បណ្តាល​ចិត្ត​ឲ្យ​ទទួល​ស្គាល់​កំហុស

ទំនុក​ដំកើង ៣២:១-៧

ទូល​បង្គំ​បាន​រ៉ាប់​ទទួល​អំពើបាប​របស់ ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់​។ ទំនុក​ដំកើង ៣២:៥

កាល​ខ្ញុំ​នៅ​រៀន ក្នុង​ថ្នាក់​អនុវិទ្យាល័យ ខ្ញុំ​បាន​ចូល​រួម​ជាមួយ​សិស្ស​មួយ​ក្រុម ដែល​នាំ​គ្នា​លេង​បាញ់​គ្រាប់​ធ្វើ​ពី​ក្រដាស ដោយ​ប្រើ​បំពង់​ទុយោ​ផ្លុំ ឲ្យ​ត្រូវ​ខ្នង​របស់​សមាជិក​ក្រុម​តន្ត្រី​របស់​សាលា ខណៈ​ពេល​ដែល​ពួកគេ​កំពុង​សម្ដែង​។ ខ្ញុំ​បាន​និយាយ​កុហក​គេ​ថា ខ្ញុំ​មិនមែន​ជា​អ្នក​ធ្វើ​ទេ​។ ខ្ញុំ​ស្ទើរតែ​រួច​ខ្លួន​ទៅ​ហើយ តែ​ព្រះអម្ចាស់​ក៏បាន​បញ្ឈប់​ខ្ញុំ​ទាន់​។ នាយក​សាលា​របស់​យើង ជា​អតីត​យោធា​ជើង​ទឹក ហើយ​គេ​ឮ​ល្បី​ថា គាត់​ពូកែ​ដាក់​ពិន័យ​មក​លើ​សិស្ស​ខូច ហើយ​ខ្ញុំ​ពិតជា​ខ្លាច​គាត់​ណាស់​។ ដូច​នេះ នៅពេល​មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​ឃុបឃិត​ជាមួយ បាន​សារភាព​ថា ខ្ញុំ​ក៏បាន​ចូល​រួម​ជាមួយ​ពួកគេ​ដែរ ខ្ញុំ​ក៏បាន​កុហក​គាត់​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើ​ទេ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កុហក​ឪពុក​ខ្ញុំ​ផង​ដែរ​។

ប៉ុន្តែ ព្រះ​អម្ចាស់​មិន​បណ្តោយ​ឲ្យ​ការ​កុហក​នេះ ចេះតែ​បន្ត​ទៅមុខ​ទៀត​ទេ​។ ព្រះអង្គ​ក៏​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រកាន់​ទោស​ខ្លួនឯង​។ បន្ទាប់ពី​ខ្ញុំ​បាន​ព្យាយាម​ប្រឆាំង​ព្រះអង្គ​អស់​ជា​ច្រើន​សប្តាហ៍ ខ្ញុំ​ក៏បាន​ទទួល​ស្គាល់​កំហុស​។ ខ្ញុំ​ក៏​បាន​ទូល​សូម​ការ​អត់​ទោស​ពី​ព្រះអង្គ និង​ពី​ឪពុក​របស់​ខ្ញុំ​។ មួយ​រយៈ​ក្រោយមក ខ្ញុំ​ក៏បាន​ទៅ​ផ្ទះ​របស់​នាយក​សាលា ហើយក៏​បាន​សារភាព​កំហុស ទាំង​ទឹក​ភ្នែក​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​គាត់​ជា​មនុស្ស​ចិត្ត​ល្អ និង​មាន​ការ​អត់​ទោស​។

ខ្ញុំ​មិន​ដែល​ភ្លេច​អារម្មណ៍​ធូរ​ស្រាល​ដែល​ខ្ញុំ​ទទួល​បាន បន្ទាប់ពី​បន្ទុក​នោះ​ត្រូវ​បាន​លើក​ចេញ នៅ​ថ្ងៃ​នោះ​។ ខ្ញុំ​មាន​សេរី​ភាព​រួច​ផុត​ពី​ទម្ងន់​នៃ​ការ​ប្រកាន់​ទោស​ខ្លួនឯង ហើយ​មាន​ចិត្ត​រីករាយ​ឡើង​វិញ បន្ទាប់ពី​ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត​អស់​ជា​ច្រើន​សប្តាហ៍​។ ស្តេច​ដាវីឌ​ក៏បាន​ពិពណ៌នា អំពី​ពេល​ដែល​ទ្រង់​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​ទទួល​ស្គាល់​កំហុស និង​បាន​សារភាព​នៅ​ចំពោះ​ព្រះ ក្នុង​ជីវិត​ទ្រង់​ផង​ដែរ​។ គឺ​ដូច​ដែល​ទ្រង់​ទូល​ថ្វាយ​ព្រះ​អម្ចាស់​ថា “កាល​ទូល​បង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូល​បង្គំ​បាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូល​បង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះ​ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូល​បង្គំ​ជា​ធ្ងន់ ទាំងយប់​ទាំង​ថ្ងៃ …ទូល​បង្គំ​បាន​រ៉ាប់​ទទួល​អំពើបាប​របស់ ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់”(ទំនុក​ដំកើង ៣២:៣-៥)។

ភាព​ពិត​ត្រង់​របស់​យើង មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់​។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​សារ​ភាព​បាប​របស់​យើង នៅ​ចំពោះ​ព្រះអង្គ ហើយ​បើ​យើង​ធ្វើ​ខុស​មក​លើ​នរណា​ម្នាក់ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ​សុំ​ទោស​ពួកគេ​។ ស្តេច​ដាវីឌ​ក៏​បាន​ប្រកាស​ថា “ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើបាប​នៃ​ទូល​បង្គំ​ទៅ”(ខ.៥)។ ក្តី​អំណរ និង​សន្តិភាព​នឹង​កើត​មាន​ក្នុង​ចិត្ត​យើង ពេលណា​យើង​បាន​ស្គាល់​សេរី​ភាព ដែល​យើង​ទទួល​បាន​ពី​ការ​អត់​ទោស​របស់​ព្រះអម្ចាស់​។—James Banks

តើ​ការ​មាន​ភាព​ពិត​ត្រង់​ចំពោះ​ព្រះ បាន​ជួយ​អ្នក​ដូច​ម្តេច​ខ្លះ? តើ​ការ​អត់​ទោស​របស់​ព្រះយេស៊ូវ បាន​ដក​បន្ទុក​ចិត្ត​ពី​ចិត្ត​អ្នក ហើយ​កែ​ប្រែ​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​សារភាព​បាប នៅ​ចំពោះ​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ចិត្ត​ពិត​ត្រង់​ចំពោះ​ព្រះអង្គ​ជានិច្ច​។

Visit ODBU.org/SF120 to hear of the great joy being authentic with God can bring.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៩១-៩៣ និង រ៉ូម ១៥:១-១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles