ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​របស់​យើង


ម៉ាថាយ ៦:២៥-៣៤ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣

មាន​ពេល​មួយ លោក​លែនដូ(Lando) ជា​អ្នក​បើក​ឡាន​ហ្ស៊ីបនី ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ភីលីពីន បាន​ទៅ​អង្គុយ​ញាំ​កា​ហ្វេ នៅ​តាម​ស្តង់​លក់​កា​ហ្វេ​តាម​ចិញ្ចើម​ថ្នល់​។ អ្នក​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ចាប់​ផ្តើម​មាន​ឡើង​វិញ បន្ទាប់ពី​ការ​បិទ​ខ្ទប់ ក្នុង​សម័យ​កូវីដ​បាន​បញ្ចប់​។ ហើយ​គាត់​គិត​ឃើញថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​នៅ​ថ្ងៃ​នេះ គឺ​មានន័យថា គាត់​មាន​អ្នក​ដំណើរ​ច្រើន​ជាង​ធម្មតា​។ គាត់​ថា គាត់​នឹង​រកបាន​ប្រាក់​ចំណូល​ដែល​គាត់​បាន​បាត់​ក្នុង​ពេល​កន្លងមក ហើយ​អាច​ឈប់​ព្រួយ​បារម្ភ​បាន​ហើយ​។

ពេល​គាត់​ហៀប​នឹង​បើក​ឡាន​ចេញទៅ គាត់​ក៏បាន​ប្រទះ​ឃើញ​លោក​រុននី(Ronnie) នៅ​លើ​បង់​ក្បែរ​នោះ​។ អ្នក​បោស​ថ្នល់​រូប​នោះ ហាក់​ដូចជា​កំពុង​មាន​បញ្ហា​អ្វីមួយ ដែល​ត្រូវ​ការ​និយាយ​ប្រាប់​គេ​។ ប៉ុន្តែ លោក​លែនដូ​គិតថា វិនាទី​នីមួយៗ​សុទ្ធតែ​មាន​តម្លៃ​ចំពោះ​​មុខ​របរ​របស់​គាត់​។ បើ​គាត់​បាន​ដឹក​អ្នក​ដំណើរ​កាន់តែ​ច្រើន នោះ​គាត់​មាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​។ គាត់​គិតថា គាត់​មិន​អាច​ឈប់​ទេ​។ ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ចូល​ទៅ​រក​លោក​រុននី ដូច​នេះ គាត់​ក៏បាន​ទៅ​មើល​លោក​រុននី​។

ព្រះ​យេស៊ូវ​ជ្រាប​ថា ការ​ឈប់​ព្រួយ​បារម្ភ​មិនមែន​ជា​ការ​ងាយ​ទេ(ម៉ាថាយ ៦:២៥-២៧) ដូច​នេះ ព្រះអង្គ​បាន​ធានា​យើង​ថា ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌​បាន​ជ្រាប​ច្បាស់​ថា យើង​ត្រូវ​ការ​អ្វី(ខ.៣២)។ ព្រះអង្គ​បាន​រំឭក​យើង​ថា យើង​មិន​ត្រូវ​មាន​ការ​ថប់​បារម្ភ​ទេ តែ​ត្រូវ​ទុកចិត្ត​ព្រះអង្គ ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ(ខ.៣១-៣៣)។ ពេលណា​យើង​ឱប​ក្រសោប ហើយ​ស្តាប់​បង្គាប់​តាម​បំណង​ព្រះទ័យ​ព្រះអង្គ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះវរបិតា​នៃ​យើង ដែល​ឲ្យ “តិណជាតិ​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន” ព្រះអង្គ​នឹង​បំពេញ​តម្រូវការ​យើង តាម​បំណង​ព្រះទ័យ​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​ផ្គត់ផ្គង់​ដល់​ស្នា​ព្រះ​ហស្ត​ទាំង​អស់(ខ.៣០)។

ដោយសារ​ការ​សន្ទនា​របស់​លោក​លែនដូ ជា​មួយ​លោក​រុននី​ជា​អ្នក​បោស​ថ្នល់ ទី​បំផុត លោក​រុននី​ក៏​បាន​អធិស្ឋាន​ទទួល​ជឿ​ព្រះគ្រីស្ទ នៅ​ថ្ងៃ​នោះ​។ លោក​លែនដូ​បាន​ចែក​ចាយ​ថា “នៅ​ថ្ងៃ​នោះ ព្រះអង្គ​នៅតែ​ប្រទាន​ពរ​គាត់ ឲ្យ​មាន​អ្នក​ដំណើរ​គ្រប់​គ្រាន់​។ ព្រះអង្គ​បាន​រំឭក​ខ្ញុំ​ថា ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​តម្រូវការ​ខ្ញុំ ហើយ​ខ្ញុំ​គ្រាន់តែ​ស្តាប់​បង្គាប់​តាម​ព្រះអង្គ​ប៉ុណ្ណោះ”។—Karen Huang

តើមាន​ការ​ថប់​បារម្ភ​អ្វី​ខ្លះ ដែល​បាន​ធ្វើ​ជា​បន្ទុក​ធ្ងន់​នៅ​លើ​ចិត្ត​អ្នក? តើ​អ្នក​អាច​ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​មិន​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ព្រះអង្គ​បាន​សន្យា​ថា នឹង​ថែរក្សា ហើយ​ផ្គត់​ផ្គង់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២៥-២៦ និង លូកា ១២:៣២-៥៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles