ជីវិត​ដែល​មានន័យ

កូល៉ុស ១:៣-១២

ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះអម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់តែ​ច្បាស់​ឡើង​។ កូល៉ូស ១:១០

ខណៈ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​កម្មវិធី​រំឭក​អំពី​កិច្ចការ​ដែល​ម្តាយ​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​ពាក្យ​សម្ដី សម្រាប់​ពិពណ៌នា អំពី​ជីវិត​របស់​គាត់ ចាប់​តាំងពី​ពេល​គាត់​ចាប់​កំណើត ដល់​ពេល​ដែល​គាត់​ទទួល​មរណៈ​ភាព​។ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ពេល​ដ៏​ល្អ ក៏​ដូចជា​ពេល​មិន​ល្អ ក្នុង​ទំនាក់​ទំនង​របស់​យើង​។ ខ្ញុំ​ក៏បាន​សរសើរ​ដំកើង​ព្រះអម្ចាស់ សម្រាប់​ថ្ងៃ​ដែល​ម្តាយ​ខ្ញុំ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​គាត់ បន្ទាប់​ពី​គាត់​បាន​ឃើញ​ព្រះ​អង្គ​កែ​ប្រែ​ជីវិត​ខ្ញុំ​។ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ជួយ​យើង​ឲ្យ​ចម្រើន​ឡើង ក្នុង​ជំនឿ​ជាមួយ​គ្នា ហើយក៏​មាន​អ្នក​ចែក​ចាយ អំពី​ពេល​ដែល​ម្តាយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត និង​អធិស្ឋាន​ឲ្យ​ពួកគេ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​។ ម្តាយ​របស់​ខ្ញុំ​មាន​ជីវិត​ដែល​មិន​ល្អ​ឥត​ខ្ចោះ តែ​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​មានន័យ និង​រស់នៅ​បាន​ល្អ ថ្វាយ​ព្រះយេស៊ូវ​។

គ្មាន​គ្រីស្ទបរិស័ទ​ណា​ម្នាក់ មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​​អាច​ជួយ​ឲ្យ​យើង​​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ហើយ​ផ្គាប់​ចិត្ត​ព្រះអង្គ ក្នុង​ការ​គ្រប់​យ៉ាង(កូល៉ុស ១:១០)។ សាវ័ក​ប៉ុល​បាន​ចែក​ចាយ​ថា គេ​បាន​ឮ​ល្បី​អំពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស(ខ.៣-៦)។ ព្រះវិញ្ញាណបរិសុទ្ធ​បាន​ប្រទាន​ពួកគេ​នូវ “ប្រាជ្ញា និង​ការ​យល់​ដឹង” និង​ប្រទាន​កម្លាំង​ឲ្យ​ពួកគេ​អាច​បង្កើត​ផល​ផ្លែ ក្នុង​ការ​ល្អ​នីមួយៗ​ដែល​ពួកគេ​បាន​ធ្វើ ដោយ​ស្គាល់​ព្រះអម្ចាស់ កាន់តែ​ច្បាស់​ថែម​ទៀត(ខ.៩-១០)។ ខណៈ​ពេល​ដែល​សាវ័ក​ប៉ុល​អធិស្ឋាន ឲ្យ​អ្នកជឿ​ទាំង​អស់​នោះ ហើយ​ពោល​សរសើរ​ពួកគេ គាត់​ក៏​បាន​ប្រកា​ស​ព្រះ​នាម​ព្រះយេស៊ូវ ដែល​នៅ​ក្នុង​ព្រះអង្គ យើង​មាន​ការ​ការ​ប្រោស​លោះ និង​ការ​អត់​ទោស​បាប​ផង​ដែរ(ខ.‌១៤)។

ពេលណា​យើង​ចុះ​ចូល​នឹង​ព្រះវិញ្ញាណបរិសុទ្ធ យើង​ក៏​អាច​ស្គាល់​ព្រះយេស៊ូវ​កាន់តែ​ច្បាស់ និង​ស្រឡាញ់​ព្រះអង្គ និង​រាស្រ្ត​របស់​ព្រះអង្គ ហើយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ព្រម​ទាំង​អរ​សប្បាយ​នឹង​ការ​រស់នៅ​ថ្វាយ​ព្រះអង្គ ក្នុង​ជីវិត​ដ៏​មានន័យ​។—Xochitl Dixon

តើ​មនុស្ស​ដែល​បាន​រស់នៅ ក្នុង​ជីវិត​មានន័យ មាន​ចារិក​លក្ខណៈ​អ្វី​ខ្លះ? តើ​អ្នក​អាច​អរ​សប្បាយ​ក្នុង​ការ​រស់នៅ ក្នុង​ជីវិត​ដែល​មានន័យ ដូច​ម្តេច​ខ្លះ ក្នុង​សប្តាហ៍​នេះ?

ឱ​ព្រះវិញ្ញាណបរិសុទ្ធ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ឱកាស​ចែក​ចាយ​អំពី​ព្រះអង្គ ដល់​អ្នក​ដទៃ ខណៈ​ពេល​ដែល​ទូល​បង្គំ​អរ​សប្បាយ​នឹង​ជីវិត​ដែល​មានន័យ​។

For further study, read A Resilient Life: Strength for Today from the Sermon on the Mount at DiscoverySeries.org/Q0751.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៥១-៥៣ និង រ៉ូម ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles