ធ្វើ​ឲ្យ​វាល​រហោស្ថាន​មាន​ផ្ការីក

អេសាយ ៣៥:១-៧

ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូចជា​កុលាប​។ អេសាយ ៣៥:១

កាលពី​ជាង​មួយរយ​ឆ្នាំ​មុន ព្រៃឈើ​បាន​គ្រប​ដណ្តប់​ផ្ទៃដី​របស់​ប្រទេស​អេត្យូពី ប្រហែល៤០ភាគរយ ប៉ុន្តែ សព្វថ្ងៃ​នេះ ប្រទេស​នេះ មាន​ព្រៃឈើ​នៅសល់​តែ​៤​ភាគ​រយ​នៃ​ផ្ទៃដី​សរុប​ប៉ុណ្ណោះ​។ ការ​កាប់​ឆ្ការ​ព្រៃ​​ធ្វើ​កសិកម្ម ដោយ​មិន​បាន​អភិ​រក្ស​ព្រៃឈើ បាន​បណ្តាល​ឲ្យ​មាន​វិបត្តិ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​។ ភាគ​ច្រើន​នៃ​ព្រៃឈើ​តូចៗ​ដែល​នៅសល់ ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ពួក​ជំនុំ​។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ពួក​ជំនុំ​តេវ៉ាហ៊ីដូ ជា​ពួក​ជំនុំ​អ័រតូដុក​អេត្យូពី បាន​ថែរក្សា​ព្រៃឈើ​តូចៗ​ទាំង​នោះ នៅ​ក្នុង​កណ្តាល​វាល​រហោស្ថាន ដែល​ស្ងួត​ហួតហែង​។ បើ​អ្នក​មើល​រូប​ដែល​គេ​ថត​ពីលើ​យន្តហោះ​មក អ្នក​អាច​ឃើញ​បណ្ដុំ​ព្រៃឈើ ប្រៀប​ដូច​ជា​កោះ​តូច​ៗ​ដែល​មាន​ពណ៌​បៃតង​ស្រស់ នៅ​កណ្តាល​សមុទ្រ​ខ្សាច់​ពណ៌​ត្នោត​។ អ្នក​ដឹកនាំ​ពួក​ជំនុំ​ទាំង​នោះ​បាន​ទទូច​ថា ការ​ថែទាំ​ព្រៃ​ឈើ​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ ក្នុង​នាម​ជា​អ្នក​ថែរក្សា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​យើង​។

ហោរា​អេសាយ​បាន​សរសេរ​បទ​គម្ពីរ​ផ្ញើ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ដែល​មិន​សូវ​មាន​ជីរ​ជាតិ ជា​វាល​រហោស្ថាន និង​ទទួល​ការ​គំរាម​កំហែង​ពី​ភាព​រាំង​ស្ងួត​។ ហើយ​គាត់​ក៏បាន​ពិពណ៌នា អំពី​ពេល​អនាគត ដែល​ព្រះ​ទ្រង់​បាន​រៀបចំ យ៉ាង​ដូច​នេះ​ថា “ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូចជា​កុលាប”(អេសាយ ៣៥:១)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ប្រោស​រាស្រ្ត​ព្រះអង្គ​ឲ្យ​ជា តែ​ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​ប្រោស​ផែនដី​ឲ្យ​ជា​ផង​ដែរ​។ ព្រះអង្គ​នឹង​បង្កើត​ផ្នៃ​មេឃ និង​ផែនដី​ថ្មី(៦៥:១៧)។ ក្នុង​ផែនដី​ថ្មី​របស់​ព្រះអង្គ វាល​រហោស្ថាន​នឹង​មាន​ផ្ការីក​ស្គុះ​ស្គាយ(៣៥:១)។

ព្រះ​អម្ចាស់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ ដែល​រាប់​បញ្ចូល​រាស្ត្រ​ព្រះអង្គ​ផង​ដែរ ហើយ​ការ​នេះ​ក៏បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ថែរក្សា​ស្នា​ព្រះ​ហស្ត​ព្រះអង្គ​​។ យើង​អាច​រស់នៅ​ស្រប​តាម​ផែនការ​របស់​ព្រះអង្គ​សម្រាប់​ផែនដី ដោយ​ចូល​រួម​ថែរក្សា​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​។ យើង​អាច​ចូល​រួម​ជាមួយ​ព្រះអង្គ ក្នុង​ការ​កែ​ប្រែ​វាល​រហោស្ថាន ឲ្យ​មាន​ជីវិត និង​ភាព​ស្រស់​ស្អាត​ឡើង​វិញ​។—Winn Collier

តើ​អ្នក​ឃើញ​ផ្នែក​ណា​ខ្លះ​នៃ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ ដែល​ក្រៀមក្រោះ ឬ​កំពុង​រង​ទុក្ខ?
តើ​អ្នក​នឹង​ចូល​រួម​ដូច​ម្តេច​ខ្លះ ក្នុង​ការ​កែ​ប្រែ​វាល​រហោស្ថាន​ឲ្យ​ក្លាយ​ជា​កន្លែង​មាន​ផ្ការីក​ស្គុះ​ស្គាយ?

ឱ​ព្រះអាទិករ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ នូវ​របៀប​ព្យាបាល និង​ស្តា​ឡើង​វិញ​នូវ​អ្វីៗ​ដែល​ប្រេះ​បែក ក្នុង​លោកិយ​នេះ​។
Visit ODBU.org/OT216 to discover God’s creative purpose for nature and a nation.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៧-៩ និង យ៉ូហាន ១:១-២៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles