ព្រះគុណ​ដែល​មានជ័យ​ជម្នះ​មក​លើ​ការ​ប្រឆាំង

អញ​បានឃើញ​អស់ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំមុខ​គេ​ដែរ ព្រមទាំង​កំសាន្តចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់ទុក្ខ​នឹងគេ ឲ្យបាន​ក្សាន្ត​ឡើង​ផង។ អេសាយ ៥៧:១៨

ចូរ​រៀន​គោល​លទ្ធិ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ធ្វើ​ដូចនេះ ប្រសើរ​ជាង ហើយក៏​ចម្អែត​វិញ្ញាណ​អ្នកផង​ដែរ។ ឧទាហរណ៍ ចូរ​រៀន​គោល​លទ្ធិ នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​បាន ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ។ ពេល​អ្នកធ្វើ​ដូចនេះ អ្នក​នឹង​ឃើញថា ការ​នេះ​មិន​មានន័យថា យើង​មិន​អាច​បដិសេធន៍​ព្រះគុណ​ព្រះ​នោះ​ទេ តែ​មានន័យថា ពេលណា​ព្រះ​ជ្រើសរើស​អ្នក ព្រះអង្គ​អាច ហើយនឹង​ជម្នះ​ការ​បដិសេធន៍​នោះ។

ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​អេសាយ ៥៧:១៧-១៩ ព្រះ​ទ្រង់​បាន​វាយ​ផ្ចាល​រាស្ត្រ​ដែល​បះបោរ ដោយ​ព្រះអង្គ​វាយ​ពួក​គេ ហើយ​លាក់​ព្រះ​ភ័ក្ត្រ​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​នៃ​ចិត្តលោភ​របស់​គេ អញ​បាន​គេចមុខ ហើយ​មាន​សេចក្តី​ក្រោធ តែ​គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។

ប៉ុន្តែ ពួក​គេ​មិនបាន​ឆ្លើយតប ដោយ​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ឡើយ។ ផ្ទុយទៅវិញ ពួក​គេ​បន្ត​ងាក​បែរចេញ​ពី​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។

ដូចនេះ មនុស្ស​អាច​បដិសេធន៍​មិន​ទទួល​ព្រះគុណ​ព្រះ។ តាមពិត លោក​ស្ទេផាន​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ថា “អ្នករាល់គ្នា​ចេះតែ​ទាស់​ទទឹង នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាដរាប”(កិច្ចការ ៧:៥១)។

ដូចនេះ តើ​ព្រះ​ទ្រង់​ត្រូវ​ធ្វើ​ដូចម្តេច? តើ​ព្រះអង្គ​គ្មាន​អំណាច នាំ​មនុស្ស​ទាស់​ប្រឆាំង ឲ្យ​ប្រែចិត្ត និង​មាន​ភាព​ពេញលេញ​ឡើងវិញ​ឬ? ទេ មិនមែន​ព្រះអង្គ​គ្មាន​អំណាច​នោះ​ឡើយ។ ខ​បន្ទាប់​បាន​ចែងថា “អញ​បានឃើញ​អស់ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំមុខ​គេ​ដែរ ព្រមទាំង​កំសាន្តចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់ទុក្ខ​នឹងគេ ឲ្យបាន​ក្សាន្ត​ឡើង​ផង” (អេសាយ ៥៧:១៨)។

ដូចនេះ នៅ​ចំពោះមុខនៃ​ការ​ថយ​ទៅ​រក​អំពើបាប ដោយ​គ្មាន​ការ​ចុះចូល ប្រឆាំង​នឹង​ព្រះគុណ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​ថា “អញ​នឹង​ប្រោស​គេ​ឲ្យ​ជា”។ ព្រះអង្គ​នឹង “ស្អាង​ឡើងវិញ”។ ពាក្យ “ស្អាង​ឡើងវិញ” គឺ​មានន័យថា “ធ្វើឲ្យ​ពេញលេញ ឬ​មាន​លក្ខណៈ​ទាំងមូល”។ ពាក្យ​នេះ​មាន​ទំនាក់ទំនង​នឹង​ពាក្យ “សន្តិភាព ឬ​សេចក្តី​សុខសាន្ត” ។ ភាព​ពេញលេញ និង​សន្តិភាព គឺ​មាន​ចែង ក្នុង​ខ​បន្ទាប់ ដែល​ពន្យល់ អំពី​របៀប​ដែល​ព្រះ​ទ្រង់​នាំ​ពួក​ថយ​ទៅ​រក​អំពើបាប​ដែល​បដិសេធន៍​ព្រះគុណ ឲ្យ​វិលត្រឡប់​មកវិញ។

