អ្នក​បញ្ចប់​កិច្ចការ​ក្នុង​ព្រះគ្រីស្ទ

១ពង្សាវតាក្សត្រ ១៩:១៤-២១

តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស … ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​។ ១ពេត្រុស ២:៩

អ្នក​ស្រី​បា​បារ៉ា(Barbara) បាន​ចាក់​អាវ​រងា ឲ្យ​ចៅ​ប្រុស​គាត់ ឈ្មោះ អីធិន(Ethan)។ តែ​គាត់​ក៏បាន​លាចាក​លោក មុន​ពេល​គាត់​អាច​បញ្ចប់​កិច្ចការ​នេះ​។ គេ​ក៏​បាន​យ​កអាវ​រងា​ដែល​ចាក់​មិន​ទាន់​ហើយ​នោះ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ចូល​ចិត្ត​ចាក់អាវ ដើម្បី​បន្ត​កិច្ចការ​នេះ​ឲ្យ​រួចរាល់​។ កិច្ចការ​នេះ​អាច​បន្ត​ទៅ​បាន ដោយសារ​អង្គការ​មួយ​មាន​បណ្ដាញ​ជា​មួយ​សិប្បករ ជា​អ្នក​ស្ម័គ្រ​ចិត្ត ធ្វើ​ជា “អ្នក​បញ្ចប់​កិច្ចការ” ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​គ្រួសារ​ណាមួយ ដែល​បាន​លាចាក​លោក មុន​ពេល​ពួកគេ​អាច​បញ្ចប់​កិច្ចការ​នោះ​។ “អ្នក​បញ្ចប់​កិច្ចការ”ទាំង​នោះ បាន​លះបង់​ពេល​វេលា និង​ជំនាញ ដើម្បី​បញ្ចប់​កិច្ចការ ដែល​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​កាន់​ទុក្ខ​។

នៅ​គ្រា​សញ្ញា​ចាស់ ព្រះអម្ចាស់​ក៏បាន​តែងតាំង “អ្នក​បញ្ចប់​កិច្ចការ​ម្នាក់” សម្រាប់​លោក​អេលីយ៉ា​ផង​ដែរ​។ កាល​នោះ លោក​ហោរា​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ និង​បាក់​ទឹក​ចិត្ត ដោយសារ​ពួក​អ៊ីស្រាអែល​បដិសេធន៍​សេចក្តី​សញ្ញា​របស់​ព្រះអង្គ ហើយ​កំពុង​កាប់​សម្លាប់​ពួក​ហោរា​របស់​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​បង្គាប់​គាត់​ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ធ្វើ​ជា​អ្នក​ស្នង​ការងារ​របស់​គាត់ ជា​ហោរា(១ពង្សាវតាក្សត្រ ១៩:១៦)។ ការ​នេះ​បាន​ធានា​ថា ការងារ​ប្រកាស​សេចក្តី​ពិត​របស់​ព្រះ នឹង​នៅតែ​បន្ត បន្ទាប់ពី​លោក​អេលីយ៉ា​លាចាក​លោក​។

ដើម្បី​បង្ហាញ​លោក​អេលីសេ​ថា ព្រះអម្ចាស់​បាន​ត្រាស់ហៅ​គាត់ ឲ្យ​ស្នង​តំណែង​លោក​អេលីយ៉ា ធ្វើ​ជា​ហោរា​របស់​ព្រះអម្ចាស់ លោក​អេលីយ៉ា​ក៏​បាន​បោះ​ក្រមា ទៅលើ​ខ្លួន​លោក​អេលីសេ(ខ.១៩)។ ដោយសារ​ក្រមា​របស់​ហោរា ជា​តំណាង​ឲ្យ​អំណាច​របស់​គាត់ ជា​អ្នក​នាំ​ព្រះរាជសារ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស(២ពង្សាវតាក្សត្រ ២:៨) នោះ​លោក​អេលីសេ​ក៏បាន​ដឹង​ច្បាស់​ថា ព្រះអម្ចាស់​ពិតជា​បាន​ត្រាស់ហៅ​ខ្លួន​ឲ្យ​ធ្វើ​ជា​ហោរា​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ចែក​ចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ ហើយ​សរសើរ​ដំកើង​ព្រះអង្គ ឲ្យ​គេ​បាន​ស្គាល់​ព្រះអង្គ(២ពង្សាវតាក្សត្រ ២:៩)។ បើ​យើង​មិន​អាច​បញ្ចប់​កិច្ចការ​នេះ​បាន មុន​ពេល​យើង​លាចាក​លោក យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ទ្រទ្រង់​កិច្ចការ​នេះ ហើយ​នឹង​បន្ត​ត្រាស់ហៅ អ្នក​ផ្សេង ឲ្យ​បន្ត​ការងារ​ប្រកា​ស​ព្រះបន្ទូល ឲ្យ​គេ​ស្គាល់​ព្រះអង្គ​។—Kirsten Holmberg

តើ​នរណា​បាន​ប្រកាស​សេចក្តី​ពិត​របស់​ព្រះ ឲ្យ​អ្នក​បាន​ស្គាល់​ព្រះអង្គ? តើ​អ្នក​អាច​រួម​ចំណែក​ក្នុង​ការងារ​នាំ​លោកិយ​ឲ្យ​ស្គាល់​ព្រះអង្គ ដោយ​របៀបណា?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ប្រើ​ទូល​បង្គំ ឲ្យ​រួម​ចំណែក ក្នុង​ការ​សម្រេច​កិច្ចការ​ព្រះអង្គ ក្នុង​លោកិយ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំ​កើង ៦៣-៦៥ និង រ៉ូម ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles