ព្រឹក

ព្រះអង្គប្រទានលទ្ធភាពសម្រាប់ធ្វើការ
ដោយKaren Huang
May 17, 2024
និក្ខមនំ ៣១:១-១១
អញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់។ និក្ខមនំ ៣១:៣
មានពេលមួយ ប្រធានរបស់ខ្ញុំបានប្រាប់ថា កិច្ចការដែលខ្ញុំត្រូវធ្វើ នៅកន្លែងតាំងពិពណ៌សៀវភៅអន្តរជាតិ គឺត្រូវរៀបចំឲ្យុមានការផ្សាយបន្តផ្ទាល់ នៅកន្លែងនោះ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ព្រោះការងារនេះជាការងារថ្មីសម្រាប់ខ្ញុំ។ ខ្ញុំក៏បានអធិស្ឋានថា ព្រះអង្គអើយ សូមព្រះអង្គជួយទូលបង្គំ ព្រោះទូលបង្គំមិនដែលបានធ្វើការងារដូចនេះពីមុនមកទេ។
ព្រះអម្ចាស់ក៏បានប្រទានធនធាន និងមនុស្សជួយណែនាំខ្ញុំ ដែលពួកគេជាអ្នកបច្ចេកទេស និងអ្នកផ្សាយសំឡេងដែលមានបទពិសោធន៍ ហើយថែមទាំងបានជួយរំឭកខ្ញុំ អំពីព័ត៌មានលម្អិតក្នុងពិធីតាំងពិពណ៌ ដែលខ្ញុំបានមើលរំលង។ ពេលខ្ញុំក្រឡេកមកមើលកម្មវិធីផ្សាយនោះឡើងវិញ ខ្ញុំក៏បានដឹងថា ការផ្សាយនោះមានដំណើរការល្អ ព្រោះព្រះអង្គជ្រាបថា ខ្ញុំត្រូវការអ្វី ហើយក៏បានបណ្តាលចិត្តខ្ញុំឲ្យប្រើប្រាស់ជំនាញ ដែលព្រះអង្គបានប្រទានខ្ញុំរួចជាស្រេចហើយ។
ពេលណាព្រះអម្ចាស់ត្រាស់ហៅយើង ឲ្យធ្វើកិច្ចការអ្វីមួយ ព្រះអង្គក៏ប្រទានយើងនូវលទ្ធភាពផងដែរ។ កាលព្រះអង្គចាត់តាំងលោកបេតសាលាល ឲ្យធ្វើការក្នុងរោងឧបោសថ គាត់ក៏មានជំនាញជាជាងដែលមានបទពិសោធន៍ស្រាប់ហើយ។ ព្រះអង្គក៏បានបំពាក់សមត្ថភាពដល់គាត់បន្ថែមទៀត ដោយប្រទានពរគាត់ ឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា ការយល់ដឹង ចំណេះដឹង និងជំនាញគ្រប់ប្រភេទ(និក្ខមនំ ៣១:៣)។ ព្រះទ្រង់ក៏បានឲ្យលោកអូហូលីអាប់ ធ្វើជាជំនួយការរបស់គាត់ ហើយប្រទានកម្លាំងពលករបន្ថែមដល់គាត់(ខ.៦)។ ដោយជំនួយមកពីព្រះអង្គ ក្រុមការងារក៏បានរចនា និងសង់រោងឧបោសថ ព្រមទាំងតុបតែងលម្អ ហើយផលិតឯកសណ្ឋានរបស់ពួកសង្ឃផងដែរ។ ទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ ចំពោះការថ្វាយបង្គំដ៏ត្រឹមត្រូវរបស់ពួកអ៊ីស្រាអែល នៅគ្រាសញ្ញាចាស់(ខ.៧-១១)។
ឈ្មោះ បេតសាលាល មានន័យថា “នៅក្រោមម្លប់(ឬការការពារ) របស់ព្រះ”។ ពួកជាងទាំងនោះធ្វើការងារ ក្នុងគម្រោងពេញមួយជីវិត នៅក្រោមការការពារ អំណាច និងការផ្គត់ផ្គង់របស់ព្រះ។ ចូរយើងស្តាប់បង្គាប់តាមការបណ្តាលចិត្តរបស់ព្រះអង្គ ដោយចិត្តក្លាហាន ខណៈពេលដែលយើងធ្វើកិច្ចការថ្វាយព្រះអង្គ រហូតដល់ចប់សព្វគ្រប់។ ព្រះអង្គជ្រាបថា យើងត្រូវការអ្វី នៅពេលណា និងដោយរបៀបណា។—Karen Huang
តើមានកិច្ចការអ្វីខ្លះ ដែលព្រះទ្រង់កំពុងត្រាស់ហៅឲ្យអ្នកធ្វើ? តើអ្នកអាចអធិស្ឋានសូមព្រះអង្គដឹកនាំអ្នក ក្នុងផ្នែកណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានលទ្ធភាពដែលទូលបង្គំត្រូវការ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១របាក្សត្រ ៤-៦ និង យ៉ូហាន ៦:១-២១
ប្រភេទ
ល្ងាច

តើអ្នកសប្បាយចិត្តទេ ពេលបានដឹងថា អ្នកមិនមែនជាព្រះ?
ដោយJohn Piper
May 17, 2024
ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ
និងព្រះចេស្ដា! ទំនុកដំកើង ៩៦:៧
ខណៈពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងពោលថា “ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានព្រះចេស្ដា” យ៉ាងហោចណាស់ គាត់ប្រហែលជាកំពុងតែនិយាយសំដៅទៅលើផ្នែកមួយនៃបទពិសោធន៍។ តើយើងកំពុងធ្វើអ្វី ពេលដែលយើង “ថ្លែងប្រាប់ថា ព្រះអង្គមានព្រះចេស្ដា”?