ព្រះអង្គ​នាំ​ពួក​គេ​ឲ្យ​វិលមកវិញ ដោយ “បង្កើត​ពាក្យ​ចេញពី​បបូរមាត់ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា សូម​សេចក្តី​សុខ សេចក្តី​សុខ ដល់​អ្នកណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង អញ​នឹង​ប្រោស​គេ​ឲ្យ​ជា”(អេសាយ ៥៧:១៩)។ ព្រះ​ទ្រង់​បង្កើត​អ្វី​ដែល​ពួក​គេ​មិន​មាន គឺ​សន្តិភាព និង​ភាព​ពេញលេញ។ នេះ​ក៏​ជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ផង​ដែរ។ ហើយ​នេះ​ក៏​ជា​របៀប​ដែល​ព្រះអង្គ​នាំ​យើង​ឲ្យ​វិលត្រឡប់ ពី​ការ​ថយ​ទៅ​រក​អំពើបាប ម្តង​ហើយ​ម្តង​ទៀត។

ព្រះគុណ​ព្រះ​មានជ័យ​ជម្នះ​មក​លើ​ការ​ប្រឆាំង​របស់​យើង ដោយ​បង្កើត​ឲ្យ​មានការ​សរសើរ​ដំកើង នៅកន្លែង​ដែល​មិន​មាន។ ព្រះអង្គ​នាំ​មក​នូវ​សន្តិភាព គឺ​សន្តិភាព ដល់​មនុស្សជា​ច្រើន។ ព្រះអង្គ​ក៏​ប្រទាន​ភាព​ពេញលេញ គឺ​ភាព​ពេញលេញ ដល់​មនុស្សជា​ច្រើន។ ព្រះអង្គ​សម្រេច​ការ​នេះ​បាន ដោយ “ស្អាង​ឡើងវិញ” ដោយ​ជំនួស​ជំងឺ​នៃ​ការ​ទាស់​ប្រឆាំង ដោយ​ការ​ចុះចូល​ស្តាប់​បង្គាប់​ដ៏​មានន័យ។

ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​បាន គឺ​មិន​មានន័យថា យើង​មិន​អាច​បដិសេធន៍​ព្រះគុណ​ព្រះ​នោះ​ឡើយ។ យើង​អាច ហើយក៏​បដិសេធន៍​ព្រះគុណ​ព្រះអង្គ។ បាន​សេចក្តី​ថា ពេលណា​ព្រះ​ទ្រង់​ជ្រើសរើស ព្រះអង្គ​ក៏​ជម្នះ​ការ​ប្រឆាំង​របស់​យើង ហើយ​ស្អាង​យើង​ឡើង ឲ្យ​មានវិញ្ញាណ​ដែល​ចុះចូល។ ព្រះអង្គ​បង្កើត។ ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​មាន​ពន្លឺ​ឡើង!” ព្រះអង្គ​ប្រោស​ឲ្យ​ជា។ ព្រះអង្គ​ដឹកនាំ។ ព្រះអង្គ​ស្អាង​ឡើងវិញ។ ព្រះអង្គ​កម្សាន្ត​ចិត្ត។  

ដូចនេះ យើង​មិន​អាច​អួត​ថា យើង​បាន​វិល​ត្រលប់​ពី​ការ​ថយ​ទៅ​រក​អំពើបាប​នោះ​ឡើយ។ យើង​ក្រាប​នៅ​ចំពោះ​ព្រះអម្ចាស់ ហើយដោយ​ក្តី​អំណរ​ដ៏​ញាប់ញ័រ យើង​ក៏​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​បាន ដែល​មានជ័យ​ជម្នះ​មក​លើ​ការ​ប្រឆាំង​របស់​យើង។

More articles