សុភាសិត ១១:១-១១
គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ។ សុភាសិត ១១:១០
កាលប្រទេសបារាំង និងប្រទេសអាហ្សង់ទីនជួបគ្នា ក្នុងវគ្គផ្តាច់ព្រាត់នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២ ទស្សនិកជនបានតាមដានទស្សនាការប្រកួតដែលគួរឲ្យភ្ញាក់ផ្អើល បានជាមនុស្សជាច្រើនបានហៅការប្រកួតនេះថា “ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត”។ នៅពេលដែលវិនាទីចុងក្រោយបានចូលមកដល់ ក្រុមទាំងពីរទទួលបានពិន្ទុស្មើគ្នា ៣ទល់នឹង៣ ហើយក៏បានប្រកួតប៉េណាំងទី។ បន្ទាប់ពីក្រុមកីឡាករប្រទេសអាហ្សង់ទីនទទួលបានជោគជ័យក្នុងការប្រកួត ប្រជាជនអាហ្សង់ទីនទូទាំងប្រទេសក៏បានធ្វើការអបអរសាទរ។ ប្រជាជនអាហ្សង់ទីនជាង១លាននាក់ បានមកផ្តុំគ្នាយ៉ាងកកកុញ ក្នុងតំបន់ប្រជុំជននៃទីក្រុងបូនូស អ៊ែរេស។ ខ្សែវីដេអូដែលគេថតដោយប្រើឧបករណ៍ដ្រូន ត្រូវបានគេចែកចាយបន្តពេញបណ្តេញសង្គម ដោយបង្ហាញទិដ្ឋភាពដ៏អ៊ូអរ និងរីករាយនេះ។ អ្នកយកព័ត៌មានទូរទស្សន៍BBC ម្នាក់បានពិពណ៌នាថា ទីក្រុងនោះមានភាពរញ្ជួយញាប់ញ័រ ដោយសារ “បន្ទុះនៃក្តីអំណរ”។
ជានិច្ចជាកាល ក្តីអំណរគឺជាអំណោយដ៏អស្ចារ្យ។ ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរសុភាសិតបានពិពណ៌នាថា ទីក្រុង និងប្រជាជននៅទីក្រុងមួយ អាចពិសោធន៍នឹងក្តីអំណរ ដែលមានភាពជ្រាលជ្រៅជាង និងមានរយៈពេលយូរជាងការអបអរជ័យជម្នះនៃការប្រកួតបាល់ទាត់នោះទៅទៀត។ គឺដូចដែលបទគម្ពីរសុភាសិតបានចែងថា “គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ”(១១:១០)។ នៅពេលណាមនុស្សដែលពិតជារស់នៅ តាមការរៀបចំរបស់ព្រះសម្រាប់មនុស្សជាតិ ចាប់ផ្តើមមានឥទ្ធិពលល្អមកលើសហគមន៍របស់គាត់ ក្តីអំណរក៏បានចាប់ផ្តើមកើតមាន ព្រោះការនេះមានន័យថា សេចក្តីយុត្តិធម៌របស់ព្រះកំពុងតែចាក់ឫសក្នុងសង្គមរបស់ពួកគេ។ ភាពលោភលន់បានថយចុះ។ អ្នកក្ររកឃើញជំនួយ។ អ្នកដែលគេកៀបសង្កត់ទទួលបានការការពារ។ ពេលណាការរស់នៅ តាមផ្លូវដ៏ត្រឹមត្រូវរបស់ព្រះ មានភាពរីកចម្រើន ក្តីអំណរ និងព្រះពរក៏បានកើតមានក្នុងទីក្រុងនោះផងដែរ(ខ.១១)។
បើយើងពិតជារស់នៅ តាមផ្លូវរបស់ព្រះ នោះយើងនឹងនាំមកនូវក្តីអំណរដល់សហគមន៍របស់យើង។ របៀបដែលយើងរស់នៅតាមផ្លូវព្រះអង្គ នឹងជួយឲ្យសហគមន៍យើងមានភាពល្អប្រសើរឡើង និងកាន់តែមានភាពពេញលេញ។ ព្រះអម្ចាស់កំពុងត្រាស់ហៅយើង ឲ្យមានចំណែកជាមួយព្រះអង្គ ក្នុងការប្រោសលោកិយឲ្យជា។ ព្រះអង្គបានអញ្ជើញយើងឲ្យនាំមកនូវក្តីអំណរដល់ទីក្រុងរបស់យើង។—Winn Collier
តើទីក្រុងអ្នកត្រូវការក្តីអំណរ ត្រង់ផ្នែកណាខ្លះ? តើអ្នកអាចនាំមកនូវក្តីអំណររបស់ព្រះអម្ចាស់ នៅទីនោះដោយរបៀបណា?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យចូលរួមជាមួយព្រះអង្គ ក្នុងការនាំក្តីអំណរដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១០-១២ និង លូកា ៩:៣៧-៦២