ការ​ល្បួង​នៅតែ​កើត​មាន

លោកុប្បត្តិ ៣៥:១-៥

ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​លះចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាននៅ​ក្នុង​ពួក​ឯង​ចេញទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ​។ យ៉ូស្វេ ២៤:២៣

ពួក​ប្រុសៗ​ខ្លះ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ មាន​អាយុ​ជិត៨០ឆ្នាំ​ហើយ ដូច​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួកគេ​កំពុង​ព្យាយាម​ជម្នះ​ការ​ត្រេក​ត្រអាល​ផ្លូវភេទ​។ វា​ជា​ការ​តយុទ្ធ ដែល​បាន​ចាប់​ផ្តើម​តាំងពី​ពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​យុវជន ហើយ​នៅតែ​បន្ត​មាន​ក្នុង​ជីវិត​ពួកគេ​។ ជា​រៀង​រាល់​ថ្ងៃ ពួកគេ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ព្យាយាម​ជម្នះ​អំពើបាប​នេះ ហើយ​ក៏​បាន​ទូល​សូម​ការ​អត់​ទោស​បាប នៅ​ពេលណា​ពួកគេ​បាន​ភ្លាត់​ធ្វើ​ខុស​ទៀត​។

យើង​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេលណា​បុរស​ដែល​កោត​ខ្លាច​ព្រះ នៅ​តែ​ត​យុទ្ធ​នឹង​ការ​ល្បួង នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ពួកគេ តែ​យើង​ប្រហែល​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។ រូប​ព្រះ​គឺជា​អ្វី​ក៏ដោយ ដែល​ព្យាយាម​ជំនួស​ព្រះ នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ពួកវា​នឹង​លេច​ឡើង​ម្តង​ទៀត បន្ទាប់ពី​យើង​បាន​សន្និដ្ឋាន​ថា ពួកវា​លែង​មាន​ក្នុង​ជីវិត​យើង​ទៀត តាំងពី​យូរ​មក​ហើយ​។

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ លោក​យ៉ាកុប​បាន​ទទួល​ការ​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​ពូ​របស់​គាត់​ឈ្មោះ​ឡាបាន់ និង​លោក​អេសាវ ជា​បង​ប្រុស​របស់​គាត់​។ គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​បេតអែល​វិញ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ព្រះពរ​ជា​ច្រើន ដែល​គាត់​បាន​ទទួល តែ​ក្រុម​គ្រួសារ​គាត់​នៅតែ​បន្ត​រក្សា​ទុក​រូប​ព្រះ​របស់​សាសន៍​ដទៃ ដែល​លោក​យ៉ាកុប​ត្រូវ​តែ​កប់​ចោល(លោកុប្បត្តិ ៣៥:២-៤)។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​យ៉ូស្វេ បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន ឈ្នះ​ខ្មាំង​សត្រូវ ក្នុង​សង្គ្រាម ហើយ​ចូល​តាំងទី​លំនៅ​ក្នុង​ទឹកដី​កាណាន លោក​យ៉ូស្វេ​នៅតែ​បន្ត​ជំរុញ​ពួកគេ ឲ្យ​លះបង់​ព្រះ​របស់​សាសន៍​ដទៃ ដែល​រស់​នៅ​​ក្នុង​ចំណោម​ពួកគេ ហើយក៏​ឲ្យ​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអម្ចាស់​វិញ(យ៉ូស្វេ ២៤:២៣)។ ហើយ​ព្រះ​នាង​មីកាល ជា​មហេសី​របស់​ស្តេច​ដាវីឌ ក៏​ទំនងជា​បាន​រក្សា​ទុក្ខ​រូប​ព្រះ​ផង​ដែរ ព្រោះ​ព្រះ​នាង​បាន​ដាក់​រូប​ព្រះ​មួយ នៅ​លើ​គ្រែ ដើម្បី​បោក​បញ្ឆោត​ពួក​ទាហាន​ដែល​មក​ធ្វើ​គុត​ទ្រង់(១សាំយ៉ូអែល ១៩:១១-១៦)។

ការ​ថ្វាយបង្គំ​រូប​ព្រះ ក្នុង​ជីវិត​គ្រីស្ទបរិស័ទ គឺជា​រឿង​ដែល​កើត​មាន​ជា​ធម្មតា លើស​ពី​ការ​រំពឹង​គិត​របស់​យើង​ទៅទៀត ហើយ​ព្រះអង្គ​ក៏​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ទោះ​យើង​មិន​សមនឹង​ឲ្យ​ព្រះ​អង្គ​អត់​ធ្មត់​ចំពោះ​យើង​ក៏ដោយ​។ ការ​ល្បួង​ឲ្យ​យើង​ងាក​បែរ​ទៅ​រក​ពួកវា ក៏​នឹង​កើត​មាន តែ​ការ​អត់​ទោស​របស់​ព្រះអង្គ មាន​អំណាច​ខ្លាំង​ជាង​ការ​ល្បួង​នោះ​។ ចូរ​យើង​ញែក​ខ្លួន​យើង​ជា​បរិសុទ្ធ​ថ្វាយ​ព្រះយេស៊ូវ ដោយ​ងាក​បែរ​ចេញ​ពី​បាប​យើង ហើយ​រក​ឃើញ​ការ​អត់​ទោស​ក្នុង​ព្រះអង្គ​។—Mike Wittmer

តើ​អ្នក​បាន​ជួប​ការ​ល្បួង ឲ្យ​ធ្វើ​អំពើបាប​អ្វី​ខ្លាំង​ជាងគេ? តើ​អ្នក​ត្រូវ​បំផ្លាញ​រូប​ព្រះ​ទាំង​នោះ ជា​ជំហានៗ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​សារភាព​បាប​របស់​ទូលបង្គំ ហើយ​សូម​ទទួល​ការ​អត់​ទោស​ពី​ព្រះអង្គ តាមរយៈ​ព្រះយេស៊ូវ​ដោយ​ការ​អរ​ព្រះគុណ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣០-៣១ និង យ៉ូហាន ១៨:១-១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles