ព្រះ​យេស៊ូវ​លាង​ជម្រះ​ស្នាម​ប្រឡាក់

យេរេមា ២:១-៥,២១-២២

ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏ដោយ គង់តែ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅឡើយ​ដែរ​។ យេរេមា ២:២២

មាន​ពេល​មួយ បន្ទាប់ពី​ខ្ញុំ​បាន​សម្ងួត​ខោអាវ បន្ទាប់​ពី​បោកគក់​ហើយ ខ្ញុំ​ក៏បាន​ប្រមូល​ខោអាវ​របស់​ខ្ញុំ​ចេញពី​ម៉ាស៊ីន​សម្ងួត ហើយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​អាវ​របស់​ខ្ញុំ​មាន​ស្នាម​ប្រឡាក់​។

អាវ​ពណ៌ស​របស់​ខ្ញុំ​មាន​ស្នាម​ទឹក​ប៊ិច ដែល​បាន​ហៀ​ចេញ​មក ធ្វើ​ឲ្យ​ខោអាវ​ខ្ញុំ​ប្រឡាក់​ចេញ​ស្នាម​អុចៗ​ធំៗ ដូច​ខ្លា​រខិន​។ ច្បាស់​ណាស់ ខ្ញុំ​មិន​បាន​ពិនិត្យ​មើល​ហោ​បៅ​អាវ​របស់​ខ្ញុំ​ ហើយ​ប៊ិច​ដែល​ហៀ​ទឹក​ក៏បាន​ធ្វើ​ឲ្យ​ប្រឡាក់​ខោអាវ​ទាំង​អស់ ​នៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​។

ព្រះ​គម្ពីរប៊ីប​ច្រើនតែ​ប្រើ​ពាក្យ​ប្រឡាក់ ដើម្បី​ពិពណ៌នា​អំពី​បាប​។ ស្នាម​ប្រឡាក់​នៅ​ជាប់​នៅ​លើ​សាច់​ក្រ​ណាត់ ធ្វើ​ឲ្យ​ក្រ​ណាត់​នោះ​ខូច​។ ហេតុ​នេះ​ហើយ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​យេរេមា ដោយ​ពិពណ៌នា អំពី​បាប ដោយ​រំឭក​រាស្រ្ត​ព្រះ​អង្គ​ថា ស្នាម​ប្រឡាក់​នោះ គឺ​លើស​ពី​លទ្ធ​ភាព​ដែល​ពួក​គេ​អាច​សម្អាត​ដោយ​ខ្លួនឯង​បាន​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏ដោយ គង់តែ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅឡើយ​ដែរ”(យេរេមា ២:២២)។

តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ផ្លូវ​ឲ្យ​យើង​អាច​រួច​ពី​បាប​។ ក្នុង​បទ​គម្ពីរ​អេសាយ ១:‌១៨ ព្រះអម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​លាង​សម្អាត​ស្នាម​ប្រឡាក់​របស់​បាប​ដែល​យើង​មាន គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជាមួយ​គ្នា ទោះបើ​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះបើ​ក្រហម​ឆ្អៅ​ក៏ដោយ គង់តែ​នឹង​បាន​ដូច​ជា​រោមចៀម​វិញ”។

ខ្ញុំ​មិន​អាច​លាង​ជម្រះ​ស្នាម​ទឹក​ប៊ិច​នៅ​លើ​អាវ​ពណ៌ស​បានទេ​។ ខ្ញុំ​ក៏​មិន​អាច​លាង​ជម្រះ​ស្នាម​ប្រឡាក់​របស់​បាប​ខ្ញុំ​ដែរ​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​លាង​សម្អាត​យើង ក្នុង​ព្រះគ្រីស្ទ គឺ​ដូច​ដែល​បទ​គម្ពីរ១យ៉ូហាន ១:៩ បាន​សន្យា​ថា “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”។—Adam R. Holz

តើ​អ្នក​បាន​ឆ្លងកាត់​ការ​អត់​ទោស​បាប និង​ការ​លាង​សម្អាត​ឲ្យ​រួច​ពី​បាប ក្នុង​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ?
​អ្នក​នៅ​មាន “ស្នាម​ប្រឡាក់” អ្វី​ខ្លះ ដែល​ត្រូវ​នាំ​ថ្វាយ​ដល់​ព្រះអម្ចាស់?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ប្រកាន់​ខ្ជាប់​ព្រះ​បន្ទូល​សន្យា​ ដែល​បាន​ចែង​ថា ក្នុង​ព្រះគ្រីស្ទ​មាន​ការ​អត់​ទោស​បាប និង​សេចក្តី​បរិសុទ្ធ ពេល​ណា​ទូល​បង្គំ​បាន​ទទួល​ការ​លាង​សម្អាត​ឲ្យ​ស នៅ​ចំពោះ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៤០-៤២ និង កិច្ចការ ២៧:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles