ព្រះអង្គ​ជា​ភ្នាក់ងារ​នៃ​សន្តិភាព

កិច្ចការ ២១:២៧-៣២,៣៧ ២២:១-២

ព្រះ​អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះ​បន្ទូល​ថា “ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូចជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម​ដែរ”។ កិច្ចការ ២៣:១១

ណូរ៉ា(Nora) បាន​ទៅ​ចូល​រួម​បាតុ​កម្ម​អហិង្សា ព្រោះ​គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​។ បាតុកម្ម​ក៏បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្ងាត់​ស្ងៀម តាម​ការ​គ្រោង​ទុក​។ បាតុករ​បាន​ដើរ​ដង្ហែ នៅ​ក្នុង​ភាព​ស្ងាត់​ស្ងៀម​ដ៏​មាន​អំណាច កាត់​តាម​តំបន់​ប្រជុំជន ក្នុង​ទីក្រុង​។ បន្ទាប់មក ស្រាប់តែ​មាន​ឡាន​ក្រុង​ពីរ​គ្រឿង​ដឹក​ពួក​ញុះញង់​ពី​តំបន់​ខាង​ក្រៅ​ទីក្រុង មកដល់​កន្លែង​បាតុកម្ម​អហិង្សា​។ មិន​យូរ​ប៉ុន្មាន កុប្បកម្ម​ក៏បាន​ផ្ទុះ​ឡើង​ ដោយ​ភាព​វឹកវរ និង​អំពើ​ហិង្សា។ ណូរ៉ា​ក៏​បាន​ចាក​ចេញពី​បាតុកម្ម​នោះ ដោយ​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​។ បំណង​ល្អ​របស់​បាតុករ​ទាំង​នោះ​ហាក់​ដូច​ជា​គ្មានផល​ផ្លែ​ទាល់តែសោះ​។

កាល​សាវ័ក​ប៉ុល​ទៅ​ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡិម ពួក​អ្នក​ទាស់​ប្រឆាំង​គាត់​ក៏បាន​ឃើញ​គាត់​នៅ​ទីនោះ​។ ពួកគេ​គឺជា​សាសន៍​យូដា មកពី “ស្រុក​អាស៊ី”(កិច្ចការ ២១:២៧) ហើយ​បាន​ចាត់​ទុក​ព្រះយេស៊ូវ ជា​ការ​គំរាម​កំហែង​មក​លើ​​ជីវិត​របស់ពួកគេ​។ ពួកគេ​ក៏បាន​ស្រែក​ចេញ​នូវ​ពាក្យ​កុហក និង​ពាក្យ​ចចាមអារ៉ាម អំពី​សាវ័ក​ប៉ុល ហើយ​ភ្លាមៗ​នោះ ពួកគេ​ក៏បាន​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ(ខ.២៨-២៩)។ ហ្វូង​មនុស្ស​ក៏​បាន​អូស​សាវ័ក​ប៉ុល​ចេញពី​ព្រះវិហារ ហើយ​វាយដំ​គាត់​។ ពួក​ទាហាន​រត់​មក​រក​ហ្វូង​មនុស្ស​។

នៅពេល​សាវ័ក​ប៉ុល​ត្រូវ​ពួក​ទាហាន​រ៉ូម៉ាំង​ចាប់​ខ្លួន គាត់​ក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​មេទ័ព​ធំ ឲ្យ​គាត់​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស(ខ.៣៧-៣៨)។ នៅពេល​ដែល​គាត់​បាន​ទទួល​ការ​អនុញ្ញាត គាត់​ក៏បាន​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​ជា​ភាសា​របស់​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ចែក​ចាយ​របស់​គាត់(ខ.៤០)។ គាត់​ក៏​បាន​កែ​ប្រែ​កុប្បកម្ម ឲ្យ​ក្លាយ​ជា​ឱកាស​ចែកចាយ​ទី​បន្ទាល់​នៃ​សេចក្តី​សង្គ្រោះ​ដែល​គាត់​បាន​ទទួល​(២២:២-២១)។

អ្នក​ខ្លះ​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា និង​ការ​បែក​បាក់​។ ចូរ​កុំ​អស់​សង្ឃឹម​ឡើយ​។ ពួកគេ​មិន​អាច​ឈ្នះ​បានទេ​។ ព្រះ​ទ្រង់​កំពុង​ស្វែងរក​អ្នកជឿ​ដែល​មាន​ចិត្ត​ក្លាហាន ដើម្បី​ចែក​ចាយ​អំពី​ពន្លឺ និង​សន្តិភាព​របស់​ព្រះអង្គ ដល់​លោកិយ​ដែល​កំពុង​អស់​សង្ឃឹម​។ ចូរ​យើង​ប្រើ​ស្ថានភាព​ដែល​មាន​វិបត្តិ​នោះ ជា​ឱកាស ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​នរណា​ម្នាក់​។—Tim Gustafson

តើ​អ្នក​បាន​ជួប​រឿង​វិបត្តិ ដែល​អ្នក​មិន​អាច​យល់ ​នៅ​ពេលណា? តើ​អ្នក​គិតថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ប្រាជ្ញា សម្រាប់​ធ្វើ​អ្វី​ម្យ៉ាង ក្នុង​ពេល​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ចិត្ត​របស់​ទូល​បង្គំ​មាន​ការ​ឈឺ​ចាប់ ដោយសារ​លោកិយ​ដែល​ប្រេះ​បែក​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដឹង​ថា ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​ព្រះអង្គ មាន​ព្រះ​ចេស្តា​ជាង​ការ​វាយ​ប្រហារ​ណាមួយ​របស់​លោកិយ មក​លើ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៩-២១ និង លូកា ១១:២៩-៥៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles