មើល​ឃើញ​ពេល​អនាគត ដែល​មាន​សង្ឃឹម

អេសាយ ៤១:១៧-២០

អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ​។ អេសាយ ៤១:១៨

បន្ទាប់​ពី​បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ពី​ខ្យល់​ព្យុះ​កាទ្រីណា កាលពី​ឆ្នាំ២០០៥ រដ្ឋ​ញូ អ័រលិន​បាន​ធ្វើ​ការសាងសង់​ឡើង​វិញ បន្តិច​ម្តងៗ​។ ទីក្រុង ឡូវ័រ ណាញ វ៉ដ គឺជា​តំបន់​ដែល​ទទួលរង​ការ​វាយ​ប្រហារ​ខ្លាំង​ជាងគេ ដោយ​ប្រជាជន​នៅ​ទីនោះ នៅតែ​ខ្វះខាត​ធនធាន ក្នុង​កំរិត​មូលដ្ឋាន បន្ទាប់ពី​គ្រោះ​ធម្មជាតិ​នេះ​បាន​កន្លង​ផុត​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​។ លោក​បឺនែល ខុលតុន(Burnell Cotlon) ក៏បាន​ផ្តួច​ផ្តើម​គំនិត​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​។ នៅ​ខែ​វិច្ឆិ​ការ ឆ្នាំ២០១៤ គាត់​បាន​បើក​ហាង​លក់​គ្រឿង​ទេស​ទីមួយ ក្នុង​ទីក្រុង​នោះ​។ គាត់​ថា នៅពេល​ដែល​គាត់​ទិញ​អគារ ដើម្បី​បើក​ហាង​នោះ គេ​គ្រប់​គ្នា​គិត​ស្មានថា គាត់​ឆ្កួត ប៉ុន្តែ ភ្ញៀវ​ទីមួយ​ដែល​ចូល​ទិញ​ឥវ៉ាន់​នៅ​ទីនោះ បាន​ស្រក់​ទឹក​ភ្នែក ដោយសារ​ខ្លួន​មិន​ដែល​នឹក​ស្មានថា តំបន់​ដែល​គាត់​រស់នៅ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​ទេ​។ ម្តាយ​របស់​គាត់​មាន​ប្រសាសន៍​ថា គាត់​បាន​មើល​ឃើញ​អ្វី ដែល​ម្តាយ​គាត់​មើល​មិន​ឃើញ ម្តាយ​គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា គាត់​បាន​ឆក់​យក​ឱកាស​នោះ​។

ព្រះ​អម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ហោរា​អេសាយ​មើល​ឃើញ​ពេល​អនាគត ដែល​មាន​សង្ឃឹម នៅ​ចំពោះ​មុខ​នៃ​វិនាស​កម្ម​។ ដោយសារ​ព្រះ​អង្គ​ទត​ឃើញ​អ្នក​ក្រ​តោក​យ៉ាក កំពុង​ស្វែងរក​ទឹកផឹក តែ​រក​មិន​បាន(អេសាយ ៤១:‌១៧) ព្រះអង្គ​បាន​សន្យា​ថា នឹង​កែ​ប្រែ​វាល​រហោស្ថាន​ឲ្យ​ក្លាយ​ជា​កន្លែង​មាន​ទឹក​ហូរ និង​មាន​ទឹក​ផុស​នៅ​លើ​ដី​ស្ងួត​ហែង(ខ.១៨)។ នៅពេល​ដែល​រាស្រ្ត​របស់​ព្រះអង្គ​បាន​ស្គាល់​ភាព​សម្បូរ​សប្បាយ បន្ទាប់​ពី​មាន​ការ​ស្រេក​ឃ្លាន និង​ការ​ស្រេក​ទឹក ពួកគេ​នឹង​បាន​ដឹង​ថា ព្រះ​ហស្ត​របស់​ព្រះអង្គ​បាន​ធ្វើ​ការ​ទាំង​អស់​នេះ(ខ.២០)។

ព្រះអង្គ​នៅតែ​ជា​អ្នក​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ស្អាង​ឡើង​វិញ ដែល​នៅតែ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​នាំមក​នូវ​ពេល​អនាគត ដែល​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ នឹង​បាន​រួចពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ​(រ៉ូម ៨:២១)។ ពេលណា​យើង​ទុក​ចិត្ត​លើ​សេចក្តី​ល្អ​របស់​ព្រះអង្គ ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង​មើល​ឃើញ​សេចក្តី​សង្ឃឹម ដែល​អាច​កើត​មាននៅ​ពេល​អនាគត​។—Monica La Rose

តើ​អ្នក​បាន​មើល​ឃើញ​ការ​ចាប់​ផ្តើម​ឡើង​វិញ បន្ទាប់ពី​មាន​វិនាស​កម្ម នៅ​ពេលណា? តើ​អ្នក​អាច​រួម​ចំណែក​អ្វី​ខ្លះ ក្នុង​ព្រះ​រាជ​កិច្ច​នៃ​ការ​ស្អាង​ឡើង​វិញ​របស់​ព្រះអម្ចាស់?

ឱ​ព្រះ​នៃ​ការ​ស្អាង​ឡើង​វិញ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​មើល​ឃើញ​ក្តី​សង្ឃឹម នៅ​ក្នុង​ព្រះអង្គ និង​ក្នុង​ពេល​អនាគត​ដែល​ព្រះអង្គ​កំពុង​ប្រទាន​មក​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១១-១៣ និង កិច្ចការ ៩:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles