១ពេត្រុស ២:៩-១២
ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ។ ១ពេត្រុស ២:១០
ស្នូរទះដៃបានផ្ទុះឡើង ខណៈពេលដែលសិស្សឆ្នើមប្រចាំសាលាបានទទួលបណ្ណសរសើរ សម្រាប់ភាគជោគជ័យក្នុងការសិក្សា។ ប៉ុន្តែ កម្មវិធីអបអរនេះមិនមែនមានតែប៉ុណ្ណឹងទេ។ រង្វាន់បន្ទាប់ គឺសម្រាប់អបអរសិស្សដែលមិនមែនជាសិស្ស “ឆ្នើម” តែជាសិស្សដែលបានប្រឹងប្រែងរៀនសូត្រ ឲ្យការសិក្សាមានភាពល្អប្រសើរជាងមុន។ ពួកគេបានខិតខំ ដើម្បីកុំឲ្យប្រឡងធ្លាក់ទៀត ឬបានកែប្រែអាកប្បកិរិយាដែលរំខានអ្នកដទៃ ឬបានប្ដេជ្ញាចិត្តមករៀនឲ្យទៀងទាត់។ ឪពុកម្តាយរបស់ពួកគេក៏មានទឹកមុខញញឹម ហើយក៏បានទះដៃអបអរ ដោយទទួលស្គាល់ថា កូនរបស់ខ្លួនបានងាកមកដើរផ្លូវថ្មី ជាផ្លូវដ៏ត្រឹមត្រូវវិញ គឺមិនបានមើលទៅចំណុចខ្វះខាតដែលពួកគេមានកាលពីមុននោះទេ។
ទិដ្ឋភាពនៃការអបអរដូចនេះ ពិតជាបានលើកទឹកចិត្តយើងណាស់ តែក៏បានរំឭកយើង អំពីរបៀបដែលព្រះវរបិតាទតឃើញជីវិតយើងដែលជាអ្នកជឿព្រះអង្គ គឺមិនបានទតឃើញជីវិតយើង ជាអ្នកដទៃដូចកាលពីមុននោះទេ តែព្រះអង្គទតឃើញជីវិតយើង ជាកូនព្រះអង្គ នៅក្នុងព្រះគ្រីស្ទ ក្នុងពេលបច្ចុប្បន្ន។ គឺដូចមានសេចក្តីចែងថា “ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។
នេះជាការបើកបង្ហាញ ដែលមានពេញដោយក្តីស្រឡាញ់! ហេតុនេះហើយ សាវ័កប៉ុលបានរំឭកអ្នកជឿថ្មីថា “ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ”(អេភេសូរ ២:១)។ ប៉ុន្តែ តាមពិត “យើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម”(ខ.១០)។
សាវ័កពេត្រុសក៏បានបង្រៀនផងដែរថា “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់” “តែឥឡូវនេះជាសាសន៍របស់ព្រះវិញ”(១ពេត្រុស ២:៩-១០)។ នៅក្នុងព្រះនេត្ររបស់ព្រះ ផ្លូវជីវិតចាស់របស់យើង មិនមែនជាកត្តាកំណត់ ឬមានអំណាចគ្រប់គ្រងជីវិតយើងទៀតទេ។ ចូរយើងមើលឃើញខ្លួនយើង ដូចដែលព្រះអង្គទតឃើញយើង ហើយដើរតាមផ្លូវថ្មី ជាផ្លូវដែលព្រះអង្គរៀបចំឲ្យយើងដើរ។—Patricia Raybon
តើព្រះអង្គបានទតឃើញអ្នកជានរណា? តើអ្នកគួរតែដើរក្នុងព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះវរបិតា នៅថ្ងៃនេះ សូមព្រះអង្គបណ្តាលចិត្តទូលបង្គំ ឲ្យគិតអំពីខ្លួនឯង តាមទស្សនៈរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ១១៦-១១៨ និង ១កូរិនថូស ៧:១-១៩