យ៉ូហាន ៨:៣១-៣២,៣៦,៤២-២៧
[សាតាំង] ជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង។ យ៉ូហាន ៨:៤៤
លោកអាដូហ្វ អ៊ីត្លែរ(Adolf Hitler) ជឿថា ការកុហកធំៗមានអំណាចជាងការកុហកតូចៗ ហើយគួរឲ្យសោកស្តាយណាស់ គាត់បានយកទ្រឹស្ដីនេះមកអនុវត្តន៍យ៉ាងជោគជ័យ។ ក្នុងដើមដំបូងនៃអាជីពនយោបាយរបស់គាត់ គាត់បានអះអាងថា គាត់មិនមានមហិច្ឆតាទេ តែគាត់ពេញចិត្តក្នុងការគាំទ្រអ្នកដទៃឲ្យសម្រេចគោលដៅរបស់ពួកគេ។ ពេលគាត់ឡើងកាន់អំណាចដឹកនាំប្រទេសអាឡឺម៉ង់ គាត់និយាយថា គណៈបក្សរបស់គាត់មិនមានចេតនាធ្វើទុក្ខបុកម្នេញមកលើនរណាម្នាក់ទេ។ ក្រោយមក គាត់ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញឲ្យគេយល់ឃើញថា គាត់ជាបិតាជាតិ និងជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។ ប៉ុន្តែ មនុស្សរាប់សិបលាននាក់បានរងគ្រោះ និងបាត់បង់ជីវិតដោយសារសង្គ្រាមលោកលើកទីពីរ និងអំពើប្រល័យពូជសាសន៍ដែលគាត់បានបង្កឡើង។
សាតាំងបានប្រើការកុហក ដើម្បីគ្រប់គ្រងជីវិតយើងផងដែរ។ ឲ្យតែមានឱកាស វាតែងតែបង្កការភ័យខ្លាច កំហឹង និងភាពអស់សង្ឃឹម ព្រោះវាជា អ្នកកំភូត និងជាឪពុកនៃសេចក្តីកំភូត(យ៉ូហាន ៨:៤៤)។ សាតាំងមិនអាចនិយាយការពិតបានទេ ព្រោះព្រះយេស៊ូវមានបន្ទូលថា មិនមានសេចក្តីពិតនៅក្នុងខ្លួនវា។
មានការកុហកមួយចំនួន ដែលអារក្សជាខ្មាំងសត្រូវរបស់យើងបានប្រើ។ ទីមួយ វានាំយើងគិតថា ការអធិស្ឋានរបស់យើងមិនសំខាន់ទេ។ ទេ ការអធិស្ឋានសំខាន់ណាស់។ ព្រះគម្ពីរបានចែងថា “សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់”(យ៉ាកុប ៥:១៦)។ ទីពីរ វាកុហកទៀតថា ពេលណាយើងមានបញ្ហា យើងគ្មានច្រកចេញឡើយ។ វានិយាយខុសទៀតហើយ។ គ្មានការអ្វីដែលព្រះទ្រង់ធ្វើមិនកើតនោះឡើយ(ម៉ាកុស ១០:២៧) ហើយ “ទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស ១០:១៣)។ ទីបី វានាំឲ្យយើងគិតថា ព្រះអង្គមិនស្រឡាញ់យើងទេ។ ការគិតដូចនេះក៏ខុសដែរ ព្រោះ គ្មានអ្វីអាច “ពង្រាត់យើង” ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទបានឡើយ(រ៉ូម ៨:៣៨-៣៩)។
សេចក្តីពិតរបស់ព្រះ មានអំណាចជាងការកុហករបស់សាតាំង។ បើយើងស្តាប់បង្គាប់តាមការបង្រៀនរបស់ព្រះយេស៊ូវ ដោយពឹងអាងកម្លាំងមកពីព្រះអង្គ ហើយ “យើងបានស្គាល់សេចក្តីពិត” និងបដិសេធន៍សេចក្តីកុហក នោះសេចក្តីពិត នឹងរំដោះយើងឲ្យមានសេរីភាព(យ៉ូហាន ៨:៣១-៣២)។—Jennifer Benson Schuldt
តើមានការកុហកអ្វីខ្លះ ដែលអ្នកទំនងជាជឿ? តើព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកកែប្រែគំនិតជាថ្មី ដោយសេចក្តីពិតរបស់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ សូមព្រះអង្គបង្ហាញទូលបង្គំឲ្យឃើញការកុហក ដែលទូលបង្គំកំពុងជឿតាម ហើយសូមជួយទូលបង្គំឲ្យតោងជាប់សេចក្តីពិត ដែលទូលបង្គំបានអានក្នុងព្រះគម្ពីរប៊ីប។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ២២-២៣ និង យ៉ូហាន ៤:៣១-៥៤