សេចក្តី​ស្រឡាញ់​ដ៏​សុភាព​របស់​ព្រះអង្គ

ហូសេ ១១:១-៤

អញ​បាន​ធ្វើ​ដល់​គេ ដូចជា​អ្នក​ដែល​លើក​បង្ហើប​នឹម នៅ​ក​គោ​ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា​។ ហូសេ ១១:៤

ក្នុង​វីដេអូ​ដែល​គេ​បាន​ថត កាលពី​ឆ្នាំ២០១៧ គេ​ឃើញ​បុរស​ជា​ឪពុក​ម្នាក់​កំពុង​លួង​កូន​ប្រុស​គាត់​មាន​អាយុ២ខែ​ឲ្យ​បាត់​យំ ខណៈ​ពេល​ដែល​ទារក​នោះ​កំពុង​ទទួល​វ៉ាក់សាំង​។ ទិដ្ឋភាព​ក្នុង​វីដេអូ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ទូ​ទាំង​ពិភពលោក មក​លើ​របៀប​ដែល​ឪពុក​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​កូន​របស់​គាត់​។ បន្ទាប់ពី​ពេទ្យ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ បុរស​ជា​ឪពុក​ក៏បាន​លើក​កូន​ប្រុស​គាត់​ពរ​នៅ​ជិត​ថ្ពាល់​គាត់ ហើយ​កូន​គាត់​ក៏​បាន​ឈប់​យំ ក្នុងរយៈ​ពេល​តែ​ពីរបី​វិនាទី​ប៉ុណ្ណោះ​។ គ្មាន​អ្វី​ដែល​នាំមក​នូវ​ការ​ធានា ខ្លាំង​ជាង​ការ​ថែទាំ​ដ៏​ស្រទន់​របស់​ឪពុក​ម្តាយ​ដែល​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូន​របស់​ខ្លួន​ឡើយ​។

ក្នុង​ព្រះ​គម្ពីរប៊ីប មាន​ការ​ពិពណ៌នា​ល្អៗ​ជា​ច្រើន​អំពី​ព្រះអម្ចាស់ ថា​ព្រះអង្គ​ជា​ឪពុក​ម្តាយ​មាន​ក្តី​ស្រឡាញ់ ជា​រូប​ភាព​ដែល​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ឪពុក​ម្តាយ​មាន​ចំពោះ​កូន​របស់​ខ្លួន​។ ក្នុង​គ្រា​សញ្ញា​ចាស់ ហោរា​ហូសេ​បាន​ទទួល​ព្រះ​រាជ​សារ​ពី​ព្រះអម្ចាស់ ដើម្បី​ប្រកាស​ដល់​ពួក​អ៊ីស្រាអែល កំពុង​រស់នៅ​ក្នុង​នគរ​ខាង​ជើង ក្នុង​អំឡុង​សម័យ​នគរ​បែក​បាក់​។ ព្រះអង្គ​បាន​ត្រាស់ហៅ​ពួកគេ ឲ្យ​វិល​ត្រឡប់​មក​រក​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ​វិញ​។ លោក​ហូសេ​ក៏បាន​រំឭក​ពួកគេ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​នាម​ព្រះអង្គ​ជា​ឪពុក​ដ៏​សុភាព គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា : “ក្នុង​គ្រា​នោះ​ដែល​អ៊ីស្រាអែល​នៅ​ក្មេង​នៅឡើយ​នោះអញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(ហូសេ ១១:១)។

ព្រះបន្ទូល​សន្យា​ដែល​បាន​ធានា អំពី​ការ​យក​ព្រះទ័យ​ទុកដាក់ ដោយ​សេចក្តី​ស្រឡាញ់ ក៏​សម្រាប់​យើង​រាល់​គ្នា​ផង​ដែរ​។ ព្រះ​អង្គ​នៅ​តែ​ហៅ​យើង​ថា កូន​របស់​ព្រះអង្គ ទោះ​យើង​ស្វែងរក​ការ​ថែរក្សា​ដ៏​សុភាព​របស់​ព្រះអង្គ បន្ទាប់​យើង​បាន​បដិសេធន៍​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​មួយ​រយៈ​ពេល ឬ​ដោយសារ​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ក្នុង​ជីវិត​យើង​ក៏​ដោយ(១យ៉ូហាន ៣:១) ហើយ​ព្រះ​ហស្ត​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះអង្គ តែង​តែ​បើក​ចំហរ ដើម្បី​ទទួល​យើង(២កូរិនថូស ១:៣-៤)។—Lisa M. Samra

តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ជា​ព្រះវរបិតា​ដែល​ថែរក្សា​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ខ្លះ សម្រាប់​នាំមក​ថ្វាយ​ព្រះអង្គ​នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ហៅ​ទូល​បង្គំ​ថា​កូន​ព្រះអង្គ ហើយ​ប្រទាន​ការ​ថែរក្សា​ដ៏​សុភាព ពេល​ណា​ទូល​បង្គំ​រត់​ទៅ​រក​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៣-៥ និង លូកា ១៤:២៥-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles