នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គ​ប្រទាន​លទ្ធ​ភាព​សម្រាប់​ធ្វើ​ការ

ព្រះអង្គ​ប្រទាន​លទ្ធ​ភាព​សម្រាប់​ធ្វើ​ការ

ដោយKaren Huang

May 18, 2024

និក្ខមនំ ៣១:១-១១

អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់​។ និក្ខមនំ ៣១:៣

មាន​ពេល​មួយ ប្រធាន​របស់​ខ្ញុំ​បាន​ប្រាប់​ថា កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ នៅ​កន្លែង​តាំង​ពិពណ៌​សៀវភៅ​អន្តរជាតិ គឺ​ត្រូវ​រៀបចំ​ឲ្យុ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​កន្លែង​នោះ​។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រោះ​ការងារ​នេះ​ជា​ការងារ​ថ្មី​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ថា ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ព្រោះ​ទូល​បង្គំ​មិន​ដែល​បាន​ធ្វើ​ការងារ​ដូច​នេះ​ពី​មុន​មក​ទេ​។

ព្រះអម្ចាស់​ក៏បាន​ប្រទាន​ធនធាន និង​មនុស្ស​ជួយ​ណែនាំ​ខ្ញុំ ដែល​ពួកគេ​ជា​អ្នក​បច្ចេកទេស និង​អ្នក​ផ្សាយ​សំឡេង​ដែល​មាន​បទ​ពិសោធន៍ ហើយ​ថែម​ទាំង​បាន​ជួយ​រំឭក​ខ្ញុំ អំពី​ព័ត៌មាន​លម្អិត​ក្នុង​ពិធី​តាំង​ពិពណ៌ ដែល​ខ្ញុំ​បាន​មើល​រំលង​។ ពេល​ខ្ញុំ​ក្រឡេកមក​មើល​កម្មវិធី​ផ្សាយ​នោះ​ឡើង​វិញ ខ្ញុំ​ក៏បាន​ដឹង​ថា ការ​ផ្សាយ​នោះ​មាន​ដំណើរ​ការ​ល្អ ព្រោះ​ព្រះ​អង្គ​ជ្រាប​ថា ខ្ញុំ​ត្រូវ​ការ​អ្វី ហើយក៏​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រើ​ប្រាស់​ជំនាញ ដែល​ព្រះអង្គ​បាន​ប្រទាន​ខ្ញុំ​រួច​ជា​ស្រេច​ហើយ​។

ពេលណា​ព្រះ​អម្ចាស់​ត្រាស់ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ ព្រះអង្គ​ក៏​ប្រទាន​យើង​នូវ​លទ្ធ​ភាព​ផង​ដែរ​។ កាល​ព្រះអង្គ​ចាត់​តាំង​លោក​បេតសាលាល ឲ្យ​ធ្វើ​ការ​ក្នុង​រោង​ឧបោសថ គាត់​ក៏​មាន​ជំនាញ​ជាជាង​ដែល​មាន​បទ​ពិសោធន៍​ស្រាប់​ហើយ​។ ព្រះអង្គ​ក៏បាន​បំពាក់​សមត្ថភាព​ដល់​គាត់​បន្ថែម​ទៀត ដោយ​ប្រទាន​ពរ​គាត់ ឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ និង​ប្រាជ្ញា ការ​យល់​ដឹង ចំណេះ​ដឹង និង​ជំនាញ​គ្រប់​ប្រភេទ(និក្ខមនំ ៣១:៣)។ ព្រះ​ទ្រង់​ក៏បាន​ឲ្យ​លោក​អូហូលីអាប់ ធ្វើ​ជា​ជំនួយការ​របស់​គាត់ ហើយ​ប្រទាន​កម្លាំង​ពលករ​បន្ថែម​ដល់​គាត់(ខ.៦)។ ដោយ​ជំនួយ​មកពី​ព្រះអង្គ ក្រុម​ការងារ​ក៏បាន​រចនា និង​សង់​រោង​ឧបោសថ ព្រម​ទាំង​តុប​តែង​លម្អ ហើយ​ផលិត​ឯក​សណ្ឋាន​របស់​ពួក​សង្ឃ​ផង​ដែរ​។ ទាំង​អស់​នេះ​សុទ្ធតែ​មាន​សារៈសំខាន់ ចំពោះ​ការ​ថ្វាយបង្គំ​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​អ៊ីស្រាអែល នៅ​គ្រា​សញ្ញា​ចាស់(ខ.៧-១១)។

ឈ្មោះ បេតសាលាល មានន័យថា “នៅ​ក្រោម​ម្លប់(ឬ​ការ​ការពារ) របស់​ព្រះ”។ ពួក​ជាង​ទាំង​នោះ​ធ្វើ​ការងារ ក្នុង​គម្រោង​ពេញ​មួយ​ជីវិត នៅ​ក្រោម​ការ​ការពារ អំណាច និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​។ ចូរ​យើង​ស្តាប់​បង្គាប់​តាម​ការ​បណ្តាល​ចិត្ត​របស់​ព្រះអង្គ ដោយ​ចិត្ត​ក្លាហាន ខណៈ​ពេល​ដែល​យើង​ធ្វើ​កិច្ចការ​ថ្វាយ​ព្រះអង្គ រហូត​ដល់​ចប់​សព្វ​គ្រប់​។ ព្រះ​អង្គ​ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី នៅ​ពេលណា និង​ដោយ​របៀបណា​។—Karen Huang

តើមាន​កិច្ចការ​អ្វី​ខ្លះ ដែល​ព្រះ​ទ្រង់​កំពុង​ត្រាស់ហៅ​ឲ្យ​អ្នក​ធ្វើ? តើ​អ្នក​អាច​អធិស្ឋាន​សូម​ព្រះអង្គ​ដឹកនាំ​អ្នក ក្នុង​ផ្នែក​ណា​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​លទ្ធ​ភាព​ដែល​ទូល​បង្គំ​ត្រូវ​ការ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១របាក្សត្រ ៤-៦ និង យ៉ូហាន ៦:១-២១

ល្ងាច

Devotional illustration

តើ​អ្នក​សប្បាយចិត្ត​ទេ ពេល​បានដឹង​ថា អ្នក​មិនមែន​ជា​ព្រះ?

ដោយJohn Piper

May 18, 2024

ចូរ​ថ្លែងប្រាប់​ពី​ព្រះយេហូវ៉ា អស់ទាំង​ពូជពង្ស​នៃ​សាសន៍​ទាំងឡាយ​អើយ ចូរ​ថ្លែងប្រាប់​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​មាន​សិរីល្អ

និង​ព្រះ​ចេស្ដា! ទំនុកដំកើង ៩៦:៧

ខណៈ​ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ពោល​ថា “ចូ​រ​ថ្លែង​ប្រាប់​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​មាន​ព្រះ​ចេស្ដា” យ៉ាងហោចណាស់ គាត់​ប្រហែលជា​កំពុងតែ​និយាយ​សំដៅ​ទៅលើ​ផ្នែក​មួយ​នៃ​បទពិសោធន៍។ តើ​យើង​កំពុង​ធ្វើអ្វី ពេល​ដែល​យើង “ថ្លែងប្រាប់​ថា ព្រះអង្គ​មាន​ព្រះ​ចេស្ដា”?

ទី១ ដោយសារ​ព្រះគុណ​ព្រះ នោះ​យើង​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះអង្គ ហើយ​ដឹង​ថា ព្រះអង្គ​មាន​ព្រះ​ចេស្ដា។ យើង​យកចិត្ត​ទុកដាក់ ចំពោះ​ព្រះ​ចេស្ដា​ព្រះអង្គ។ បន្ទាប់មក យើង​យល់ស្រប​ថា ព្រះ​ចេស្ដា​ព្រះអង្គ​មាន​ភាព​អស្ចារ្យ។ យើង​មានការ​គោរព ចំពោះ​ភាព​សក្តិ​សម​នៃ​ព្រះ​ចេស្ដា​ព្រះអង្គ។

យើង​រក​ឃើញថា ព្រះ​ចេស្តា​ព្រះអង្គ​មាន​ភាព​អស្ចារ្យ។ ប៉ុន្តែ យើង​បាន​ពិសោធន៍​នឹង​ភាព​អស្ចារ្យ​នេះ នៅក្នុង​“ការ​ថ្លែងប្រាប់​ថា ព្រះអង្គ​មាន​ព្រះ​ចេស្តា” គឺ​បាន​សេចក្តី​ថា យើង​មានចិត្ត​រីករាយ​ជាពិសេស ពេល​ដែល​បានដឹង​ថា ភាព​អស្ចារ្យ​នៃ​ព្រះ​ចេស្តា​ព្រះអង្គ ជា​របស់​ព្រះអង្គ មិនមែន​របស់​យើង​ទេ។

យើង​បាន​យល់​អំពី​ភាព​សក្តិ​សម​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ នៅក្នុង​ការពិត​ដែល​ថា ព្រះអង្គ​មាន​ព្រះ​ចេស្តា​ដែល​គ្មាន​ដែន​កំណត់ ហើយ​យើង​មិន​ដូច្នោះ​ទេ។ យើង​ពេញចិត្ត​នឹង​ការពិត​នេះ។ យើង​មិន​ច្រណែន​ព្រះអង្គ ដែល​មាន​ព្រះ​ចេស្តា​នោះ​ទេ។ យើង​ក៏​មិន​ចង់​មាន​ព្រះ​ចេស្តា​របស់​ព្រះអង្គ​ដែរ។ ផ្ទុយទៅវិញ យើង​មាន​ពេញដោយ​អំណរ ពេល​បានដឹង​ថា ព្រះ​ចេស្តា​ទាំងអស់​ជា​របស់​ព្រះអង្គ។

អ្វីៗទាំងអស់ ដែល​មាន​ក្នុង​យើង ចេញពី​ខ្លួន​យើង ដើម្បី​អរ​សប្បាយ ហើយ​មើលទៅ​ព្រះ​ចេស្តា​ព្រះអង្គ គឺ​ហាក់ដូចជា យើង​បាន​ទៅដល់​ការ​អបអរ​ជ័យជម្នះ​របស់​អ្នក​រត់​ចម្ងាយ​ម្នាក់ ដែល​បាន​រត់​ឈ្នះ​យើង ហើយ​យើ​ងមាន​អំណរ​បំផុត ក្នុង​ការ​កោតស្ញប់ស្ញែង​កម្លាំង​សមត្ថភាព​របស់​គាត់ ជាជាង​មិន​សប្បាយចិត្ត​ចំពោះ​បរាជ័យ​របស់​យើង។

យើង​រក​ឃើញ​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​ក្នុង​ជីវិត ពេល​ដែល​ចិត្ត​យើង​បាន​ចេញពី​ខ្លួន​យើង ដោយ​ស្ម័គ្រ​ពីចិត្ត ដើម្បី​កោតសរសើរ​ព្រះ​ចេស្តា​ព្រះ ជាជាង​ងាក​ចូល​ទៅ​ខាងក្នុង ដើម្បី​កោតសរសើរ​សមត្ថភាព​ខ្លួនឯង ឬ​សូម្បីតែ​គិត​អំពី​សមត្ថភាព​ខ្លួនឯង​ក៏ដោយ។ យើង​មានការ​ស្កប់ចិត្ត​ក្រៃលែង ពេល​បានដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ថែមទាំង​បាន​លះបង់​គំនិត ឬ​ចិត្ត​ដែល​ចង់​ក្លាយជា​ព្រះ។

ក្នុង​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះ​ចេស្តា​ព្រះ យើង​ក៏បាន​ដឹង​ថា ព្រះ​ទ្រង់​បង្កើត​ចក្រវាល​មក ៖ គឺ​ដើម្បីឲ្យ​យើង​អាច​មានបទពិសោធន៍​នៃ​ការ​ស្កប់ចិត្ត​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​យើង​កោតសរសើរ​ភាពជា​ព្រះ​របស់​ព្រះអង្គ ដែល​ជា​ព្រះ​ចេស្តា​ព្រះអង្គ។ យើង​មានការ​យល់ដឹង​ដ៏​សុខសាន្ត​ថា ការ​កោតសរសើរ​ភាព​គ្មាន​ទី​បញ្ចប់​របស់​ព្រះ គឺជា​គោលបំណង​ខ្ពស់​បំផុត​នៃ​អ្វីៗ​គ្រប់យ៉ាង។

យើង​ភ័យ​ញ័រ ពេល​ដែល​មានការ​ល្បួង​តូចបំផុត ដែល​នាំឲ្យ​យើង​ចង់​ប្រកាស​ទាម​ទា​ព្រះ​ចេស្តា ធ្វើ​មើលតែ​ព្រះ​ចេស្តា​នោះ​ចេញ​មក​ពី​យើង​អញ្ចឹង។ ព្រះ​ទ្រង់​ធ្វើឲ្យ​យើង​ខ្សោយ ដើម្បី​ការពារ​យើង​ឲ្យ​រួចផុត​ពី​អំ​ណួ​ត​នេះ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “យើង​មានទ្រព្យ​សម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បីឲ្យ​ឥទ្ធិ​ឫទ្ធិ​លើសលប់​បាន​មក​ពី​ព្រះ មិនមែន​ពី​យើងខ្ញុំ​ទេ”(២កូរិនថូស ៤:៧)។

ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ ព្រះ​ទ្រង់​បានការ​ពារ​យើង មិន​ឲ្យ​​ជំនួស​ការ​កោតសរសើរ​ដ៏​ខ្ពស់​បំផុត អំពី​ព្រះ​ចេស្តា​ព្រះអង្គ ដោយ​ការ​ព្យាយាម​អួត​សមត្ថភាព​ខ្លួនឯង។ យើង​មាន​អំណរ​ដ៏​អស្ចារ្យ ព្រោះ​យើង​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ផ្ទុយទៅវិញ យើង​មាន​អំណរ​ដ៏​អស្ចារ្យ​ដែល​បាន​ស្គាល់​ព្រះអង្គ!

ប្រភេទ