ទំនុកដំកើង ៩១:១-២,១៤-១៦
ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ ទំនុកដំកើង ៩១:២
បន្ទាប់ពីភរិយារបស់លោកហ្វ្រេដ(Fred) បានទទួលមរណៈភាព គាត់មានអារម្មណ៍ថា គាត់អត់ទ្រាំនឹងការឈឺចាប់នៃការបាត់បង់នេះបាន ដរាបណា គាត់នៅតែអាចអាចញាំអាហារពេលព្រឹករៀងរាល់ថ្ងៃច័ន្ទជាមួយមិត្តភក្តិគាត់។ មិត្តភក្តិរបស់គាត់ដែលបានចូលនិវត្តន៍ដូចគាត់ដែរ បានលើកទឹកចិត្តគាត់យ៉ាងខ្លាំង។ ពេលណាការសោកសង្រេងវិលត្រឡប់មករកគាត់ទៀត គាត់ក៏បានគិតអំពីភាពសប្បាយរីករាយដែលគាត់នឹងមានជាមួយពួកគេ នៅពេលបន្ទាប់ទៀត។ គាត់មានអារម្មណ៍ថា កន្លែងអង្គុយដែលគាត់មាននៅក្បែរពួកគេ ក្នុងពេលជួបជុំគ្នា គឺជាកន្លែងកម្សាន្តចិត្តដែលជួយឲ្យគាត់មានអារម្មណ៍ធូរស្បើយពីទុក្ខសោកទាំងឡាយ។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលាបានកន្លងផុតទៅ ការជួបជុំគ្នាក៏លែងមានទៀត ដោយមិត្តភក្ដិគាត់ខ្លះមានជំងឺ ខ្លះបានលាចាកលោក។ ភាពចន្លោះប្រហោងក្នុងចិត្តគាត់ ក៏បាននាំគាត់ឲ្យទៅស្វែងរកការកម្សាន្តចិត្ត នៅក្នុងព្រះអម្ចាស់ ដែលគាត់ធ្លាប់បានជឿក្នុងវ័យយុវជន។ គាត់មានប្រសាសន៍ថា “សព្វថ្ងៃនេះ ខ្ញុំញាំអាហារពេលព្រឹកតែម្នាក់ឯង តែខ្ញុំតែងតែនឹកចាំថា ព្រះយេស៊ូវតែងតែគង់នៅជាមួយខ្ញុំជានិច្ច។ ហើយពេលណាខ្ញុំដើរចេញពីកន្លែងញាំអាហារពេលព្រឹក ខ្ញុំមិនបានដើរចេញ ដើម្បីប្រឈមមុខដាក់បញ្ហាតែម្នាក់ឯង នៅពេលបន្ទាប់ ក្នុងថ្ងៃនីមួយៗទៀតទេ”។
លោកហ្វ្រេដបានរកឃើញសុវត្ថិភាព និងការកម្សាន្តចិត្ត ក្នុងព្រះវត្តមានព្រះអង្គ ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ពោលថា “ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់”(ទំនុកដំកើង ៩១:២)។ លោកហ្រ្វេដក៏បានដឹងថា កន្លែងមានសុវត្ថិភាព មិនមែនជាទីកន្លែងសម្រាប់លាក់ពួនខាងសាច់ឈាមនោះទេ តែជាព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអម្ចាស់ ដែលយើងអាចទុកចិត្ត និងចូលសម្រាកនៅក្នុងព្រះអង្គ(ខ.១)។ លោកហ្វ្រេដ និងអ្នកនិពន្ធទំនុកដំកើងសុទ្ធតែបានដឹងថា ពួកគេមិនចាំបាច់ប្រឈមមុខដាក់ទុក្ខលំបាក ក្នុងថ្ងៃនីមួយៗ តែម្នាក់ឯងនោះឡើយ។ ពេលណាយើងងាកមករកព្រះអង្គ ដោយសេចក្តីជំនឿ ព្រះអង្គបានសន្យាថា នឹងឆ្លើយតបចំពោះយើង ហើយគង់នៅជាមួយយើង(ខ.១៤-១៦)។
តើយើងមានកន្លែងកម្សាន្តចិត្ត នៅពេលណាយើងមានទុក្ខលំបាកក្នុងជីវិតទេ? ទុក្ខលំបាករបស់យើងមិនស្ថិតស្ថេរ តែព្រះអម្ចាស់ស្ថិតស្ថេរអស់កល្ប។ ព្រះអង្គរង់ចាំយើង ចូលទៅរកព្រះអង្គ ជាកន្លែងជ្រកកោនពិតប្រាកដរបស់យើង។—Karen Huang
ពេលណាជីវិតអ្នកមានទុក្ខលំបាក តើអ្នកមានកន្លែងកម្សាន្តចិត្តដែរឬទេ? តើអ្នកអាចងាកមករកព្រះអង្គ ដោយទុកចិត្តថា ព្រះអង្គជាទីជ្រកកោន យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ព្រះអង្គជាកន្លែងជ្រកកោន ដែលមានការកម្សាន្តចិត្ត។ ព្រះវត្តមានព្រះអង្គមិនដែលចាកចេញពីទូលបង្គំ ឲ្យនៅឯកោឡើយ។ សូមព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយជំនួយ និងការការពារជានិច្ច។
For further study, read Jesus Is in the Room at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៣៥-៣៦ និង កិច្ចការ ២៥