ដានីយ៉ែល ៦:១-១០
ពួកអធិបតី និងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់។ ដានីយ៉ែល ៦:៤
អ្នកវិទ្យាសាស្រ្តមកពីសកលវិទ្យាល័យរដ្ឋកាលីហ្វូញ៉ា បានធ្វើតេស្តមកលើសំណាក ដែលអ្នកប្រើប្រាស់មួយចំនួនបានបន្សល់ទុកនៅលើទូរស័ព្ទចល័តរបស់ខ្លួន ដើម្បីមើលឲ្យស្គាល់លក្ខណៈពិសេស និងទម្លាប់នៃការរស់នៅរបស់អ្នកប្រើប្រាស់ទាំងនោះ។ ពួកគេក៏បានរកឃើញសំណាកជាច្រើនប្រភេទ ដែលជាបំណែកតូចល្អិតរបស់សាប៊ូដុំ ឡេ សាប៊ូកក់សក់ និងម្សៅលាបមុខ ដែលអ្នកប្រើប្រាស់ទូរស័ព្ទបានប្រើ ហើយក៏អាចដឹង អំពីប្រភេទអាហារ ភេសជ្ជៈ និងថ្នាំពេទ្យក៏ដូចជាសំលៀកបំពាក់ដែលពួកគេបានប្រើប្រាស់។ ការសិក្សារបស់ពួកគេបានអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ បង្កើតប្រវត្តិរូបអំពីរបៀបនៃការរស់នៅ របស់អ្នកប្រើប្រាស់ទាំងនោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ រឿងរបស់លោកដានីយ៉ែល ដែលក្នុងនោះ ពួកនាម៉ឺន ក្នុងចក្រភពបាប៊ីឡូន បានព្យាយាមតាមដានរបៀបនៃការរស់នៅរបស់ហោរាដានីយ៉ែល ដើម្បីព្យាយាមស្វែងរកចំណុចអាក្រក់ ឬការថ្លស់ធ្លោយរបស់គាត់។ ប៉ុន្តែ គាត់បានបម្រើរាជការដោយចិត្តស្មោះត្រង់ អស់រយៈពេលជិត៧០ឆ្នាំហើយ បានជាគេ “មិនឃើញគាត់មានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះគាត់ជាមនុស្សស្មោះត្រង់(ដានីយ៉ែល ៦:៤)។ តាមពិត ស្តេចដារីយ៉ូសបានដំឡើងមុខតំណែងរបស់គាត់ ឲ្យគ្រប់គ្រងពីលើពួកអធិបតីជាច្រើន(ខ.១-២)។ ប្រហែលដោយសារការច្រណែន ពួកមន្រ្តីដទៃទៀត ក៏បានព្យាយាមស្វែងរកដាននៃអំពើពុករលួយ នៅក្នុងការងាររបស់គាត់ ដើម្បីឲ្យពួកគេអាចកំចាត់គាត់។ ទោះជាយ៉ាងណាក៏ដោយ គាត់បានរក្សាភាពស្អាតស្អំ ហើយបន្តបម្រើ និងអធិស្ឋានដល់ព្រះអម្ចាស់ ដូចកាលពីមុន(ខ.១០)។ ទីបំផុត លោកដានីយ៉ែលក៏បានចម្រើនឡើង ក្នុងការបំពេញតួនាទី ក្នុងរាជ្យស្តេចដារីយ៉ូស(ខ.២៨)។
ការរស់នៅរបស់យើង បន្សល់ទុកដាន ដែលគេអាចមើលឃើញ ហើយដឹងថា យើងជានរណា និងបានធ្វើតំណាងឲ្យនរណា។ យើងពិបាករស់នៅឲ្យបានល្អ ហើយយើងមិនល្អឥតខ្ចោះ តែនៅពេលណាមនុស្សជុំវិញយើងសង្កេតមើលជីវិតយើង សូមឲ្យគេមើលឃើញដាន នៃភាពស្អាតស្អំ និងភាពប្តូរផ្តាច់ដែលយើងមាន ចំពោះព្រះយេស៊ូវ ខណៈពេលដែលព្រះអង្គកំពុងនាំយើង ដើរផ្លូវត្រូវ។—Marvin Williams
តើការរស់នៅរបស់អ្នក បាននាំអ្នកដទៃឲ្យស្គាល់ផ្លូវព្រះដែរឬទេ? តើអ្នកត្រូវមានការផ្លាស់ប្តូរអ្វីខ្លះ ដើម្បីឲ្យអ្នកអាចធ្វើជាតំណាងឲ្យព្រះអង្គ បានល្អជាងមុន?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើជាតំណាងព្រះអង្គ ឲ្យបានល្អ ក្នុងការនិយាយស្តី និងការប្រព្រឹត្តរបស់ទូលបង្គំ។
For further study, read Taking Sin Seriously at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៥៧-៥៩ និង រ៉ូម ៤