មិន​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្តី

សុភាសិត ១៥:១-៩

ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ​។ សុភាសិត ១៨:២១

យើង​ស្ទើរតែ​មិន​ដែល​ឮ​ថា មាន​ស្ថាប័ន​ណាមួយ​ចេញ​មុខ​ទទួល​ស្គាល់​កំហុស បន្ទាប់ពី​មាន​សោក​នាដកម្ម​កើត​ឡើង​ក្នុង​សង្គម។ ប៉ុន្តែ នៅ​ឆ្នាំ​មួយ​នោះ បន្ទាប់ពី​សិស្ស​អាយុ១៧ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត ដោយ​ការ​ធ្វើ​អត្តឃាត សាលា​រៀន​មួយ​ដែល​មាន​ឈ្មោះ​ល្បី បាន​ទទួល​ស្គាល់​ថា ខ្លួន​មាន​ការ​ខកខាន មិន​បាន​ការពារ​គាត់​។ សិស្ស​ម្នាក់​នោះ​ត្រូវ​គេ​ធ្វើបាប​ឥត​ឈប់ឈរ នៅ​សាលា​រៀន ហើយ​ថ្នាក់​ដឹកនាំ​សាលា មិន​បាន​ធ្វើ​អ្វី​ច្រើន​ដើម្បី​ការពារ​គាត់​ឡើយ ទោះ​បាន​ដឹង​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​គាត់​បាន​ទទួលរង​ក៏ដោយ​។ សព្វថ្ងៃ​នេះ សាលា​រៀន​នោះ​បាន​ប្ដេជ្ញា​ចិត្ត​ចាត់​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​សិស្ស​ទាំង​អស់​។

ការខូចខាត​ដែល​បាន​បង្ក​ឡើង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ គឺ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ អំពី​អំណាច​នៃ​ពាក្យ​សម្ដី​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​បង្រៀន​យើង មិន​ឲ្យ​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី ព្រោះ “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(សុភាសិត ១៨:២១)។ ពាក្យ​សម្ដី​របស់​យើង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ហើយក៏​អាច​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ផង​ដែរ​។ ជាង​នេះ​ទៅទៀត ពាក្យ​សម្ដី​ដ៏​សាហាវ​អាច​ជា​កត្តា ដែល​បណ្តាល​ឲ្យ​មនុស្ស​ឈាន​ទៅ​ដល់​សេចក្តី​ស្លាប់​។

តើ​យើង​អាច​នាំមក​នូវ​ជីវិត តាមរយៈ​ពាក្យ​សម្ដី​របស់​យើង ដោយ​របៀបណា? ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង​ថា ពាក្យ​សម្ដី​របស់​យើង​ហូរ​ចេញពី​ប្រាជ្ញា ក៏​ដូចជា​ភាព​ល្ងង់​ខ្លៅ​របស់​យើង(១៥:២)។ យើង​រក​ឃើញ​ប្រាជ្ញា ពេលណា​យើង​ចូល​មក​ជិត​ព្រះអម្ចាស់ ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា ដែល​មាន​អំណាច​នាំមក​នូវ​ជីវិត(៣:១៣,១៧-១៩)។

យើង​រាល់​គ្នា​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការប្រើ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​យើង បានជា​យើង​មិន​ត្រូវ​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី​របស់​យើង ហើយ​ថែរក្សា និង​ការពារ​មនុស្ស ដែល​បាន​រង​របួស​ដោយសារ​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​។ ពាក្យ​សម្ដី​អាច​សម្លាប់ ប៉ុន្តែ ពាក្យ​ពេចន៍​ប្រកប​ដោយ​ក្តី​អាណិត ក៏​អាច​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា ព្រមទាំង​ធ្វើ​ជា “ដើមឈើ​នៃ​ជីវិត”(១៥:៤) ដល់​មនុស្ស​ជុំ​វិញ​យើង​។—Monica La Rose

តើ​អ្នក​បាន​ឃើញ​ពាក្យ​សម្តី​ឥតបើ​គិត បណ្តាល​ឲ្យ​មាន​ការខូចខាត​អ្វី​ខ្លះ? តើ​អ្នក​អាច​បង្ហាញ​សេចក្តី​អាណិត​របស់​ព្រះ​តាមរយៈ​ពាក្យ​សម្តី​របស់​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ កុំ​ឲ្យ​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី តែ​ពឹង​ផ្អែកលើ​ព្រះអង្គ ដើម្បី​និយាយ​អ្វី ដែល​នាំមក​នូវ​ជីវិត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ២៦-២៨ និង កិច្ចការ ២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles