អេភេសូរ ៤:១-៧,១១-១៦
ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ។ អេភេសូរ ៤:១
សៀវភៅមានចំណងជើងថា តួរលេខដែលបានបម្រុងទុក បានពិពណ៌នា អំពីការត្រៀមខ្លួនរបស់លោក ចន គ្លែន(John Glenn) សម្រាប់ការហោះហើរចូលទៅក្នុងទីអវកាស នៅក្រៅភពផែនដី។ កុំព្យូទ័រក្នុងឆ្នាំ១៩៦២ នៅមានភាពក្មេងខ្ចី និងរញ៉េរញ៉ៃ ងាយនឹងធ្វើការគណនាខុស។ លោកគ្លែនមិនបានទុកចិត្តលើកុំព្យូទ័ររទាំងនោះទេ ហើយមានការព្រួយបារម្ភ អំពីការគណនាសម្រាប់ការបាញ់បង្ហោះយានអវកាស។ តែគាត់ស្គាល់ស្រ្តីម្នាក់មានខួរក្បាលឆ្លាតវ័យ ដែលកំពុងធ្វើការក្នុងបន្ទប់ខាងក្រោយ អាចធ្វើការគណនាបានយ៉ាងសុក្រឹត។ គាត់ទុកចិត្តនាង។ លោកគ្លែនក៏បាននិយាយថា “បើនាងនិយាយថា ការគណនាសម្រាប់ការបាញ់បង្ហោះយាននោះមានភាពត្រឹមត្រូវ ខ្ញុំអាចត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើដំណើរទៅទីអវកាស”។
ស្រ្តីនោះមានឈ្មោះ ខាត់ធើរីន ចនសិន(Katherine Johnson) ជាគ្រូបង្រៀន និងជាស្រ្តីមានកូនបីនាក់។ នាងស្រឡាញ់ព្រះយេស៊ូវ ហើយបានធ្វើការបម្រើព្រះអង្គ ក្នុងពួកជំនុំរបស់នាង។ ព្រះទ្រង់បានប្រទានពរគាត់ ឲ្យមានគំនិតឆ្លាតគួរឲ្យកត់សំគាល់។ អង្គការណាសាក៏បានហៅគាត់ឲ្យចូលធ្វើការ ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៥០ ដើម្បីជួយដល់កម្មវិធីអវកាស។ គាត់ជា “ស្ត្រីវ័យឆ្លាត” ដែលលោកគ្លែនត្រូវការក្នុងការងារគាត់ និងស្ថិតក្នុងចំណោម “មនុស្សកុំព្យូទ័រ” ដែលគេបានជួលឲ្យធ្វើការក្នុងអង្គការណាសាក្នុងសម័យនោះ។
ព្រះទ្រង់ប្រហែលមិនបានត្រាស់ហៅយើងឲ្យធ្វើជាអ្នកជំនាញផ្នែកគណិតវិទ្យាដ៏ឆ្លាតវ័យ តែព្រះអង្គបានហៅយើងរាល់គ្នាឲ្យទទួល “ព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ”(អេភេសូរ ៤:៧)។ យើងត្រូវរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅ ដែលយើងបានទទួល(ខ.១)។ យើងជាផ្នែកមួយនៃរូបកាយ ដែលសុទ្ធតែធ្វើការតាមផ្នែករបស់ខ្លួន(ខ.១៦)។
ការគណនាលេខរបស់អ្នកស្រីខាត់ធើរីន ចនសិន បានផ្តល់ឲ្យនូវការបញ្ជក់ សម្រាប់ទិសដៅនៃការបាញ់បង្ហោះយានអវកាស។ លោកគ្លែនក៏បានជិះយាននោះចូលទៅក្នុងគន្លងយ៉ាងសុក្រឹត ដូចការគ្រោងទុក។ តែការងារនេះគ្រាន់តែជាការត្រាស់ហៅមួយ ក្នុងការត្រាស់ហៅដែលអ្នកស្រីខាត់ធើរីនបានទទួល។ សូមយើងចាំថា ព្រះអង្គក៏បានហៅគាត់ ឲ្យធ្វើជាម្តាយ គ្រូបង្រៀន និងអ្នកបម្រើក្នុងព្រះវិហារផងដែរ។ យើងប្រហែលចង់សួរខ្លួនឯងថា ព្រះទ្រង់បានត្រាស់ហៅយើងឲ្យធ្វើអ្វីខ្លះ ទោះការងារនោះធំឬតូចក្តី។ តើយើង “បានត្រៀមខ្លួនចេញទៅ” ដោយប្រើអំណោយនៃព្រះគុណដែលព្រះអង្គប្រទាន ដោយរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅឬទេ(ខ.១)?—Kenneth Petersen
តើព្រះទ្រង់បានត្រាស់ហៅអ្នកឲ្យធ្វើអ្វី? តើព្រះអង្គបានប្រទានអំណោយទានអ្វីខ្លះមកអ្នក?
ឱព្រះអង្គអើយ សូមព្រះអង្គជួយទូលបង្គំឲ្យឱបក្រសោបយកការអ្វីដែលព្រះអង្គបានប្រទានទូលបង្គំ ហើយរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៣០-៣១ និង លូកា ១៣:២៣-៣៥