ជាប់​ខ្លួន​នៅ​ក្នុង​ភក់​ជ្រៅ

យេរេមា ៣៨:១-១០

ដ្បិត​ព្រះ​ទ្រង់​មិនមែន​ជា​អ្នក​រមឹល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយក៏​នៅតែ​បំរើ​ទៀត​នោះ​ទេ​។ ហេព្រើរ ៦:១០

ថ្ងៃ​មួយ នៅ​ក្នុង​រោង​ចក្រ​ផលិត​ស្ករ​សូ​កូឡា ម៉ាស ក្នុង​រដ្ឋ​ផេនស៊ីលវេនា មាន​កម្មករ​ពីរ​នាក់​បាន​ធ្លាក់​ចូល​ក្នុង​ស៊ីទែន​ធំ​មួយ ដែល​ផ្ទុក​ទៅ​ដោយ​​ស្ករ​សូកូឡា​រាវ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា វា​ជា​រឿង​ដែល​កំប្លែង ឬ​ប្រហែល​ជា​គិតថា វា​ជា​លទ្ធផល​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​របស់​អ្នក​ដែល​ចូល​ចិត្ត​ស្ករ​សូ​កូឡា​។ បុរស​ទាំង​នេះ​មិន​មាន​របួស​ទេ តែ​ពួកគេ​បាន​ជាប់​នៅ​ក្នុង​ស៊ីទែន​ដែល​មាន​ទឹក​ស្ករ​សូកូឡា​ផ្អែម​ឆ្ងាញ់​ត្រឹម​ចង្កេះ ដោយ​មិន​អាច​ចេញ​មក​ខាង​ក្រៅ ដោយ​ខ្លួនឯង​បាន​។ ទី​បំផុត ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ក៏​បាន​ចោះ​ប្រហោង នៅ​ចំហៀង​ស៊ីទែន​នោះ ដើម្បី​ជួយ​ពួកគេ​ចេញ​មក​ខាង​ក្រៅ ដោយ​សុវត្ថិភាព​។

កាល​ហោរា យេរេមា បាន​ជាប់​ខ្លួន​ក្នុង​ភក់ នៅ​ក្នុង​គុក​ងងឹត រឿង​របស់​គាត់​មិន​មាន​រស់​ជាតិ​ផ្អែម​ដូច​នេះ​ទេ​។ ក្នុង​នាម​គាត់​អ្នក​នាំ​ព្រះរាជសារ​របស់​ព្រះ មក​ប្រកាស​ដល់​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម គាត់​ក៏បាន​ប្រាប់​ពួកគេ ឲ្យ​ចាក​ចេញពី​ទីក្រុង​យេរូសាឡិម​ជា​បន្ទាន់ ព្រោះ​ទីក្រុង​នេះ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្តាប់​ដៃ​កងទ័ព​របស់​ស្តេច​បាប៊ីឡូន(យេរេមា ៣៨:៣)។ ពួក​មន្ត្រី​ខ្លះ​របស់​ស្តេច​សេដេគា​ក៏បាន​ទាមទារ​ឲ្យ​គេ​ប្រហារ​ជីវិត​ហោរា​យេរេមា ព្រោះ​ពួក​គេ​អះអាង​ថា ពាក្យ​សម្ដី​របស់​គាត់​កំពុងតែ​បំបាក់​ទឹក​ចិត្ត​ពួក​ទាហាន(ខ.៤)។ ស្តេច​ក៏​ព្រម​តាម​ពួកគេ ហើយ​គេ​ក៏​បាន​យក​ខ្សែ​សំរូត​គាត់ ចុះ​ទៅ​ក្នុង​គុក​ងងឹត​ដែល​មាន​សុទ្ធ​តែ​ភក់(ខ.៦)។

នៅ​ពេល​ដែល​មន្រ្តី​ម្នាក់​ទៀត​របស់​ស្តេច ដែល​ជា​សាសន៍​ដទៃ បាន​ជួយ​រក​ខុស​ត្រូវ​ឲ្យ​លោក​យេរេមា ដោយ​លើក​ឡើង​ថា អ្វី​ដែល​ពួក​មន្រ្តី​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ គឺជា​ការ​អាក្រក់​ជួរ​ជាតិ​ណាស់ ស្តេច​សេដេគា​ក៏​បាន​ដឹង​ថា ទ្រង់​បាន​ធ្វើ​ខុស​មក​លើ​គាត់ ហើយក៏​បាន​បង្គាប់​លោក អេបេឌ-មេលេក ឲ្យ​ស្រង់​គាត់​ចេញ​ពី​គុក​ងងឹត(ខ.៩-១០)។

សូម្បីតែ​នៅពេល​ដែល​យើង​កំពុង​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ ដូច​លោក​យេរេមា​ក៏ដោយ ជួនកាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​ហាក់​ដូចជា​កំពុង​ជាប់​ខ្លួន​នៅ​ក្នុង​ភក់​ជ្រៅ​។ ស្ថិត​ក្នុង​ពេល​បែប​នេះ ចូរ​យើង​ទូល​សូម​ព្រះអម្ចាស់​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​សង្ឃឹម​ឡើង ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ជំនួយ​ព្រះអង្គ នៅ​ចំពោះ​មុខ​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ​នោះ​។—Kirsten Holmberg

តើ​គេ​បាន​ធ្វើ​ខុស​មក​លើ​អ្នក នៅពេល​ដែល​អ្នក​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ នៅ​ពេលណា? តើ​ព្រះ​អម្ចាស់​បាន​ជួយ​ទ្រទ្រង់​អ្នក ក្នុង​ពេល​នោះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទ្រទ្រង់​ទូល​បង្គំ ខណៈ​ពេល​ដែល​ទូល​បង្គំ​ខិតខំ​ស្តាប់​បង្គាប់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ៣៤-៣៥ និង កិច្ចការ ១៥:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles