លោកុប្បត្តិ ១២:១-៥
អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយក្នុងកាលដែលអ៊ីសាក កូនគាត់កើតមក។ លោកុប្បត្តិ ២១:៥
លោកភីល ស្ទ្រីងជ័រ(Phil Stringer) បានរង់ចាំអស់រយៈពេល១៨ម៉ោង ទំរាំតែបានធ្វើដំណើរតាមយន្តហោះ ដែលបានពន្យារពេល ដោយសារព្យុះរន្ទះ។ ទោះជាយ៉ាងណាក៏ដោយ ភាពអត់ធ្មត់ និងការស៊ូទ្រាំរបស់គាត់មិនអត់ប្រយោជន៍ទេ។ គាត់បានធ្វើដំណើរទៅដល់គោលដៅរបស់គាត់ ហើយបានចូលរួមការប្រជុំដ៏សំខាន់ សម្រាប់មុខជំនួញរបស់គាត់ទាន់ពេលវេលាប៉ុណ្ណោះទេ តែជាងនេះទៅទៀត គាត់ជាអ្នកដំណើរម្នាក់គត់ដែលបានធ្វើដំណើរ តាមជើងហោះហើរនោះ ដោយសារអ្នកដំណើរដទៃទៀតបានបោះបង់ចោលការតស៊ូ ក្នុងការរង់ចាំ ឬងាកទៅរកការធ្វើដំណើរតាមមធ្យោបាយផ្សេងវិញ។ ក្នុងការធ្វើដំណើរនោះ អ្នកបម្រើនៅលើយន្តហោះបានផ្តល់ឲ្យគាត់នូវអាហារ និងភេសជ្ជៈដែលគាត់ចង់បាន តាមចិត្ត ហើយលោកស្ទ្រីងជ័រក៏បានប្រាប់គេថា គាត់បានអង្គុយនៅលើកៅអីជួរមុខគេ ព្រោះគាត់ចង់អង្គុយនៅលើកៅអីមួយណាក៏បាន ក្នុងយន្តហោះ ដោយសារយន្តហោះនោះ មានតែគាត់ម្នាក់គត់ ដែលជាអ្នកដំណើរ។ ដូចនេះ លទ្ធផលដែលគាត់ទទួលបាន គឺសក្តិសមនឹងឲ្យគាត់រង់ចាំ។
លោកអ័ប្រាហាំក៏បានស៊ូទ្រាំនឹងការរង់ចាំ ដែលមានការពន្យារពេលដ៏យូរជាងនេះទៀត។ កាលពីមុន គឺនៅពេលដែលគាត់មានឈ្មោះថា អាប់រ៉ាម ព្រះទ្រង់បានប្រាប់គាត់ថា ព្រះអង្គនឹងបង្កើតជាតិសាសន៍ដ៏ធំមួយ ចេញពីគាត់ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងមានពរ ដោយសារគាត់(លោកុប្បត្តិ ១២:២-៣)។ ប៉ុន្តែ បញ្ហាដែលបុរសអាយុ៧៥ឆ្នាំនោះមាន គឺស្ថិតនៅត្រង់ថា តើប្រជាជាតិដ៏ធំមួយអាចកើតចេញពីគាត់ដោយរបៀបណា បើសិនជាគាត់គ្មានកូនសម្រាប់បន្តខ្សែលោហិតទេនោះ? ហើយនៅពេលដែលគាត់កំពុងរង់ចាំនោះ ភរិយាគាត់ក៏បានបែកគំនិតចង់ “ជួយ” ព្រះសម្រេចព្រះបន្ទូលសន្យា ដោយនាំគាត់ដើរផ្លូវខុស (១៥:២-៣ ១៦:១-២) ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់មានអាយុ១០០ឆ្នាំ កូនរបស់គាត់ឈ្មោះអ៊ីសាក ក៏បានចាប់កំណើត(២១:៥)។ នៅសម័យក្រោយមក កណ្ឌគម្ពីរហេព្រើរក៏បានពោលសរសើរសេចក្តីជំនឿរបស់គាត់ នៅក្នុងការរង់ចាំនោះផងដែរ(១១:៨-១២)។
ការរង់ចាំអាចមានការលំបាក។ ហើយការរង់ចាំរបស់យើង ប្រហែលមិនល្អឥតខ្ចោះ គឺមិនខុសពីការរង់ចាំរបស់លោកអ័ប្រាហាំទេ។ ប៉ុន្តែ ពេលណាយើងអធិស្ឋាន ហើយសម្រាកក្នុងផែនការរបស់ព្រះ សូមព្រះអង្គជួយយើងឲ្យអាចស៊ូទ្រាំ នៅក្នុងការរង់ចាំ។ ការរង់ចាំដែលស្របតាមបំណងព្រះទ័យព្រះអង្គ គឺមិនដែលធ្វើឲ្យយើងខកចិត្តទេ។—Tom Felten
តើអ្នកកំពុងរង់ចាំអ្វី? តើអ្នកអាចសម្រាក និងស៊ូទ្រាំ ដោយពឹងអាងកម្លាំងព្រះអង្គ ក្នុងការរង់ចាំ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យរង់ចាំ និងស៊ូទ្រាំ ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ១២៣-១២៥ និង ១កូរិនថូស ១០:១-១៨