អស់​ទាំង​ទួល​ព័ទ្ធ​ដោយ​សេចក្តី​អំណរ​

ទំនុក​ដំកើង ៦៥:៨-១៣

ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស​ពេញ ទី​ទាំង​នោះ​បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង​។ ទំនុក​ដំកើង ៦៥:១៣

ខ្ញុំ​បាន​និយាយ​កំប្លែង​ជា​ញឹក​ញាប់ ជាមួយ​ម្តាយ​ក្មេក​ខ្ញុំ អំពី​សមត្ថភាព​របស់​គាត់ ក្នុង​ការ​ជជែក​ជាមួយ​សត្វ​ឆ្កែ​របស់​គាត់​។ គាត់​ឆ្លើយតប​ចំពោះ​សម្លេង​ព្រូស​របស់​ពួកវា ដោយ​ការ​យល់​ចិត្ត​ ដោយ​សេចក្តី​ស្រឡាញ់​។ គាត់ និង​ម្ចាស់​ឆ្កែ​ផ្សេង​ទៀត ក៏​ប្រហែល​ជា​រៀន​ស្តាប់​សម្លេង​សើច​របស់​សត្វ​ឆ្កែ​របស់​ខ្លួន​ផង​ដែរ​។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា សត្វ​ជា​ច្រើន រួម​មាន​សត្វ​ឆ្កែ សត្វ​គោ សត្វ​កញ្ជ្រោង សត្វ​ឆ្មា​ទឹក និង​សេក សុទ្ធតែ​មាន​សំណើច ជា “សញ្ញា​នៃ​ភាព​រីករាយ ដែល​បង្ហាញ​ចេញ​ជា​សម្លេង”។ ការ​ស្គាល់​សម្លេង​ទាំង​អស់​នេះ​ច្បាស់ ជួយ​ឲ្យ​គេ​អាច​ញែក​ឲ្យ​ដាច់​រវាង​អាកប្ប​កិរិយា​រីករាយ និង​អាកប្ប​កិរិយា​កំហឹង​របស់​សត្វ ដែល​មនុស្ស​អាច​មាន​ការ​យល់​ច្រឡំ​។

ការ​ដែល​សត្វ​បង្ហាញ​ចេញ​នូវ​សំណើច និង​ភាព​សប្បាយ​រីករាយ បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​បើក​បង្ហាញ​ដ៏​រីករាយ អំពី​ការ​ដែល​ស្នា​ព្រះ​ហស្ត​ដទៃ​ទៀត​អាច​សរសើរ​ដំកើង​ព្រះ តាម​របៀប​ផ្សេងៗ​រៀង​ខ្លួន​។ ខណៈ​ពេល​ដែល​ស្តេច​ដាវីឌ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​ទ្រង់ ទ្រង់​សង្កេត​ឃើញថា “អស់​ទាំង​ទួល​ក៏​ព័ទ្ធ​ដោយ​សេចក្តី​អំណរ​ដែរ” ហើយ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស​ពេញទី​ទាំង​នោះ “បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង”(ទំនុក​ដំកើង ៦៥:១២-១៣)។ ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ទឹកដី និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ដោយ​ប្រទាន​សម្រស់ និង​អាហារ​។

ទោះ​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​យើង ហាក់​ដូចជា​មិន “ច្រៀង” ដូច​មនុស្ស​ក៏ដោយ ក៏​ពួកវា​បាន​ធ្វើ​បន្ទាល់ ចំពោះ​ព្រះ​រាជ​កិច្ច​ដ៏​សកម្ម​របស់​ព្រះអម្ចាស់ ក្នុង​ការ​បង្កើត​ពួកវា​មក ហើយ​អញ្ជើញ​យើង​ឲ្យ​លើក​សម្លេង​ឡើង ថ្វាយ​ការ​សរសើរ​ដល់​ព្រះអង្គ​។ ក្នុង​នាម​យើង​ជា​ផ្នែក​មួយ​នៃ​ផែនដី ចូរ​យើង​បាន​ពេញ​ដោយ “ភាព​ស្ញប់​ស្ញែង​ចំពោះ​ភាព​អស្ចារ្យ​របស់​ព្រះអង្គ” ហើយ​ឆ្លើយតប​ចំពោះ​ព្រះអង្គ ដោយ “បទចម្រៀង​នៃ​ក្តី​អំណរ”(ខ.៨)។ យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ស្តាប់​ឮ ហើយ​យល់​។—Kirsten Holmberg

តើ​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​យើង បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សរសើរ​ដំកើង​ព្រះ​ដូច​ម្តេច​ខ្លះ? តើ​អ្នក​បាន​ឃើញ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ សរសើរ​ដំកើង​ព្រះអង្គ​នៅ​កន្លែងណា​ទៀត?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​បន្ត​ព្រះ​រាជ​កិច្ច​របស់​ព្រះអង្គ ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៧:១៨ និង លូកា ១១:១-២៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles