បណ្តាលចិត្តឲ្យទទួលស្គាល់កំហុស
ទំនុកដំកើង ៣២:១-៧ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ ទូលបង្គំនៅចំពោះទ្រង់។ ទំនុកដំកើង ៣២:៥ កាលខ្ញុំនៅរៀន ក្នុងថ្នាក់អនុវិទ្យាល័យ ខ្ញុំបានចូលរួមជាមួយសិស្សមួយក្រុម ដែលនាំគ្នាលេងបាញ់គ្រាប់ធ្វើពីក្រដាស ដោយប្រើបំពង់ទុយោផ្លុំ ឲ្យត្រូវខ្នងរបស់សមាជិកក្រុមតន្ត្រីរបស់សាលា ខណៈពេលដែលពួកគេកំពុងសម្ដែង។ ខ្ញុំបាននិយាយកុហកគេថា ខ្ញុំមិនមែនជាអ្នកធ្វើទេ។ ខ្ញុំស្ទើរតែរួចខ្លួនទៅហើយ តែព្រះអម្ចាស់ក៏បានបញ្ឈប់ខ្ញុំទាន់។ នាយកសាលារបស់យើង ជាអតីតយោធាជើងទឹក ហើយគេឮល្បីថា គាត់ពូកែដាក់ពិន័យមកលើសិស្សខូច ហើយខ្ញុំពិតជាខ្លាចគាត់ណាស់។ ដូចនេះ នៅពេលមិត្តភក្តិដែលខ្ញុំបានឃុបឃិតជាមួយ បានសារភាពថា ខ្ញុំក៏បានចូលរួមជាមួយពួកគេដែរ ខ្ញុំក៏បានកុហកគាត់ថា ខ្ញុំមិនមែនជាអ្នកធ្វើទេ។ បន្ទាប់មក ខ្ញុំក៏បានកុហកឪពុកខ្ញុំផងដែរ។ ប៉ុន្តែ ព្រះអម្ចាស់មិនបណ្តោយឲ្យការកុហកនេះ ចេះតែបន្តទៅមុខទៀតទេ។ ព្រះអង្គក៏បានបណ្តាលចិត្តខ្ញុំឲ្យប្រកាន់ទោសខ្លួនឯង។ បន្ទាប់ពីខ្ញុំបានព្យាយាមប្រឆាំងព្រះអង្គអស់ជាច្រើនសប្តាហ៍ ខ្ញុំក៏បានទទួលស្គាល់កំហុស។ ខ្ញុំក៏បានទូលសូមការអត់ទោសពីព្រះអង្គ និងពីឪពុករបស់ខ្ញុំ។ មួយរយៈក្រោយមក ខ្ញុំក៏បានទៅផ្ទះរបស់នាយកសាលា ហើយក៏បានសារភាពកំហុស ទាំងទឹកភ្នែក។ អរព្រះគុណព្រះអង្គ ដែលគាត់ជាមនុស្សចិត្តល្អ និងមានការអត់ទោស។ ខ្ញុំមិនដែលភ្លេចអារម្មណ៍ធូរស្រាលដែលខ្ញុំទទួលបាន បន្ទាប់ពីបន្ទុកនោះត្រូវបានលើកចេញ នៅថ្ងៃនោះ។ ខ្ញុំមានសេរីភាពរួចផុតពីទម្ងន់នៃការប្រកាន់ទោសខ្លួនឯង ហើយមានចិត្តរីករាយឡើងវិញ បន្ទាប់ពីខ្ញុំមានការពិបាកចិត្តអស់ជាច្រើនសប្តាហ៍។ ស្តេចដាវីឌក៏បានពិពណ៌នា អំពីពេលដែលទ្រង់បានទទួលការបណ្តាលចិត្តឲ្យទទួលស្គាល់កំហុស និងបានសារភាពនៅចំពោះព្រះ ក្នុងជីវិតទ្រង់ផងដែរ។…
Read article