ម៉ាថាយ ៨:៥-១៣
ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ។ ម៉ាថាយ ៨:៩
មានពេលមួយ ខណៈពេលដែលកូនស្រីខ្ញុំកំពុងចូលអង្គុយក្នុងឡាន បន្ទាប់ពីការហ្វឹកហាត់ចប់ គាត់ក៏បានសួរខ្ញុំថា “ប៉ា យប់នេះ កូនអាចទៅគេងនៅផ្ទះមិត្តភក្តិរបស់កូនបានទេ?” ខ្ញុំក៏បានឆ្លើយថា “កូនសំឡាញ់ កូនដឹងចម្លើយហើយ។ ប៉ាគ្រាន់តែជាអ្នកបើកឡានទេ។ ប៉ាមិនដឹងរឿងអីទេ។ កូនសួរម៉ាក់កូនទៅ”។
ពាក្យ “ប៉ាគ្រាន់តែជាអ្នកបើកឡាន” បានក្លាយជាពាក្យកំប្លែង ប្រចាំគ្រួសារខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំសួរប្រពន្ធខ្ញុំដែលជាអ្នកមានរបៀបថា ខ្ញុំត្រូវបើកឡានទៅកន្លែងណា នៅពេលណា ហើយត្រូវបើកឡានជូននរណា ទៅកន្លែងណា។ ដោយសារខ្ញុំមានកូនវ័យជំទង់៣នាក់ ហើយជួនកាល ខ្ញុំមានអារម្មណ៍ថា តួនាទីរបស់ខ្ញុំជាអ្នកបើកបររបស់ពួកគេ ហាក់ដូចជាការងារទីពីររបស់ខ្ញុំ។ ជាញឹកញាប់ ខ្ញុំត្រូវសួរប្រពន្ធខ្ញុំដែលជាអ្នកចាត់ចែងការធ្វើដំណើរ។
ក្នុងបទគម្ពីរម៉ាថាយ ៨ ព្រះយេស៊ូវបានជួបបុរសម្នាក់ដែលយល់ច្បាស់ អំពីការបង្គាប់ និងការស្ថិតនៅក្រោមបង្គាប់។ ក្នុងនាមគាត់ជាមេទ័ពម្នាក់ របស់ចក្រភពរ៉ូម៉ាំង គាត់ដឹងថា ព្រះយេស៊ូវមានអំណាចប្រោសឲ្យជា គឺដូចដែលមេទ័ពមានអំណាចបញ្ជាមនុស្សដែលនៅក្រោមបង្គាប់របស់គាត់។ មេទ័ពនោះក៏បានទូលព្រះអង្គថា “សូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ។ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ”(ខ.៨-៩)។ ព្រះគ្រីស្ទបានសរសើរសេចក្តីជំនឿរបស់គាត់(ខ.១០,១៣) ដោយមានសេចក្តីអស្ចារ្យក្នុងព្រះទ័យ ចំពោះការយល់ដឹងរបស់គាត់ អំពីអំណាចរបស់ព្រះអង្គ។
ចុះចំណែកយើងវិញ? តើយើងមានការទុកចិត្តព្រះយេស៊ូវដូចម្តេចខ្លះ នៅក្នុងការបំពេញកិច្ចការដែលព្រះអង្គប្រទានឲ្យយើងធ្វើ ជារៀងរាល់ថ្ងៃ? ហើយទោះយើងគិតថា យើង “គ្រាន់តែជាអ្នកបើកបរ” កិច្ចការនីមួយដែលព្រះអង្គដាក់ឲ្យយើងធ្វើ សុទ្ធតែមានអត្ថន័យ និងគោលបំណង ដែលទាក់ទងនឹងនគរព្រះអង្គ។—Adam R. Holz
តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងថា ព្រះអម្ចាស់កំពុងដឹកនាំអ្នកទៅកន្លែងណា និងដោយរបៀបណា ជារៀងរាល់ថ្ងៃ? តើមានឧបសគ្គអ្វី ដែលរារាំងអ្នក មិនឲ្យស្តាប់ព្រះបន្ទូល និងអនុវត្តតាម?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការដឹកនាំទូលបង្គំ គ្រប់ជំហាន។ សូមព្រះអង្គជួយទូលបង្គំ ឲ្យដើរជារៀងរាល់ថ្ងៃ ដោយពឹងផ្អែកលើព្រះអង្គ តាមការដឹកនាំ តាមផែនការ និងគោលបំណងរបស់ព្រះអង្គ។
For further study, read Making Decisions God’s Way at DiscoverySeries.org/Q0745.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៦៦-៦៧ និង រ៉ូម ៧