អេសាយ ៤៣:១១-១៩
មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ។ អេសាយ ៤៣:១៩
មានពេលមួយ កីឡាករដ៏ល្បីល្បាញម្នាក់ ជាខ្សែប្រយុទ្ធក្នុងកីឡាបាល់ទាត់អាមេរិក បានបោះជំហានឡើងនិយាយនៅលើវេទិកា តែមិនមែននៅក្នុងពហុកីឡាដ្ឋាននោះទេ។ ថ្ងៃនោះ គាត់ឈរនិយាយទៅកាន់អ្នកទោស៣រយនាក់ ក្នុងមណ្ឌលកែប្រែអេវើក្លេត ទីក្រុងម៉ៃអាមី រដ្ឋផ្លូរីដា ដោយចែកចាយដល់ពួកគេ នូវព្រះបន្ទូលក្នុងកណ្ឌអេសាយ។
តែពេលនោះ គាត់មិនចែកចាយអំពីភាពរុងរឿងរបស់កីឡាករដ៏ល្បីល្បាញនោះទេ តែគាត់បាននិយាយអំពីវិញ្ញាណមនុស្សជាច្រើន ដែលកំពុងមានភាពប្រេះបែក និងឈឺចាប់។ ក្នុងពេលដ៏ពិសេសនោះ ព្រះអម្ចាស់បានធ្វើការក្នុងមន្ទីរឃុំឃាំងនោះ។ អ្នកសង្កេតមើលព្រឹត្តិការណ៍នៅថ្ងៃនោះ ក៏បានបង្ហោះសារក្នុងបណ្ដាញសង្គមថា “កម្មវិធីជួបជុំគ្នានៅថ្ងៃនោះ ក៏បានផ្ទុះចេញជាការថ្វាយបង្គំ និងច្រៀងសរសើរដំកើងព្រះ”។ ពួកគេក៏បានទួញយំ និងអធិស្ឋានជាមួយគ្នានៅថ្ងៃនោះ ដោយចិត្តឆេះឆួល។ នៅចុងបញ្ចប់នៃកម្មវិធី អ្នកទោស២៧នាក់បានថ្វាយជីវិតរបស់ខ្លួន ដល់ព្រះគ្រីស្ទ។
តាមពិត ទោះយើងជាអ្នកទោសកំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងឬអត់ យើងម្នាក់ៗសុទ្ធតែជាប់ឃុំ នៅក្នុងគុកនៃភាពលោភលន់ ភាពអាត្មានិយម និងការញៀនអ្វីមួយ។ ប៉ុន្តែ ព្រះអម្ចាស់ក៏បានយាងមករកយើង ដែលនេះជារឿងដ៏អស្ចារ្យណាស់។ ក្នុងមន្ទីរឃុំឃាំងនៅពេលព្រឹកនោះ គេបានដកស្រង់បទគម្ពីរអេសាយ ៤៣:១៩ ដែលក្នុងនោះ ព្រះអម្ចាស់មានបន្ទូលថា “មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ?”។ បទគម្ពីរនេះក៏បានលើកទឹកចិត្តយើងឲ្យភ្លេចរឿងចាស់ ហើយឈប់រស់នៅក្នុងអតីតកាលទៀត(ខ.១៨) ដ្បិតព្រះអម្ចាស់មានបន្ទូលថា “គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ”(ខ.២៥)។
តែព្រះអម្ចាស់បានបញ្ជាក់ច្បាស់ថា ក្រៅពីព្រះអង្គ គ្មានព្រះសង្គ្រោះណាទៀតឡើយ(ខ.១១)។ គឺទាល់តែយើងថ្វាយជីវិតយើងដល់ព្រះគ្រីស្ទ ទើបយើងអាចមានសេរីភាព។ សម្រាប់អ្នកដែលបានថ្វាយជីវិតដល់ព្រះអង្គហើយ ពួកគេចាំបាច់ត្រូវចាំថា ព្រះអម្ចាស់នៃជីវិតយើងជានរណា។ ព្រះអង្គបានធានាថា ព្រះអង្គនឹងធ្វើការថ្មីមួយ តាមរយៈព្រះគ្រីស្ទ។ យើងនឹងបានឃើញការនោះលេចឡើងមិនខាន។—Kenneth Petersen
តើបាបរបស់អ្នកបានឃុំឃាំងអ្នក ដោយរបៀបណា? តើធ្វើដូចម្តេចឲ្យអ្នកអាចរំដោះខ្លួន ចេញពីភាពបាក់បែកនោះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីការឃុំឃាំងរបស់បាបទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៨៧-៨៨ និង រ៉ូម ១៣