បន្ទាប​ខ្លួន​សុំ​ជំនួយ

កិច្ចការ ២:៤២-៤៧

ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជាមួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា​។ កិច្ចការ ២:៤៤

ខណៈ​ពេល​ដែល​ពិធីជប់លៀង​របស់​គ្រួសារ​ខ្ញុំ ជិត​ចូល​មកដល់ ខ្ញុំ​និង​ភរិយា​ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​រៀប​ផែនការ​។ ដោយសារ​យើង​​មាន​ភ្ញៀវ​ជា​ច្រើន​ដែល​នឹង​មក​ចូល​រួម តើ​យើង​គួរ​តែ​ជួល​ចុងភៅ​ឲ្យ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង​ដែរ​ឬ​ទេ? បើ​យើង​ត្រូវ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង តើ​យើង​គួរ​តែ​ទិញ​ចង្ក្រាន​សម្រាប់​អាំង​សាច់​បាប៊ីឃ្យូ​ទេ? ថ្ងៃ​នោះ អាច​នឹង​មាន​ភ្លៀង តើ​យើង​គួរ​តែ​ទិញ​រោង​សម្រាប់​ជ្រក​ភ្លៀង​ដែរ​ឬ​ទេ? មិន​យូរ​ប៉ុន្មាន ពិធីជប់លៀង​របស់​យើង​មាន​ការ​ចំណាយ​កាន់តែ​ច្រើន ហើយ​យើង​ក៏​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បន្តិច​។ នៅ​ក្នុង​ការ​ព្យាយាម​ផ្គត់ផ្គង់​អ្វី​គ្រប់​យ៉ាង ដោយ​ខ្លួនឯង យើង​ក៏បាន​ខកខាន​មិន​បាន​ឆក់​ឱកាស​ទទួល​ជំនួយ​ពី​អ្នក​ដទៃ​។

សហគមន៍​ដែល​សម​ស្រប​តាម​ព្រះ​គម្ពីរប៊ីប គឺ​មាន​ការ​ឲ្យ និង​ការ​ទទួល​។ សូម្បីតែ​កាល​មនុស្ស​ដំបូង​មិន​ទាន់​ធ្លាក់​ចូល​ក្នុង​បាប លោក​អ័ដាម ក៏​ត្រូវ​ការ​ជំនួយ​ផង​ដែរ(លោកុប្បត្តិ ២:‌១៨) ហើយ​ក្រោយមក ព្រះអម្ចាស់​បាន​បង្រៀន​យើង ឲ្យ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ដទៃ(សុភាសិត ១៥:២២) ហើយ​ចែករំលែក​បន្ទុក​របស់​យើង​ដល់​គ្នា​ទៅវិញ​ទៅមក​(កាឡាទី ៦:២)។ ពួក​ជំនុំ​ដំបូង​បាន​លក់​ទ្រព្យ​សម្បត្តិ ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក តាម​ដែល​ត្រូវ​ការ ហើយក៏​មាន​ចិត្ត​គំនិត​ដែល​រួបរួម​គ្នា​ផង​ដែរ(កិច្ចការ ២:៤៤-៤៥)។ ពួកគេ​មិន​បាន​រស់នៅ ដោយ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​ចែករំលែក ឲ្យខ្ចី ឲ្យ​អំណោយ ហើយ​ទទួល​ពី​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា យ៉ាង​មាន​របៀប​។

សម្រាប់​ពិធីជប់លៀង​របស់​គ្រួសារ​ខ្ញុំ​នៅ​ថ្ងៃ​នោះ យើង​ក៏បាន​សម្រេច​ចិត្ត​ស្នើ​ឲ្យ​ភ្ញៀវ​របស់​យើង នាំ​យក​បន្លែ​ចម្រុះ​មក​ធ្វើ​ម្ហូប​សាឡាត់ ឬ​នាំ​បង្អែម មក​ចូល​រួម​ពិធីជប់លៀង​នៅ​ផ្ទះ​យើង​។ អ្នក​ជិត​ខាង​របស់​យើង​ក៏​បាន​យក​ចង្ក្រាន​អាំង​សាច់​បាប៊ីឃ្យូ​មក ហើយ​មិត្ត​ភក្តិ​របស់​យើង​ខ្លះ​ក៏​បាន​នាំ​យក​រោង​របស់​គាត់​មក សម្រាប់​ត្រៀម​ជ្រក​ពេល​ភ្លៀង​ផង​ដែរ។ ការ​ដែល​យើង​សុំ​ជំនួយ​ពី​ពួកគេ គឺ​បាន​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់តែ​ជិត​ស្និទ្ធ ហើយ​អាហារ​ដែល​ពួក​គេ​បាន​យក​មក បាន​នាំ​ឲ្យ​យើង​មាន​ម្ហូប​ច្រើន​មុខ​សម្រាប់​ចែករំលែក និង​បរិភោគ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​។ ក្នុង​សម័យ​បច្ចុប្បន្ន ការ​ចូល​ចិត្ត​ផ្គត់​ផ្គង់​ខ្លួនឯង ដោយ​មិន​ពឹងពាក់​អ្នក​ដទៃ អាច​ក្លាយ​ជា​ប្រភព​នៃ​សេចក្តី​អំនួត​។ ប៉ុន្តែ ព្រះអម្ចាស់​ប្រទាន​ព្រះគុណ ដល់​មនុស្ស​ដែល​បន្ទាប​ខ្លួន(យ៉ាកុប ៤:៦) គឺ​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​សុំ​ជំនួយ​ពី​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន​ផង​ដែរ​។—Sheridan Voysey

តើមាន​អ្វី​រារាំង​អ្នក​មិន​ឲ្យ​សុំ​ជំនួយ​ពី​អ្នក​ដទៃ? តើ​ថ្មីៗ​នេះ អ្នក​មាន​តម្រូវការ​អ្វី​ខ្លះ ដែល​អ្នក​អាច​ខ្ចី​ពី​គេ ជា​ជាង​ចំណាយ លុយ ទិញ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​បង្កើត​យើង​ខ្ញុំ​មក ឲ្យ​ចេះ​គិត​មាន​ហេតុផល​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់នៅ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​ចែករំលែក​ធនធាន​ដល់​អ្នក​ដទៃ ក៏​ដូចជា​ហ៊ាន​ទទួល​ជំនួយ​ពី​គេ​វិញផងដែរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ១៣៧-១៣៩ និង ១កូរិនថូស ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles