ព្រឹក

គ្រួសារពិតជាសំខាន់ណាស់
ដោយElisa Morgan
April 20, 2024
ហេព្រើរ ១២:១៤-១៧
ចូរដេញតាមសេចក្តីមេត្រី ចំពោះមនុស្សទាំងអស់ចុះ។ ហេព្រើរ ១២:១៤
មានពេលមួយ បងស្រី និងបងប្រុសខ្ញុំ ហើយនិងខ្ញុំបានធ្វើដំណើរតាមយន្តហោះ ចេញពីរដ្ឋដែលយើងកំពុងរស់នៅរៀងខ្លួន ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់ពូរបស់យើង ហើយក៏បានទៅសួរសុខទុក្ខជីដូនរបស់យើង ដែលមានអាយុ៩០ឆ្នាំ។ គាត់បានក្លាយជាជនពិការ ដោយសារដាច់សរសៃឈាមខួរក្បាល ហើយក៏បានបាត់បង់សមត្ថភាពនិយាយ ហើយអាចប្រើបានតែដៃស្តាំរបស់គាត់ប៉ុណ្ណោះ។ ខណៈពេលដែលយើងកំពុងអង្គុយនៅជុំវិញគ្រែគេងគាត់ គាត់ក៏បានលូកដៃស្តាំរបស់គាត់ មកចាប់ដៃយើងម្នាក់ៗ ដោយទាញដៃយើងមកដាក់ពីលើគ្នា ចំបេះដូងគាត់ ហើយក៏បានអង្អែលដៃយើងថ្នមៗ ឲ្យនៅនឹងមួយកន្លែង។ តាមរយៈភាសាកាយវិការរបស់គាត់ គាត់កំពុងប្រាប់យើងថា “គ្រួសារសំខាន់ណាស់”។ គាត់កំពុងនិយាយពាក្យនេះ តាមរយៈកាយវិការមកកាន់បងប្អូនបង្កើត ដែលមានការបែកបាក់ទំនាក់ទំនង និងដាច់ចេញឆ្ងាយពីគ្នា។
ក្នុងពួកជំនុំ ជាមហាគ្រួសារនៃព្រះ យើងក៏អាចមានការបែកបាក់ និងដាច់ចេញពីគ្នាផងដែរ។ យើងប្រហែលជាបានបណ្តោយឲ្យចិត្តល្វីងជូរចត់ បំបែកយើងចេញពីគ្នា។ កណ្ឌគម្ពីរហេព្រើរបានបង្រៀនយើង អំពីចិត្តជូរល្វីង ដែលបានបំបែកលោកអេសាវ ចេញពីលោកយ៉ាកុប ជាប្អូនប្រុសរបស់គាត់(ហេព្រើរ ១២:១៦) ហើយក៏បានជំរុញយើងជាបងប្អូន ឲ្យរួបរួមគ្នាក្នុងមហាគ្រួសារនៃព្រះ។ “ចូរដេញតាមសេចក្តីមេត្រី ចំពោះមនុស្សទាំងអស់”(ខ.១៤)។ ត្រង់ចំណុចនេះ ពាក្យដេញតាមបានបង្ហាញចេញ នូវការលះបង់ស្ម័គ្រពីចិត្ត ក្នុងការផ្សះផ្សាជាមួយបងប្អូនក្នុងមហាគ្រួសាររបស់ព្រះ។ និយាយរួម យើងម្នាក់ៗសុទ្ធតែខិតខំដេញតាមសេចក្តីមេត្រី។
គ្រួសារពិតជាសំខាន់ណាស់ គឺទាំងគ្រួសារនៅផែនដី ក៏ដូចជាមហាគ្រួសាររបស់ព្រះ ដែលជាអ្នកជឿព្រះអង្គ។ ចូរយើងរាល់គ្នាខិតខំរួបរួមគ្នា ដោយសេចក្តីស្រឡាញ់ផងដែរ។—Elisa Morgan
តើការដេញតាមសេចក្តីមេត្រី ចំពោះមនុស្សទាំងអស់ ក្នុងមហាគ្រួសាររបស់ព្រះ មានន័យដូចម្តេចចំពោះអ្នក? តើមាននរណាខ្លះដែលអ្នកត្រូវផ្សះផ្សាជាមួយ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការនាំទូលបង្គំចូលទៅជិតព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យខិតខំរស់នៅ ដោយសន្តិភាពជាមួយមនុស្សទាំងអស់ ក្នុងមហាគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៩-១១ និង លូកា ១៥:១១-៣២
ប្រភេទ
ល្ងាច

ហេតុផលទាំង៥យ៉ាង ដែលយើងមានសេចក្តីទុក្ខ
ដោយJohn Piper
April 20, 2024
គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨
យើងកម្រនឹងបានដឹង អំពីមូលហេតុតូចៗ ដែលបណ្តាលឲ្យយើងមានសេចក្តីទុក្ខ តែព្រះគម្ពីរពិតជាបានផ្តល់ឲ្យយើង នូវហេតុផលធំៗ ដែលជួយទ្រទ្រង់សេចក្តីជំនឿយើង។
ការមានរបៀបនឹកចាំអំពីហេតុផលទាំងនោះ គឺជាការល្អ ព្រោះពេលណាទុក្ខលំបាកស្រាប់តែកើតឡើងចំពោះយើង ឬយើងមានឱកាសជួយអ្នកដទៃ ដែលជួបទុក្ខលំបាក យើងអាចនឹកចាំ អំពីសេចក្តីពិតដែលព្រះទ្រង់បានប្រទានយើង ដើម្បីជួយយើង កុំឲ្យអស់សង្ឃឹម។
