង។ តែ​ព្រះវរបិតា នៅ​ស្ថានសួគ៌ មិន​ដូច្នោះ​ទេ។ ព្រះអង្គ​ជ្រាប​អំពី​យើង គ្មាន​កន្លែង​ចន្លោះ ព្រះអង្គ​ជ្រាប​ថា យើង​នៅ​ទីណា នៅពេល​នេះ និង​ថ្ងៃ​ស្អែក ជ្រាប​ទាំង​ក្រៅ និង​ក្នុងចិត្ត​យើង​ផង។ ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​គ្រប់យ៉ាង។

ជាង​នេះ​ទៅទៀត ព្រះអង្គ​ក៏​សព្វព្រះទ័យ​នឹង​បំពេញ​តម្រូវការ​យើង។ សូម​យើង​នឹក​ចាំ​ពាក្យ “លើស​ជាង​ទៅទៀត​” ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:៣០ ដែល​ចែងថា “បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នករាល់គ្នា លើស​ជាង​ទៅទៀត​ទេ​ឬអី?”

ម្យ៉ាងទៀត ព្រះអង្គ​មាន​សមត្ថភាព​ធ្វើអ្វី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើ (ព្រះអង្គ​ចិញ្ចឹមសត្វ​បក្សី​រាប់ពាន់​លាន​ក្បាល ជា​រៀងរាល់​ម៉ោង នៅ​ទូទាំង​ពិភពលោក, ម៉ាថាយ ៦:២៦)។

ដូចនេះ ចូរ​យើង​ទុកចិត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ ដែល​សន្យា​ថា ព្រះអង្គ​នឹង​បំពេញ​តម្រូវការ​របស់​យើង។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ទុកចិត្ត​ព្រះអង្គ ដោយមាន​បន្ទូល​ថា “ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ​”។

More articles