សុភាសិត ១៣-១៥ និង ២កូរិនថូស ៥
និក្ខមនំ ២០:៨-១១
ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ និក្ខមនំ ២០:៨
តើអ្នកធ្លាប់ចែកចាយរឿងមួយ ឲ្យគេស្តាប់ ហើយក៏បានជាប់គាំងពាក់កណ្តាលទី ដោយសារអ្នកមិនអាចចាំឈ្មោះមនុស្ស ឬកាលបរិច្ឆេទណាមួយ ក្នុងសាច់រឿងទេ។ ជាញឹកញាប់ យើងច្រើនតែគិតថា ការចងចាំរបស់យើងមានការចុះខ្សោយ ពេលដែលយើងមានវ័យកាន់តែចាស់។ ប៉ុន្តែ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ មិនបានគាំទ្រទស្សនៈមួយនេះទៀតទេ។ តាមពិត ពួកគេបានលើកឡើងថា ការចងចាំរបស់យើងមិនបានបាត់ទៅណាទេ តែយើងគ្រាន់តែមានការអន់ថយ នៅក្នុងសមត្ថភាពនៃការទាញយកការចងចាំទាំងនោះមកប្រើឡើងវិញ។ បើសិនជាគ្មានការរំឭកតាមបែបណាមួយ ជាទៀងទាត់ទេ នោះយើងកាន់តែពិបាកទាញយកការចងចាំរបស់យើងមកប្រើឡើងវិញ។
វិធីមួយ ក្នុងចំណោមវិធីដែលអាចជួយឲ្យយើងទាញយកការចងចាំ គឺត្រូវរៀបកាលវិភាគធ្វើសកម្មភាពជាទៀងទាត់ ឬធ្វើការរំឭកឡើងវិញនូវការរឿងមួយចំនួន។ ព្រះអាទិករនៃយើងបានជ្រាប់អំពីរឿងនេះ ហេតុនេះហើយ បានជាព្រះអង្គបានបង្គាប់កូនចៅអ៊ីស្រាអែល ឲ្យញែកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីថ្វាយបង្គំ និងសម្រាក។ ក្រៅពីការសម្រាកខាងរូបកាយ ក្នុងពេលដ៏ខ្លីនោះ យើងក៏មានឱកាសហ្វឹកហាត់ខាងផ្លូវចិត្តផងដែរ ដោយនឹកចាំថា “ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក”(និក្ខមនំ ២០:១១)។ ការអនុវត្តន៍ដូចនេះ ជួយយើងឲ្យនឹកចាំថា មានព្រះមួយអង្គដែលយកព្រះទ័យទុកដាក់ចំពោះយើង។
ក្នុងជីវិតដែលមានពេញដោយការប្រញាប់ប្រញាល់ និងការជាប់រវល់ ជួនកាល យើងភ្លេចការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង និងអ្នកដទៃ។ យើងភ្លេចព្រះដែលបានថែរក្សាជីវិតយើងយ៉ាងផ្ចិតផ្ចង់ ហើយបានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច បានជាយើងមិនចាំបាច់ត្រូវមានអារម្មណ៍ថា ជីវិតមានការពិបាកពេក ឬមានអារម្មណ៍ឯកោនោះឡើយ។ ការឈប់សម្រាកពីភាពមមាញឹករបស់យើង បានផ្តល់ឱកាសឲ្យយើងធ្វើការហ្វឹកហាក់ “ការទាញយកការចងចាំ” គឺការសម្រេចចិត្តឈប់បង្អង់ ហើយនឹកចាំព្រះរបស់យើង ហើយ “មិនភ្លេចបណ្តាព្រះគុណណាមួយរបស់ព្រះអង្គឡើយ”(ទំនុកដំកើង ១០៣:២)។—John Blasé
តើមានការអ្វីល្បួងអ្នកមិនឲ្យចំណាយពេលឈប់សម្រាក? តើការចំណាយពេលឈប់សម្រាក បានជួយអ្នកឲ្យចូលទៅជិតព្រះអម្ចាស់ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គនឹកចាំទូលបង្គំ ហើយប្រទានទូលបង្គំនូវប្រាជ្ញា ដើម្បីឲ្យឈប់បង្អង់ ហើយនឹកចាំព្រះអង្គផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៣-១៥ និង ២កូរិនថូស ៥