អេភេសូរ ៤:១១-១៦
តែដោយកាន់តាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ។ អេភេសូរ ៤:១៥
លោកអេនឌ្រូ ខាដ(Andrew Card)គឺជាប្រធានខុទ្ទកាល័យនៃសេតវិមាន របស់លោកប្រធានាធិបតីអាមេរិក ចច ដាប់ប៊លយូ ប៊ូស(George W. Bush)។ ក្នុងការសម្ភាសទាក់ទងនឹងតួនាទីរបស់គាត់ នៅក្នុងសេតវិមាន គាត់បានបកស្រាយថា “ក្នុងបន្ទប់របស់បុគ្គលិកម្នាក់ នៅសេតវិមាន មានស៊ុមរូបថតមួយ ព្យួរលើជញ្ជាំងបង្ហាញអំពីគោលបំណងរបស់ពួកគេ ដែលមានអក្សរសរសេរពីលើថា យើងធ្វើការបម្រើ តាមការសម្រេចរបស់លោកប្រធានាធិបតី។ ប៉ុន្តែ មិនមែនមានន័យថា យើងធ្វើការងារ ដើម្បីផ្គាប់ចិត្តលោកប្រធានាធិបតី ឬដើម្បីធ្វើឲ្យគាត់ពេញចិត្តយើងនោះទេ។ ផ្ទុយទៅវិញ យើងធ្វើការបម្រើ ដើម្បីប្រាប់គាត់ អំពីការអ្វីដែលគាត់ចាំបាច់ត្រូវដឹង ក្នុងការងាររបស់គាត់”។ ការងាររបស់គាត់ គឺជាការគ្រប់គ្រងសហរដ្ឋអាមេរិក។
នៅក្នុងតួនាទី និងទំនាក់ទំនងជាច្រើនដែលយើងមាន យើងងាយរអិលជើងចូលទៅក្នុងការបំពេញចិត្តអ្នកដទៃ ជាជាងស្អាងគ្នាទៅវិញទៅមក ក្នុងការរួបរួមគ្នា ដូចដែលសាវ័កប៉ុលច្រើនតែជំរុញឲ្យយើងធ្វើ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ សាវ័កប៉ុលបានបង្រៀនថា “ទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវ័ក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច”(ខ.១១-១៣)។ ក្នុងខ.១៥-១៦ សាវ័កប៉ុលបានបង្រៀនយើងឲ្យជៀសវាងការផ្គាប់ចិត្តមនុស្ស ដោយនិយាយសង្កត់ធ្ងន់ថា យើងត្រូវប្រើអំណោយទានទាំងនេះ ដោយកាន់តាមសេចក្តីពិតដោយសេចក្តីស្រឡាញ់ ដើម្បីឲ្យរូបកាយព្រះគ្រីស្ទបានស្អាងឡើង ក្នុងសេចក្តីស្រឡាញ់។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងបម្រើមនុស្ស ដើម្បីស្អាងពួកគេឡើង និងដើម្បីបំពេញគោលបំណងរបស់ព្រះ មិនមែនដើម្បីផ្គាប់ចិត្តមនុស្សនោះទេ។ ទោះអ្នកដទៃពេញចិត្តឬអត់ យើងត្រូវផ្គាប់ចិត្តព្រះ ខណៈពេលដែលព្រះអង្គធ្វើការតាមរយៈយើង ដើម្បីបង្កើតឲ្យមានការរួបរួម ក្នុងពួកជំនុំព្រះអង្គ។—Elisa Morgan
តើអ្នកធ្វើការបម្រើ ដើម្បីផ្គាប់ចិត្តនរណា? តើអ្នកនិយាយស្តី តាមការដឹកនាំរបស់ព្រះវត្តមានព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានចិត្តចង់ផ្គាប់ព្រះទ័យព្រះអង្គ ដោយនិយាយអំពីសេចក្តីពិត ដោយសេចក្តីស្រឡាញ់ ចំពោះបងប្អូនប្រុសស្រីរបស់ទូលបង្គំ។
For further study, read Words Matter: Speaking with Wisdom in an Age of Outrage at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ២០-២១ និង កិច្ចការ ១០:២៤-៤៨