
ព្រះវរបិតាតែងតែស្តាប់យើង
ដោយMike Wittmer
July 3, 2024
រ៉ូម ៨:១២-២១
ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ។ រ៉ូម ៨:១៥
រយៈពេលប៉ុន្មាននាទី បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ហារី ទ្រូមិន(Harry Truman) ធ្វើការប្រកាសថា សង្គ្រាមលោកលើកទី២បានបញ្ចប់ហើយ ទូរស័ព្ទបានរោទ៍ឡើង ក្នុងផ្ទះឈើតូចមួយ ក្នុងទីក្រុងគ្រែនវីយូ រដ្ឋមីសូរី។ ដូនចាស់ម្នាក់ អាយុ៩២ឆ្នាំ បានទុកកិច្ចការចោលមួយឡែកសិន ដើម្បីលើកទូរស័ព្ទនិយាយ។ ភ្ញៀវដែលមកលេងផ្ទះគាត់ ក៏បានឮគាត់និយាយថា “ហាឡូ ... ចាស់ ម៉ាក់សុខសប្បាយទេ។ ចាស់ ម៉ាក់កំពុងស្តាប់វិទ្យុ ... ឥឡូវនេះ បើសិនជាអាច កូនមកលេងម៉ាក់ផង... ជំរាបលា”។ ដូនចាស់ក៏បានងាកមកភ្ញៀវរបស់គាត់ ហើយនិយាយថា “ហារី កូនប្រុសខ្ញុំ ទូរស័ព្ទមក។ ហារីគឺជាកូនល្អ … ពេលទូរស័ព្ទរោទ៍ ខ្ញុំដឹងថា គាត់ទូរស័ព្ទមកខ្ញុំ។ គាត់តែងតែទូរស័ព្ទប្រាប់ខ្ញុំ បន្ទាប់ពីបញ្ហាអ្វីមួយបានបញ្ចប់”។
ទោះយើងមានភាពជោគជ័យប៉ុណ្ណា ឬមានវ័យចាស់ប៉ុណ្ណា យើងតែងតែចង់ទូរស័ព្ទទៅកាន់ឪពុកម្តាយរបស់យើង។ យើងចង់ឮពួកគាត់និយាយបញ្ជាក់ថា យើងជា “កូនល្អ!”។ ទោះយើងមានភាពជោគជ័យប៉ុណ្ណាក៏ដោយ ក៏យើងនៅតែជាកូនប្រុស ឬកូនស្រីរបស់ពួកគាត់ជារៀងរហូត។
ប៉ុន្តែ គួរឲ្យស្តាយណាស់ មិនមែនគ្រប់គ្នាសុទ្ធតែមានទំនាក់ទំនងប្រភេទនេះ ជាមួយឪពុកម្តាយនៅផែនដីទេ។ ប៉ុន្តែ តាមរយៈព្រះយេស៊ូវ យើងសុទ្ធតែអាចមានព្រះអម្ចាស់ ធ្វើជាឪពុករបស់យើង។ ព្រះគ្រីស្ទនាំអ្នកដើរតាមព្រះអង្គ ចូលក្នុងមហាគ្រួសារនៃព្រះ ហើយ“អស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ” (រ៉ូម ៨:១៤)។ សព្វថ្ងៃនេះ “យើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង”(ខ.១៧)។ យើងមិននិយាយទៅកាន់ព្រះអង្គ ក្នុងនាមជាបាវបម្រើទេ តែសព្វថ្ងៃនេះ មានសិទ្ធិហៅព្រះអង្គថា “ឱអប្បា ព្រះវរបិតាអើយ” គឺដូចព្រះយេស៊ូវបានហៅព្រះវរបិតា នៅមុនពេលទ្រង់សុគត(ខ.១៥ និងមើល ម៉ាកុស ១៤:៣៦)។
តើអ្នកចង់ឲ្យមាននរណាម្នាក់ស្តាប់អ្នកនិយាយទេ? តើអ្នកមានតម្រូវការអ្វីខ្លះ? ចូរអធិស្ឋានទៅកាន់ព្រះវរបិតា ដែលកំពុងគង់នៅក្នុងផ្ទះដ៏អស់កល្បរបស់អ្នកចុះ។—Mike Wittmer
តើអ្នកមានដំណឹង ឬតម្រូវការអ្វី ដែលអ្នកចូលចិត្តចែកចាយដល់ឪពុកម្តាយខាងសាច់ឈាមរបស់អ្នក? តើអ្នកអាចទូលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ អំពីរឿងអ្វីខ្លះ? ព្រះអង្គកំពុងតែស្តាប់អ្នកស្រាប់ហើយ។
ឱព្រះវរបិតា ប្រកបដោយព្រះគុណ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានឯកសិទ្ធិឲ្យទូលបង្គំអាចចូលទៅជួបព្រះអង្គ ដោយការអធិស្ឋាននៅពេលណាក៏បាន។
For further study, read Talking with My Father: Jesus Teaches on Prayer at DiscoverySeries.org/HP171.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