លើស​ពី​បង​ប្រុស

ម៉ាកុស ៦:១-៦

អ្នក​ទាំង​នោះ​ក៏​អាក់អន់​ចិត្ត​នឹង​ទ្រង់​។ ម៉ាកុស ៦:៣

លោកចន(Jon) បាន​ទទួល​ការ​តែងតាំង​ជា​សាស្ដាចារ្យ ធ្វើ​ការ​ពេញ​ពេល ក្នុង​មហាវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ​។ លោក​ដាវីឌ ជា​បង​ប្រុស​របស់​គាត់ មាន​ចិត្ត​រីករាយ​ចំពោះ​គាត់ ប៉ុន្តែ មិន​អាច​ឃាត់​ចិត្ត​ខ្លួនឯង មិន​ឲ្យ​និយាយ​បង្អាប់​លោក​ចន អំពី​រឿង​ដែល​ពួក​គេ​ធ្លាប់​បោក​ចំបាប់​គ្នា​នៅ​លើ​ដី កាលពី​ក្មេង​។ លោក​ចន​មាន​ភាព​ថ្កុំ​ថ្កើង​ក្នុង​ជីវិត ប៉ុន្តែ គាត់​នៅតែ​ជា​ប្អូន​ប្រុស​របស់​លោក​ដាវីឌ​។

ពេល​ខ្លះ​សាច់​ញាតិ​របស់​យើង​មិន​ងាយ​មាន​ចិត្ត​ស្ញប់​ស្ញែង ចំពោះ​ភាព​ជោគជ័យ​របស់​យើង ហើយ​សូម្បីតែ​ព្រះ​មែស៊ី​ក៏​ធ្លាប់​ជួប​រឿង​នេះ​ផង​ដែរ​។ ព្រះយេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត ដូច​នេះ ពួកគេ​ពិបាក​នឹង​ជឿ​ថា ព្រះអង្គ​មាន​អ្វី​ដែល​ពិសេស​ខុស​ពី​ធម្មតា។ ប៉ុន្តែ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល​។ បានជា​ពួកគេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​ពីណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បានជា​មាន​ការ​ឫទ្ធិ​បារមី​យ៉ាង​នេះ​កើតមក ដោយសារ​ដៃ​គាត់​ដូច្នេះ តើ​គាត់​មិនមែន​ជា​ជាងឈើ ជា​កូន​នៃ​នាង​ម៉ារា…ទេ​ឬ​អី?”(ម៉ាកុស ៦:២-៣)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​កត់​សំ​គាល់​ថា “ហោរា​មិនមែន​ឥត​គេ​រាប់អាន​ទេ លើកតែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ​សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ”(ខ.៤)។ អ្នក​ទាំង​នោះ​ស្គាល់​ព្រះយេស៊ូវ​ច្បាស់ ប៉ុន្តែ ពួកគេ​មិន​អាច​ជឿ​ទេ​ថា ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។

ទោះ​អ្នក​ធ្លាប់​បាន​ទទួល​ការ​ចិញ្ចឹម​បីបាច់​ក្នុង​គ្រួសារ​ដែល​កោត​ខ្លាច​ព្រះ​ឬ​អត់ ឬ​ធ្លាប់​បាន​ទៅ​ព្រះវិហារ ច្រៀង​សរសើរ​ព្រះ កាលពី​ក្មេង​ឬ​អត់ ព្រះយេស៊ូវ​តែងតែ​ចាត់​ទុក​អ្នក​ជា​សមាជិក​គ្រួសារ​របស់​ព្រះអង្គ បើសិន​ជា​អ្នកជឿ និង​ដើរ​តាម​ព្រះអង្គ​។ ព្រះអង្គ​មិន​ខ្មាសអៀន​ នៅ​ក្នុង​ការ​ហៅ​យើង​ថា បង​ប្អូន​របស់​ព្រះអង្គ​ឡើយ (ហេព្រើរ ២:‌១១)។ ព្រះ​យេស៊ូវ​ជា​បង​ប្រុស​របស់​យើង ក្នុង​មហា​គ្រួសារ​នៃ​ព្រះ(រ៉ូម ៨:២៩)។ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ ប៉ុន្តែ ភាព​ជិត​ស្និទ្ធ​ដែល​យើង​មាន​ជាមួយ​ព្រះអង្គ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ព្រះអង្គ​ហាក់​ដូចជា​គ្មាន​អ្វី​ប្លែក​សម្រាប់​យើង​។ ប៉ុន្តែ ដោយសារ​នរណា​ម្នាក់​ស្ថិត​ក្នុង​គ្រួសារ​តែមួយ​ជាមួយ​យើង គឺ​មិន​មានន័យថា ពួកគេ​មិន​ពិសេស​ចំពោះ​យើង​នោះ​ទេ។

តើ​អ្នក​មិន​សប្បាយ​ចិត្ត​ទេឬ ពេល​ដែល​បាន​ដឹង​ថា ព្រះ​យេស៊ូវ​ជា​បង​ប្រុស​របស់​យើង ហើយ​លើស​ពី​បង​ប្រុស​ផង? ចូរ​យើង​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះអង្គ ដោយ​ចាត់​ទុក​ព្រះអង្គ​ជា​បុគ្គល​ពិសេស​​ក្នុង​ជីវិត​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ​។—Mike Wittmer

តើ​ព្រះយេស៊ូវ​មាន​ទំនាក់​ទំនងជា​មួយ​អ្នក​ដោយ​ផ្ទាល់​ខ្លួន ដូច​ម្តេច​ខ្លះ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នៅតែ​ចាត់​ទុក​ព្រះអង្គ ជា​បុគ្គល​ពិសេស?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​នាំ​ទូល​បង្គំ​ចូល​មហា​គ្រួសារ​របស់​ព្រះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៩៤-៩៦ និង រ៉ូម ១៥:១៤-៣៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles