បន្សល់​ទុក​កេរ​ដំណែល​ខាង​វិញ្ញាណ

១ធីម៉ូថេ ១:៣-៥

ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ​។ ២ធីម៉ូថេ ១:៥

កាល​ខ្ញុំ និង​បង​ស្រី​ខ្ញុំ ស្ថិត​ក្នុង​វ័យ​ជំទង់ យើង​មិន​យល់​អំពី​មូល​ហេតុ​ដែល​ម្តាយ​របស់​យើង បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ​​ទេ តែ​យើង​មិន​អាច​បដិសេធន៍​ការ​ផ្លាស់​ប្រែ ដែល​យើង​បាន​មើល​ឃើញ​ក្នុង​ជីវិត​គាត់​បាន​ឡើយ​។ គាត់​មាន​សន្តិភាព និង​ក្តី​អំណរ​ច្រើន​ជាង​មុន ហើយក៏​បាន​ចាប់​ផ្តើម​បម្រើ​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ព្រះវិហារ​។ គាត់​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​រៀន​ព្រះ​គម្ពីរប៊ីប​ណាស់ បានជា​គាត់​​ទៅរៀន​នៅ​សាលា​ព្រះ​គម្ពីរ​រហូត​ដល់​បញ្ចប់​ការ​សិក្សា​។ រយៈ​ពេល១ឆ្នាំ បន្ទាប់ពី​ម្តាយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ បង​ស្រី​ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះអង្គ​។ ហើយ​ពីរបី​ឆ្នាំ​ក្រោយមក ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ និង​ចាប់​ផ្តើម​បម្រើ​ព្រះអង្គ​ផង​ដែរ​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ឪពុក​ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ​។ ការ​សម្រេច​ចិត្ត​របស់​ម្តាយ​ខ្ញុំ ក្នុង​ការ​ទទួល​ជឿ​ព្រះគ្រីស្ទ បាន​ជះ​ឥទ្ធិពល​នៃ​ជីវិត​ផ្លាស់​ប្រែ ដែល​បាន​បណ្តាល​ចិត្ត​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​យើង​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ​ជា​បន្ត​បន្ទាប់​។

កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ចុង​ក្រោយ​របស់​គាត់ ផ្ញើ​ទៅ​លោក​ធីម៉ូថេ ហើយ​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ជំនឿ លើ​ព្រះយេស៊ូវ គាត់​បាន​ធ្វើ​ការ​កត់​សំគាល់ អំពី​មរតក​នៃ​សេចក្តី​ជំនឿ​របស់​គាត់ បានជា​គាត់​មាន​ប្រសាសន៍​ថា “ដ្បិត​ខ្ញុំ​នឹកចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក៏​នៅ​ក្នុង​អ្នកផង”(២ធីម៉ូថេ ១:៥)។

ការ​សម្រេច​ចិត្ត​របស់​ស្រ្តី​ដែល​ជា​ម្តាយ និង​ជី​ដូនជា​ច្រើន ក្នុង​ការ​ទទួល​ជឿ​ព្រះយេស៊ូវ អាច​មាន​ឥទ្ធិពល​មក​លើ​មនុស្ស​ជា​ច្រើន​ជំនាន់​។ ការ​ដែល​ម្តាយ និង​ជី​ដូនរបស់​លោក​ធីម៉ូថេ​បាន​ជួយ​ថែ​បំប៉ន​ជំនឿ​របស់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់​ឲ្យ​ក្លាយ​ទៅ​ជា។

ក្នុង​ទិវា​អ្នក​ម្តាយ និង​នៅ​ថ្ងៃ​ដែល​មាន​ជា​បន្ត​បន្ទាប់​ទៀត ចូរ​យើង​ផ្តល់​កិត្តិយស​ដល់​ម្តាយ​ទាំងឡាយ ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ​។

ចូរ​យើង​បន្សល់​ទុក​នូវ​កេរ​ដំណែល​ខាង​វិញ្ញាណ សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ផង​ដែរ​។—Nancy Gavilanes

តើ​មាន​ស្រ្តី​ណា​ខ្លះ​កោត​ខ្លាច​ព្រះ ដែល​អ្នក​អាច​ផ្តល់​កិត្តិយស​នៅ​ថ្ងៃ​នេះ? តើ​មាន​កេរ​ដំណែល​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​អ្នក​ចង់​បន្សល់​ទុក​សម្រាប់​អ្នក​ដទៃ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ម្តាយ​ដែល​កោត​ខ្លាច​ព្រះ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បន្សល់​ទុក​នូវ​កេរ​ដំណែល​ខាង​វិញ្ញាណ​ដល់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles