កិច្ចការ ១១:១៩-៣០
មានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់។ កិច្ចការ ១១:២៤
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រីសជិន អាតស៊ូ(Christian Atsu) បានទាត់បាល់បញ្ចូលទី ធ្វើឲ្យក្រុមបាល់ទាត់របស់គាត់ទទួលបានជ័យជម្នះ ក្នុងការប្រកួត ក្នុងប្រទេសទួរគី។ តារាបាល់ទាត់អន្តរជាតិម្នាក់នេះ បានរៀនលេងកីឡានេះតាំងពីក្មេង ដោយគ្មានស្បែកជើងពាក់ ក្នុងស្រុកកំណើតគាត់ នៅប្រទេសហ្កាណា។ លោកអាត់ស៊ូ ជាអ្នកជឿព្រះយេស៊ូវ។ គាត់ថា ទំនាក់ទំនងដែលគាត់មានជាមួយព្រះយេស៊ូវ គឺជារឿងល្អបំផុតដែលបានកើតឡើង ក្នុងជីវិតគាត់។ លោកអាត់ស៊ូបានបង្ហោះខគម្ពីរ នៅលើបណ្ដាញសង្គម និងបាននិយាយអំពីជំនឿរបស់គាត់ ដោយបើកចំហ ហើយបានបង្ហាញចេញនូវសេចក្តីជំនឿរបស់គាត់ ដោយជួយសាងសង់សាលារៀន សម្រាប់ក្មេងកំព្រាជាដើម។
រយៈពេល១ថ្ងៃ បន្ទាប់ពីគាត់បានទាល់បាល់បញ្ចូលទី ដែលនាំឲ្យក្រុមគាត់ទទួលបានជ័យជម្នះ គ្រោះរញ្ជួយដីធំមួយបានកើតឡើង នៅទីក្រុងអានតាក់យ៉ា ដែលកាលពីមុនជាទីក្រុងអាន់ទីយ៉ូក ដែលមានចែងក្នុងព្រះគម្ពីរ។ អគារខុនដូរបស់លោកអាត់ស៊ូក៏បានដួលរលំ ហើយគាត់ក៏បានលាចាកលោក ទៅជាមួយជាព្រះអង្គសង្រ្គោះរបស់គាត់ នៅថ្ងៃនោះ។
កាលពីជាង២ពាន់ឆ្នាំមុន ទីក្រុងអាន់ទីយ៉ូក មានតួនាទីដ៏សំខាន់ នៅក្នុងការរីកសុះសាយ នៃពួកជំនុំដំបូង “គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង”(កិច្ចការ ១១:២៦)។ កាលនោះ លោកបាណាបាស ជាសិស្សម្នាក់ ដែល “ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ”(ខ.២៤) បានធ្វើជាឧបករណ៍ដ៏សំខាន់ ក្នុងការនាំមនុស្សជាច្រើនឲ្យទទួលជឿព្រះគ្រីស្ទ នៅសម័យនោះ(ខ.២១)។
យើងសិក្សាអំពីជីវិតរបស់លោកគ្រីសជិន អាតស៊ូ មិនមែនដើម្បីលើកគាត់ជាអាយឌលរបស់យើងនោះទេ តែដើម្បីរៀនសូត្រពីគំរូរបស់គាត់។ ទោះជីវិតយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងមិនដឹងថា ព្រះអម្ចាស់នឹងនាំយើងទៅនៅជាមួយព្រះអង្គនៅពេលណាទេ។ យើងចាំបាច់ត្រូវសួរខ្លួនឯងថា តើយើងអាចបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដល់អ្នកដទៃ តាមគំរូរបស់ពួកជំនុំដំបូង នៅទីក្រុងអាន់ទីយ៉ូក ដោយរបៀបណា។ សរុបមក នេះជាគោលដៅ នៃជីវិតដែលមានភាពជោគជ័យខាងវិញ្ញាណ។—Kenneth Petersen
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដល់អ្នកដទៃ? តើអ្នកអាចស្វែងរកឱកាស ដើម្បីជជែកអំពីព្រះយេស៊ូវ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានទូលបង្គំនូវឱកាស ដើម្បីចែកចាយជំនឿរបស់ទូលបង្គំដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ២៩-៣០ និង កិច្ចការ ២៣:១-១៥