អេសាយ ៥៣:២,៥
ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ … យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:១-៦
អស់រយៈពេលជាង១៣០ឆ្នាំហើយ ដែលប៉មអេហ្វ៊ែល (ឬទួអេហ្វ៊ែល) បានឈរខ្ពស់ត្រដែត នៅលើទឹកដីនៃទីក្រុងប៉ារីស ក្នុងលក្ខណៈគួរឲ្យស្ញប់ស្ញែង ធ្វើជានិមិត្តរូបនៃភាពវ័យឆ្លាត និងសម្រស់ផ្នែកស្ថាបត្យកម្មរបស់ជនជាតិបារាំង។ ទីក្រុងប៉ារីសបានលើកដំកើងប៉មមួយនេះ ថាជាផ្នែកមួយដ៏សំខាន់នៃភាពរុងរឿងរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ កាលគេកំពុងសាងសង់ប៉មនេះ មានមនុស្សជាច្រើនមិនសូវបានឲ្យតម្លៃវាទេ។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញ ធ្លាប់បាននិយាយថា “ទួអេហ្វ៊ែលមានរាងស្ដួច ហើយស្តើង ដូចបំពង់ផ្សែងរបស់រោងចក្រអញ្ចឹង”។ គាត់មិនអាចមើលឃើញសំណង់មួយនេះ មានភាពស្រស់ស្អាតត្រង់ណាទេ។
អ្នកដែលបានស្រឡាញ់ព្រះយេស៊ូវ ហើយបានថ្វាយចិត្តដាច់ដល់ព្រះអង្គ ដោយទទួលព្រះអង្គជាព្រះអង្គសង្រ្គោះ បានចាត់ទុកព្រះអង្គថា ជាព្រះដែលគួរឲ្យស្ញប់ស្ញែង ដោយដឹងថា ព្រះអង្គជានរណា និងបានធ្វើអ្វីខ្លះសម្រាប់យើង។ ប៉ុន្តែ ហោរាអេសាយបានលើកឡើងថា “ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ”(៥៣:២)។
ប៉ុន្តែ ការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង មានភាពខ្ពង់ខ្ពស់គួរឲ្យស្ញប់ស្ញែងបំផុត ដោយបានឆ្លុះបញ្ចាំងឲ្យយើងឃើញភាពស្រស់ស្អាតរបស់ព្រះអង្គ ក្នុងទម្រង់ដែលពិតបំផុត និងបរិសុទ្ធបំផុត ដែលមនុស្សធ្លាប់បានស្គាល់ និងដកពិសោធន៍ជាមួយ។ “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង”(ខ.៤)។ ព្រះអង្គ “ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”(ខ.៥)។
យើងនឹងមិនដែលបានឃើញនរណាម្នាក់ មានភាពស្រស់ស្អាត និងគួរឲ្យស្ញប់ស្ញែង ដូចព្រះពិតតែមួយ ដែលបានសុគតជំនួសយើង នៅលើឈើឆ្កាង ដោយទទួលទោសនៃអំពើបាបរបស់យើង ដាក់នៅលើអង្គទ្រង់។
ព្រះអង្គមានព្រះនាម យេស៊ូវ។ ជាព្រះដែលគួរឲ្យស្ញប់ស្ញែង។ ចូរយើងមើលទៅព្រះអង្គ ហើយរស់នៅស្របតាមបំណងព្រះទ័យព្រះអង្គ។—Dave Branon
តើព្រះយេស៊ូវបានបង្ហាញភាពស្រស់ស្អាតរបស់ព្រះអង្គ ដល់អ្នកដូចម្តេចខ្លះ? តើអ្នកមានការលើកទឹកចិត្តយ៉ាងណាខ្លះ ពេលដែលបានដឹងថា មានតែព្រះអង្គទេ ដែលអាចប្រទានក្តីសង្ឃឹមដល់អ្នក?
ឱព្រះដែលមានភាពស្រស់ស្អាតគួរស្ញប់ស្ញែង ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើការលះបង់ ដើម្បីទូលបង្គំ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៥៤-៥៦ និង រ៉ូម ៣