នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ភាព​ជូរ​ល្វីង នៃ​បង្អែម​ដែល​បាន​លួច​គេ

ភាព​ជូរ​ល្វីង នៃ​បង្អែម​ដែល​បាន​លួច​គេ

ដោយMarvin Williams

April 21, 2024

សុភាសិត ២០:១១-១៧

សុភាសិត ២០:១៧

ចោរ​មួយ​ក្រុម​ក្នុង​ប្រទេស​អាឡឺម៉ង់ បាន​លួច​ទូរ​សណ្ដោង​មួយ ផ្ទុក​ទៅ​ដោយ​ស្ករ​សូ​កូឡា​ជាង២០តោន ក្នុង​ទូរ​បង្កក​អាហារ​។ គេ​បាន​ប៉ាន់​ប្រមាណ​ថា ស្ករ​សូ​កូឡា​ដែល​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់​នោះ មាន​តម្លៃ​សរុប​ប្រហែល​៨ម៉ឺន​ដុល្លា​។ ប៉ូលិស​ក្នុង​តំបន់​ក៏បាន​អំពាវនាវ ឲ្យ​គេ​រាយ​ការណ៍​មក​កាន់​ប៉ុស្តិ៍ប៉ូលីស​ជា​បន្ទាន់ បើសិន​ជា​មាន​នរណា​ម្នាក់​បាន​ទទួល​ស្ករ​សូ​កូឡា​ក្នុង​បរិមាណ​ច្រើន​ខុសពី​ធម្មតា ឬ​បាន​ទទួល​តាម​របៀប​មិន​ប្រក្រតី​។ ជា​ការ​ពិត​ណាស់ អ្នក​ដែល​បាន​លួច​ស្ករ​សូ​កូឡា​ដ៏​ផ្អែម​ឆ្ងាញ់​នោះ នឹង​ទទួលផល​វិបាក​ដ៏​ជូរ​ល្វីង និង​ខក​ចិត្ត​មិនខាន បើសិន​ជា​ពួកគេ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន និង​ទទួល​ទោស​តាម​ច្បាប់!

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ គោលការណ៍​ក្នុង​បទ​គម្ពីរ​សុភាសិត​ដែល​បាន​ចែងថា “អាហារ​ដែល​មនុស្ស​ណា​បាន ដោយ​ការ​កំភូត នោះ​រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយមក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ”​(២០:១៧)។ អ្វីៗ​ដែល​យើង​ទទួល​បាន ដោយ​ការ​បោក​ប្រាស់ ឬ​តាម​ផ្លូវ​ខុស អាច​ហាក់​ដូច​ជា​មាន​រស់​ជាតិ​ផ្អែម​ពី​ដំបូង ដោយ​មាន​ភាព​រំភើប​រីករាយ និង​ការ​អរ​សប្បាយ​តែ​មួយ​រយៈ​ពេល​។ ប៉ុន្តែ ទី​បំផុត​រស់​ជាតិ​របស់​វា ក៏​លែង​ផ្អែម​ឆ្ងាញ់​ទៀត ហើយ​ការ​បោក​ប្រាស់​របស់​យើង ក៏បាន​នាំ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច និង​មាន​បញ្ហា​។ ផល​វិបាក​នៃ​កំហុស ការ​ភ័យ​ខ្លាច និង​បាប អាច​បំផ្លាញ​ជីវិត និង​កេរ្តិ៍​ឈ្មោះ​របស់​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “សូម្បីតែ​កូន​ក្មេង​ក៏​សំដែង​ខ្លួន ដោយសារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាងណា”(ខ.១១)។ សូម​ឲ្យ​ពាក្យ​សម្តី និង​សកម្មភាព​របស់​យើង បង្ហាញ​ឲ្យ​គេ​ឃើញ​ចិត្ត​ដ៏​បរិសុទ្ធ ដែល​យើង​មាន​សម្រាប់​ព្រះអម្ចាស់ គឺ​មិនមែន​ឃើញ​ចិត្ត​ជូរ​ល្វីង ដែល​អាត្មា​និយម​នោះ​ទេ​។

ពេលណា​យើង​ជួប​ការ​ល្បួង ចូរ​យើង​ទូល​សូម​ព្រះអង្គ​ចម្រើន​កម្លាំង​យើង ហើយ​ជួយ​យើង​ឲ្យ​នៅតែ​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​។ ព្រះ​អង្គ​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង “រស់​ជាតិ​ផ្អែម” ដែល​មាន​រយៈ​ពេល​ខ្លី ជា​ការ​ចាញ់​ការ​ល្បួង ហើយ​ដឹកនាំ​យើង​ឲ្យ​ពិចារណា​យ៉ាង​ប្រុង​ប្រយ័ត្ន អំពី​ផល​វិបាក​យូរ​អង្វែង នៃ​ការ​សម្រេច​ចិត្ត​របស់​យើង​។—Marvin Williams

តើ​ការ​ល្បួង​នាំ​ទៅ​រក​លទ្ធផល​ដ៏​ជូរ​ល្វីង​សម្រាប់​អ្នក នៅ​ពេលណា​ខ្លះ? តើ​អ្នក​នៅតែ​បន្ត​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​ត្រូវ​ការ​កម្លាំង​មកពី​ព្រះអង្គ ដើម្បី​ជម្នះ​ការ​ល្បួង ហើយ​នៅតែ​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១២-១៣ និង លូកា ១៦

ល្ងាច

Devotional illustration

បាន​រាប់​យើង​បញ្ចូល​ក្នុង​ការ​តាំង​សេចក្តី​សញ្ញា

ដោយJohn Piper

April 21, 2024

នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ

អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨

តើន​រណា​ខ្លះ ដែល​នឹង​ទទួលផល​ប្រយោជន៍ ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ស្តេច​ដាវីឌ?