ខាងក្រោមនេះ ជារបៀបដែលយើងអាចនឹកចាំ ដែលគេអាចហៅថា ហេតុផល ៥ (បើវិធីសាស្ត្រនេះមានប្រយោជន៍ សូមជ្រើសរើសយកតែ៣ ហើយព្យាយាមចងចាំ)។
ហេតុផលធំៗ ដែលព្រះទ្រង់ឲ្យយើងមានសេចក្តីទុក្ខ រួមមាន ៖
១) ការប្រែចិត្ត (Repentance) ៖ ព្រះទ្រង់ប្រើសេចក្តីទុក្ខ ដើម្បីត្រាស់ហៅយើង និងអ្នកដទៃ ឲ្យងាកបែរចេញពីការឲ្យតម្លៃអ្វីៗនៅលើផែនដីនេះ ខ្លាំងជាងព្រះ។ លូកា ១៣:៤-៥ ៖
“ឬស្មានថា ពួក១៨នាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ”។
២) ការពឹងផ្អែកលើព្រះ (Reliance) ៖ ព្រះទ្រង់ប្រើសេចក្តីទុក្ខ ដើម្បីត្រាស់ហៅយើង ឲ្យទុកចិត្តព្រះ ជាជាងទុកចិត្តលើអ្វីៗក្នុងលោកិយនេះ ក្នុងការរស់នៅ។ ២កូរិនថូស ១:៨-៩ ៖
យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម៉្លេះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្តីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរ ដើម្បីមិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះ ដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់ បានរស់ឡើងនោះវិញ។
៣) សេចក្តីសុចរិត(Righteousness) ៖ សេចក្តីទុក្ខជាការលត់ដំមកពីព្រះវរបិតានៃសេចក្តីស្រឡាញ់ ដែលគង់នៅស្ថានសួគ៌ ដើម្បីឲ្យយើងមានសេចក្តីសុចរិត និងសេចក្តីបរិសុទ្ធជាមួយព្រះអង្គ។ ហេព្រើរ ១២:៦,១០-១១:
“ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល”… ព្រះអង្គលត់ដំយើង ដើម្បីប្រយោជន៍យើង ដើម្បីឲ្យយើងមានសេចក្តីបរិសុទ្ធជាមួយព្រះអង្គ។ ពីដំបូង ការលត់ដំហាក់ដូចជាធ្វើឲ្យយើងឈឺចាប់ ជាជាងអរសប្បាយ តែក្រោយមក ការលត់ដំក៏បានបង្កើតផលផ្លែដ៏សុខសាន្ត នៃសេចក្តីសុចរិត សម្រាប់អ្នកដែលបានទទួលការបណ្តុះបណ្តាលពីវា។
៤) រង្វាន់ (Reward) ៖ សេចក្តីទុក្ខកើតមានឡើង ដើម្បីឲ្យយើងមានរង្វាន់ដ៏ធំប្រសើរ នៅស្ថានសួគ៌ ដែលនឹងសងឲ្យការខាតបង់នីមួយៗ នៅលើផែនដីនេះ១ពាន់ដង។ ២កូរិនថូស ៤:១៧ ៖
ទុក្ខលំបាកដ៏ស្រាល ដែលមានតែមួយរយៈពេល កំពុងរៀបចំខ្លួនយើង ដើម្បីទទួលសិរីល្អដ៏អស់កល្ប ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។
៥) ចំណុចចុងក្រោយគឺ ការរំឭក (Reminder) ៖ សេចក្តីទុក្ខ គឺជាការរំឭកយើងថា ព្រះទ្រង់បានចាត់ព្រះរាជបុត្រា ចូលមកក្នុងផែនដី ឲ្យរងទុក្ខ ដើម្បីកុំឲ្យសេចក្តីទុក្ខយើង ក្លាយជាការថ្កោលទោសរបស់ព្រះ តែជាការញែកយើងជាបរិសុទ្ធ។ ភីលីព ៣:១០ ៖
ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់… ។
ដូចនេះ វាជារឿងដែលយើងអាចយល់បាន ពេលដែលគ្រីស្ទបរិស័ទមានទុក្ខលំបាក ពួកគេស្រែកយំក្នុងចិត្តថា “ហេតុអ្វី?” ព្រោះយើងមិនបានដឹងអំពីមូលហេតុតូចៗ ដែលបណ្តាលឲ្យយើងមានសេចក្តីទុក្ខ គឺមិនដឹងថា ហេតុអ្វីយើងមានទុក្ខនៅពេលនេះ ហេតុអ្វីយើងមានទុក្ខយ៉ាងដូចនេះ ហេតុអ្វីយើងមានទុក្ខយូរយ៉ាងនេះ? តែចូរយើងកុំបណ្តោយឲ្យការមិនដឹងអំពីមូលហេតុតូចៗ បណ្តាលឲ្យយើងមើលរំលងជំនួយដ៏ធំសម្បើម ដែលព្រះប្រទាន ក្នុងព្រះបន្ទូលព្រះអង្គ ដោយប្រាប់យើង អំពីហេតុផលធំៗដែលព្រះអង្គមានសម្រាប់យើងនោះឡើយ។
“ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្តីអាណិតអាសូរពោរពេញដែរ” (យ៉ាកុប ៥:១១)។