ទី១ ដោយសារព្រះគុណព្រះ នោះយើងយកចិត្តទុកដាក់ចំពោះព្រះអង្គ ហើយដឹងថា ព្រះអង្គមានព្រះចេស្ដា។ យើងយកចិត្តទុកដាក់ ចំពោះព្រះចេស្ដាព្រះអង្គ។ បន្ទាប់មក យើងយល់ស្របថា ព្រះចេស្ដាព្រះអង្គមានភាពអស្ចារ្យ។ យើងមានការគោរព ចំពោះភាពសក្តិសមនៃព្រះចេស្ដាព្រះអង្គ។
យើងរកឃើញថា ព្រះចេស្តាព្រះអង្គមានភាពអស្ចារ្យ។ ប៉ុន្តែ យើងបានពិសោធន៍នឹងភាពអស្ចារ្យនេះ នៅក្នុង“ការថ្លែងប្រាប់ថា ព្រះអង្គមានព្រះចេស្តា” គឺបានសេចក្តីថា យើងមានចិត្តរីករាយជាពិសេស ពេលដែលបានដឹងថា ភាពអស្ចារ្យនៃព្រះចេស្តាព្រះអង្គ ជារបស់ព្រះអង្គ មិនមែនរបស់យើងទេ។
យើងបានយល់អំពីភាពសក្តិសមដ៏អស្ចារ្យរបស់ព្រះអង្គ នៅក្នុងការពិតដែលថា ព្រះអង្គមានព្រះចេស្តាដែលគ្មានដែនកំណត់ ហើយយើងមិនដូច្នោះទេ។ យើងពេញចិត្តនឹងការពិតនេះ។ យើងមិនច្រណែនព្រះអង្គ ដែលមានព្រះចេស្តានោះទេ។ យើងក៏មិនចង់មានព្រះចេស្តារបស់ព្រះអង្គដែរ។ ផ្ទុយទៅវិញ យើងមានពេញដោយអំណរ ពេលបានដឹងថា ព្រះចេស្តាទាំងអស់ជារបស់ព្រះអង្គ។
អ្វីៗទាំងអស់ ដែលមានក្នុងយើង ចេញពីខ្លួនយើង ដើម្បីអរសប្បាយ ហើយមើលទៅព្រះចេស្តាព្រះអង្គ គឺហាក់ដូចជា យើងបានទៅដល់ការអបអរជ័យជម្នះរបស់អ្នករត់ចម្ងាយម្នាក់ ដែលបានរត់ឈ្នះយើង ហើយយើងមានអំណរបំផុត ក្នុងការកោតស្ញប់ស្ញែងកម្លាំងសមត្ថភាពរបស់គាត់ ជាជាងមិនសប្បាយចិត្តចំពោះបរាជ័យរបស់យើង។
យើងរកឃើញអត្ថន័យជ្រាលជ្រៅបំផុតក្នុងជីវិត ពេលដែលចិត្តយើងបានចេញពីខ្លួនយើង ដោយស្ម័គ្រពីចិត្ត ដើម្បីកោតសរសើរព្រះចេស្តាព្រះ ជាជាងងាកចូលទៅខាងក្នុង ដើម្បីកោតសរសើរសមត្ថភាពខ្លួនឯង ឬសូម្បីតែគិតអំពីសមត្ថភាពខ្លួនឯងក៏ដោយ។ យើងមានការស្កប់ចិត្តក្រៃលែង ពេលបានដឹងថា យើងមិនមែនជាព្រះ តែថែមទាំងបានលះបង់គំនិត ឬចិត្តដែលចង់ក្លាយជាព្រះ។
ក្នុងការយកចិត្តទុកដាក់ចំពោះព្រះចេស្តាព្រះ យើងក៏បានដឹងថា ព្រះទ្រង់បង្កើតចក្រវាលមក ៖ គឺដើម្បីឲ្យយើងអាចមានបទពិសោធន៍នៃការស្កប់ចិត្តយ៉ាងខ្លាំង ដោយដឹងថា យើងមិនមែនជាព្រះ តែយើងកោតសរសើរភាពជាព្រះរបស់ព្រះអង្គ ដែលជាព្រះចេស្តាព្រះអង្គ។ យើងមានការយល់ដឹងដ៏សុខសាន្តថា ការកោតសរសើរភាពគ្មានទីបញ្ចប់របស់ព្រះ គឺជាគោលបំណងខ្ពស់បំផុតនៃអ្វីៗគ្រប់យ៉ាង។
យើងភ័យញ័រ ពេលដែលមានការល្បួងតូចបំផុត ដែលនាំឲ្យយើងចង់ប្រកាសទាមទាព្រះចេស្តា ធ្វើមើលតែព្រះចេស្តានោះចេញមកពីយើងអញ្ចឹង។ ព្រះទ្រង់ធ្វើឲ្យយើងខ្សោយ ដើម្បីការពារយើងឲ្យរួចផុតពីអំណួតនេះ។ គឺដូចមានសេចក្តីចែងថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។
ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះ ព្រះទ្រង់បានការពារយើង មិនឲ្យជំនួសការកោតសរសើរដ៏ខ្ពស់បំផុត អំពីព្រះចេស្តាព្រះអង្គ ដោយការព្យាយាមអួតសមត្ថភាពខ្លួនឯង។ យើងមានអំណរដ៏អស្ចារ្យ ព្រោះយើងដឹងថា យើងមិនមែនជាព្រះ តែផ្ទុយទៅវិញ យើងមានអំណរដ៏អស្ចារ្យដែលបានស្គាល់ព្រះអង្គ!