បទ​គម្ពីរ​ទំនុកដំកើង ១៣២:១៧-១៨ បាន​ចែងថា : “នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង”។

ឥឡូវនេះ​សូម​យើង​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​បទ​គម្ពីរ អេសាយ ៥៥:១,៣ ដែល​បាន​ចែងថា “ហឺយ អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ …ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។

បើ​ខ្ញុំ​មើលទៅ​ឈើឆ្កាង តាមន័យ​នេះ ខ្ញុំ​អាច​បក​ស្រាយ​បទ​គម្ពីរ​នេះ​ថា ៖ អស់អ្នក​ណា​ដែល​ចូល​មក​រក​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដោយ​ស្រេកឃ្លាន​អ្វី​ដែល​ព្រះ​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​អត្តសញ្ញាណ​របស់​យើង ឬអ្វី​ដែល​យើង​ធ្វើ នោះ​ព្រះ​ទ្រង់​នឹង​តាំង​សញ្ញា​នឹង​អ្នកនោះ។

តើ​យើង​ចាំ​ថា ទំព័រ​ចុងក្រោយ​នៃ​ព្រះគម្ពីរ បាន​ចែង​យ៉ាងដូច​ម្តេច​ខ្លះ ក្នុង​បទ​គម្ពីរ​វិវរណៈ ២២:១៧? “អ្នកណា​ដែល​ស្រេក នោះ​មានតែ​មក ហើយ​អ្នកណា​ដែល​ចង់បាន មានតែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញថ្លៃ​ទេ”។ ព្រះបន្ទូល​នេះ​មិនមែន​សម្រាប់​តែ​សាសន៍​យូដា នៅ​សម័យ​ហោរា​អេសាយ​ប៉ុណ្ណោះទេ តែ​សម្រាប់​អស់អ្នក​ណាក៏ដោយ ដែល​ចូល​មក​រក​ព្រះគ្រីស្ទ ដើម្បី​ចម្អែត​ភាព​ស្រេកឃ្លាន​នៃ​វិញ្ញាណ​របស់​ខ្លួន។ ហើយ​ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច!”

តើ​សេចក្តី​សញ្ញា​អ្វី? គឺ​សេចក្តី​សញ្ញា​ដែល​មាន​ន័យ និង​ស្ថិតស្ថេរ ដោយសារ “សេចក្តី​មេត្តាករុណា​ដ៏​ស្មោះត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ស្តេច​ដាវីឌ”។ បទ​គម្ពីរ​អេសាយ ៥៥:៣ បាន​ចែងថា “អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។ បាន​សេចក្តី​ថា ព្រះអង្គ​ក៏បាន​រាប់បញ្ចូល​ខ្ញុំ នៅក្នុង​សេចក្តី​សញ្ញា​ដែល​ព្រះអង្គ​បាន​តាំង​ជាមួយ​ស្តេច​ដាវីឌ​ផង​ដែរ។ អ្វី​ដែល​ស្តេច​ដាវីឌ​ទទួល នោះ​ខ្ញុំ​ក៏​នឹង​ទទួល​បាន ក្នុង​ព្រះគ្រីស្ទយេស៊ូវ។

ហើយ​តើ​អ្វី​ដែល​ខ្ញុំ​នឹង​ទទួល​នោះ​មាន​អ្វីខ្លះ?

ស្នែង​នឹង​ចេញ​ពន្លក​ឡើង សម្រាប់​ខ្ញុំ។ បាន​សេចក្តី​ថា ព្រះ​ដែល​មាន​កម្លាំង​ដ៏​អស្ចារ្យ នឹង​ប្រយុទ្ធ​ជំនួស​ខ្ញុំ ហើយ​ការពារ​ខ្ញុំ។ ព្រះអង្គ​នឹង​រៀបចំ​ឲ្យ​មាន​ចង្កៀង​មួយ សម្រាប់​ខ្ញុំ។ គឺ​មានន័យថា ពន្លឺ​នឹង​ហ៊ុមព័ទ្ធ​ខ្ញុំ ហើយ​ភាព​ងងឹត​នឹង​មិន​អាច​ឈ្នះ​ខ្ញុំ​ឡើយ។ ខ្ញុំ​នឹង​មាន​មកុដ​មួយ។ បាន​សេចក្តី​ថា ខ្ញុំ​នឹង​បាន​សោយរាជ្យ​ជាមួយ​ព្រះ​បុត្រា​នៃ​ស្តេច​ដាវីឌ និង​អង្គុយ​ជាមួយ​ទ្រង់ នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ”(វិវរណៈ ៣:២១)។

នេះ​ជា​ព្រះពរ​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​ទទួល​បាន ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ស្តេច​ដាវីឌ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​មាន​ការ​ភ្ញាក់ផ្អើល។ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​ភាព​ស្មោះស្ម័គ្រ​របស់​យើង មាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ព្រះ​ចេស្ដា និង​អំណាច ហើយ​ព្រះអង្គ​បាន​ស្រឡាញ់​យើង ដោយអំណាច ព្រះ​ចេស្ដា​ព្រះអង្គ​នោះ​ឯង។

ប្រភេទ