ចិត្ត​ដែល​កែ​ប្រែ

យេរេមា ៤:‌១-៤

ឱ​ពួក​អ៊ីស្រាអែលអើយ បើឯង​នឹងមកឯអញ​វិញ ហើយ​នឹង​លះបង់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់ឯង​ចេញ​ពីមុខអញ​ទៅ នោះឯង​រាល់​គ្នា​មិន​ត្រូវ​បំបរបង់​ទេ​។ យេរេមា ៤:‌១

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​បំពាន​ពាក្យ​សន្យា ដែល​គាត់​ធ្លាប់​បាន​ប្រកាស ក្នុង​ពិធី​មង្គល​ការ​របស់​គាត់​។ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត​ណាស់ ពេល​ដែល​បាន​ឃើញ​គាត់​បំផ្លាញ​គ្រួសារ​របស់​គាត់​។ ពេល​គាត់​ស្វែងរក​ការ​ផ្សះផ្សា​ជាមួយ​ភរិយា​គាត់ គាត់​ក៏​បាន​សុំ​ការ​ប្រឹក្សា​យោបល់​ពី​ខ្ញុំ​។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា គាត់​ចាំបាច់​ត្រូវ​ផ្តល់​ឲ្យ​ភរិយា​គាត់ លើស​ពី​ពាក្យ​សម្តី​របស់​គាត់ បាន​សេចក្តី​ថា គាត់​ចាំបាច់​ត្រូវ​បង្ហាញ​ការ​កែ​ប្រែ ក្នុង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ភរិយា​របស់​គាត់ ហើយ​ត្រូវ​លប់​បំបាត់ដាន​នៃ​អំពើបាប​ទាំង​អស់​ដែល​គាត់​មាន​។

ហោរា​យេរេមា​ក៏បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ស្រដៀង​នេះ ដល់​អ្នក​ដែល​បាន​បំពាន​សេចក្តី​សញ្ញា ដែល​ពួកគេ​បាន​តាំង​ជាមួយ​ព្រះអម្ចាស់ ហើយ​ងាក​ទៅដើរ​តាម​ព្រះ​ដទៃ​។ បើ​គ្រាន់​តែ​ងាក​ទៅ​រក​ព្រះអង្គ(យេរេមា ៤:‌១) នោះ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ ទោះ​នេះ​ជា​ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ក៏ដោយ​។ ពួកគេ​ចាំ​បាច់​ត្រូវ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ឲ្យ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​។ បាន​សេចក្តី​ថា ពួកគេ​ត្រូវ​លះបង់​ចោល​ការ​ថ្វាយបង្គំ​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​នោះ(ខ.១)។ ហោរា​យេរេមា​មាន​ប្រសាសន៍​ថា បើ​ពួកគេ​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ដោយ​ពិត​ត្រង់ យុត្តិ​ធម៌ និង​សុចរិត ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​​ដល់​ប្រជា​ជាតិ​ទាំងឡាយ(ខ.២)។ បញ្ហា​ស្ថិត​នៅ​ត្រង់ថា ពួកគេ​កំពុង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​តែ​បបូរ​មាត់ គឺ​មិន​បាន​សន្យា​ឲ្យ​អស់ពី​ចិត្ត​ទេ​។

ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ នឹង​ការ​សន្យា​តែ​បបូរ​មាត់ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “មាត់​តែង​និយាយ តាម​សេចក្តី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត”(ម៉ាថាយ ១២:៣៤)។ ហេតុ​នេះ​ហើយ ហោរា​យេរេមា​ក៏បាន​បន្ត​លើក​ទឹក​ចិត្ត​អ្នក​ដែល​ស្តាប់​គាត់ ដើម្បី​ឲ្យ​ពួកគេ​ភ្ជួរ​បំបែក​ដីរឹង​នៃ​ចិត្ត​របស់​ពួកគេ ហើយ​កុំ​ឲ្យ​ព្រោះ​គ្រាប់ពូជ​ក្នុង​គុម្ព​បន្លា​ឡើយ(យេរេមា ៤:៣)។

គួរ​ឲ្យ​ស្តាយ​ណាស់ មិត្ត​ភក្តិ​របស់​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ការ​ប្រឹក្សា​យោបល់ ដែល​ត្រឹម​ត្រូវ​តាម​ព្រះ​គម្ពីរប៊ីប គឺ​មិន​ខុសពី​មនុស្ស​ជា​ច្រើន​ដែល​មិន​ស្តាប់​បង្គាប់​ព្រះ ហើយ​ជា​លទ្ធផល គាត់​ក៏​មាន​ការ​លែងលះ​គ្នា​ជាមួយ​ភរិយា​គាត់​។ ពេលណា​យើង​ប្រព្រឹត្ត​អំពើបាប យើង​ត្រូវតែ​សារភាព ហើយ​ងាក​បែរ​ចេញ​ពី​វា​។ ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​ឲ្យ​យើង​សន្យា​តែ​បបូរ​មាត់​នោះ​ទេ តែ​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​រស់នៅ ក្នុង​ជីវិត ដែល​ពិត​ជា​សម​ស្រប​នឹង​ព្រះបន្ទូល​ព្រះអង្គ​។—Matt Lucas

តើ​ពាក្យ​សម្តី​របស់​អ្នក​មិន​សម​ស្រប​នឹង​ទង្វើ​របស់​អ្នក ត្រង់​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក? តើ​អ្នក​ចាំ​បាច់​ត្រូវ​កែ​ប្រែ​ត្រង់​ចំណុច​ណា​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេលណា​ទង្វើ​របស់​ទូល​បង្គំ មិន​សម​ស្រប​នឹង​សេចក្តី​ជំនឿ​របស់​ទូល​បង្គំ​។

For further study, read Part of the Problem—Understanding the Power of Words at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ១១៣-១១៥ និង ១កូរិនថូស ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles