២សាំយូអែល ២២:១-៧,២៩-៣០
ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ។ ២សាំយូអែល ២២:២៩
កងទ័ពអាមេរិកមិនបានផ្តល់ឱកាស ឲ្យលោកថូនី វ៉ាខារ៉ូ(Tony Vaccaro) ចូលបម្រើការងារជាអ្នកថតរូបរបស់កងទ័ពទេ ប៉ុន្តែ បញ្ហានេះមិនបានរារាំងគាត់មិនឲ្យទៅថតរូបនៅសមរភូមិឡើយ។ ក្នុងពេលដែលគួរឲ្យតក់ស្លុត ខណៈពេលដែលទាហានទាំងឡាយកំពុងគេចពីគ្រាប់ផ្លោង និងអំបែងគ្រាប់ដែលហាក់ដូចជាធ្លាក់ចុះមកដូចទឹកភ្លៀង គាត់នៅតែបន្តថតរូប ដោយមិនរួញរា។ បន្ទាប់មក នៅពេលដែលមិត្តភក្តិរបស់គាត់កំពុងគេងលង់លក់ នៅពេលយប់ គាត់ក៏បានប្រើមួកដែករបស់គាត់ ដើម្បីលាយទឹកជាមួយសារធាតុសម្រាប់ផ្ដិតរូប ដែលគាត់ថតបាន។ ព្រៃឈើនៅពេលយប់ងងឹតប្រៀបដូចជាបន្ទប់ងងឹតសម្រាប់ឲ្យជាងថតរូបនេះ ផ្ដិតរូបថតនៃការប្រយុទ្ធគ្នាមួយ ក្នុងព្រៃហូតហ្គិន ក្នុងសម័យសង្រ្គាមលោកលើកទីពីរ។
ស្តេចដាវីឌបានឆ្លងកាត់សង្គ្រាម និងពេលដ៏ងងឹតផងដែរ។ បទគម្ពីរ ២សាំយូអែល ២២ បានចែងថា “រីឯនៅថ្ងៃ ដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន ហើយពីកណ្តាប់ដៃនៃសូល”(ខ.១)។ តាមរយៈបទពិសោធន៍នៅពេលនោះ ស្តេចដាវីឌក៏បាននិពន្ធទំនុកដំកើង ប្រកាសអំពីសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់។ ទ្រង់ពោលថា “ដ្បិតរលកនៃសេចក្តីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ សេចក្តីទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ”(ខ.៥)។
មិនយូរប៉ុន្មាន ស្តេចដាវីឌក៏បានផ្លាស់ប្តូរពីភាពទាល់ច្រក ទៅជាមានសង្ឃឹម គឺដូចដែលទ្រង់មានបន្ទូលថា “នៅគ្រាមានសេចក្តីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់”(ខ.៧)។ ស្តេចដាវីឌបានប្ដេជ្ញាចិត្តថា ទ្រង់នឹងសរសើរដំកើងព្រះអម្ចាស់ ដោយសារព្រះអង្គតែងតែយកព្រះទ័យទុកដាក់។ គឺដូចដែលទ្រង់ពោលថា “ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ។ ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន”(ខ.២៩-៣០)។
ស្តេចដាវីឌបានប្រើទុក្ខលំបាករបស់ទ្រង់ ទៅជាឱកាស ដើម្បីប្រកាសប្រាប់លោកិយ អំពីព្រះដ៏ស្មោះត្រង់របស់ទ្រង់។ យើងក៏អាចធ្វើដូចទ្រង់ផងដែរ។ សរុបមក យើងសុទ្ធតែត្រូវពឹងផ្អែកលើព្រះដែលអាចកែប្រែភាពងងឹត ទៅជាពន្លឺ។—Tim Gustafson
តើអ្នកជួបភាពទាល់ច្រកខ្លាំងបំផុត នៅពេលណា? តើអ្នកអាចប្រាប់អ្នកដទៃដូចម្តេចខ្លះ អំពីសេចក្តីស្មោះត្រង់ ដែលព្រះអង្គមានចំពោះអ្នក នៅពេលនោះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមើលឃើញរបៀបជាច្រើន ដែលព្រះអង្គការពារ និងជួយទូលបង្គំ ជាពិសេសនៅពេលដែលទូលបង្គំស្ថិតក្នុងភាពងងឹត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ១០៣-១០៤ និង ១កូរិនថូស ២