រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក

នាងរស់ ២:១១-១២ ៣:១-៦

គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ​។ នាងរស់ ២:‌១១

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ មុន​ពេល​កម្ម​វិធី​ហ្ស៊ូម(Zoom) ត្រូវ​បាន​គេ​យក​មក​ប្រើ ក្នុង​ការ​ជួប​ជុំ​ជា​ក្រុម​ពី​ចម្ងាយ តាម​បណ្ដាញ​អ៊ីនធឺណិត មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ចូល​រួម​ជាមួយ​គាត់ ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ ដើម្បី​ពិភាក្សា​គ្នា​អំពី​កម្មវិធី​មួយ​។ តាមរយៈ​ភាព​តានតឹង​ដែល​ខ្ញុំ​បាន​បង្ហាញ​ក្នុង​អ៊ីមែល ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​គាត់ គាត់​អាច​មើល​ដឹង​ថា ខ្ញុំ​មិន​ទាន់​យល់​អំពី​របៀប​ចូល​រួម​ជាមួយ​គាត់ ដូច​នេះ គាត់​ក៏បាន​ណែនាំ​ខ្ញុំ ឲ្យ​ស្វែងរក​ក្មេង​ជំទង់​ម្នាក់ ជួយ​ពន្យល់​ខ្ញុំ​អំពី​របៀប​ចូល​រួម​ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ​។

ការ​ណែនាំ​របស់​គាត់ បាន​ចង្អុល​បង្ហាញ អំពី​តម្លៃ​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស ស្ថិត​ក្នុង​ជំនាន់​ផ្សេង​គ្នា​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទំនាក់​ទំនង​រវាង​នាងរស់ និង​នាង​ណាអូមី​។ គេ​ច្រើនតែ​សរសើរ​នាងរស់ ដោយសារ​គាត់​ជា​កូន​ប្រសារ​ស្រី ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ដែល​បាន​សម្រេច​ចិត្ត​មិន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ដើម្បី​រួម​ដំណើរ​ជា​មួយ​នាង​ណា​អូមី​ជា​ម្តាយ​ក្មេក ទៅ​ភូមិ​បេថ្លេហិម(នាងរស់ ១:១៦-១៧)។ នៅពេល​ដែល​ពួកគេ​ទៅដល់​ភូមិ​នោះ នាងរស់​ក៏បាន​ប្រាប់​នាង​ណាអូមី​ថា “ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នកណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ”(២:២)។ នាង​បាន​ជួយ​ស្រ្តី​ចំណា​សម្នាក់​នេះ ដែល​ក្រោយមក បាន​ជួយ​នាង​ឲ្យ​បាន​រៀប​ការ​ជាមួយ​លោក​បូអូស ជា​ម្ចាស់​ស្រែ​។ ការ​ណែនាំ​របស់​នាង​ណាអូមី សម្រាប់​នាងរស់ បាន​បណ្តាល​ចិត្ត​លោក​បូអូស ឲ្យ​ទិញ​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​សាច់​ថ្លៃ​របស់​នាង ហើយក៏​បាន​ទទួលយក​នាង​ជា​ភរិយា(៤:៩-១០)។

ការ​ប្រឹក្សា​យោបល់​ប្រកបដោយ​ប្រាជ្ញា ដែល​អ្នក​ជំនាន់​មុន​ផ្តល់​ឲ្យ​អ្នក​ជំនាន់​ក្រោយ មាន​សារៈសំខាន់ និង​គួរ​ឲ្យ​យើង​គោរព​។ ប៉ុន្តែ រឿង​របស់​នាងរស់ និង​នាង​ណាអូមី បាន​រំឭក​យើង​ថា ការ​ប្រឹក្សា​យោបល់​ដែល​មនុស្ស​វ័យ​ក្មេង​ជាង ផ្តល់​ឲ្យ​មនុស្ស​មាន​វ័យ​ចាស់​ជាង ក៏​អាច​មាន​តម្លៃ​ផង​ដែរ​។ យើង​មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​រៀន​សូត្រ​ពី​មនុស្ស មាន​វ័យ​តិច​ជាង​យើង ក៏​ដូច​ជា​ពី​មនុស្ស​ដែល​ចាស់​ជាង​យើង​។ ចូរ​យើង​ព្យាយាម​បង្កើត​ទំនាក់​ទំនង​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់ ជាមួយ​មនុស្ស​ស្ថិត​ក្នុង​ជំនាន់​ផ្សេង​ពី​យើង​។ ការ​នេះ​នឹង​នាំមក​នូវ​ព្រះពរ សម្រាប់​យើង និង​អ្នក​ដទៃ ហើយ​ជួយ​យើង​រៀន​សូត្រ អំពី​អ្វី​ដែល​យើង​មិន​ទាន់​បាន​ដឹង​។—Katara Patton

តើ​អ្នក​បាន​រៀន​សូត្រ​អ្វី​ខ្លះ ពី​មនុស្ស​ដែល​មាន​វ័យ​ក្មេង​ជាង​អ្នក? តើ​អ្នក​អាច​ឈោង​ទៅ​រក​មនុស្ស​ក្នុង​ជំនាន់​ផ្សេង​ពី​អ្នក ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ប្រាជ្ញា តាមរយៈ​មនុស្ស​ជំនាន់​ចាស់ និង​ជំនាន់​ថ្មី​។ សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ​ឲ្យ​យល់​អំពី​តម្លៃ នៃ​ការ​ឲ្យ​យោបល់​ទៅវិញ​ទៅ​មកពី​មនុស្ស​ក្នុង​វ័យ​ផ្សេង​គ្នា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៥-៧ និង កិច្ចការ ៨:១-២៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles