សាស្តា ២:៨-១៣,១៩-២២
អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ។ អេភេសូរ ២:១៩
“កន្លែងនេះមិនស្វាគមន៍ឯងទេ”។ ពាក្យសម្តីប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់ មានការឈឺចាប់យ៉ាងខ្លាំង ដែលបន្តនៅជាប់ក្នុងចិត្តនាងអស់ជាច្រើនឆ្នាំ។ ក្រុមគ្រួសាររបស់នាងបានធ្វើដំណើរមកពីជំរុំជនភៀសខ្លួន ក្នុងប្រទេសដែលកំពុងទទួលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ហើយកាតអន្តោប្រវេសន៍របស់នាង មានពាក្យ “ជនបរទេស” ដែលគេបានបោះត្រាពីលើ។ នាងមានអារម្មណ៍ថា គេមិនស្វាគមន៍នាងក្នុងប្រទេសនេះ។
នៅពេលនាងពេញវ័យ ទោះនាងបានទទួលជឿព្រះយេស៊ូវហើយក៏ដោយ ក៏នាងនៅតែមានអារម្មណ៍ថា គេមិនរាប់រកនាង។ នាងនៅតែមានអារម្មណ៍ឈឺចាប់ ដោយសារគេចាត់ទុកនាងជាមនុស្សដទៃដែលគេមិនស្វាគមន៍។ កាលនាងកំពុងអានព្រះគម្ពីរប៊ីប នាងក៏បានរកឃើញព្រះបន្ទូលសន្យា ក្នុងបទគម្ពីរអេភេសូរ ជំពូក២។ នៅក្នុងខ.១២ នាងក៏បានឃើញពាក្យ “មនុស្សដទៃ” ដែលធ្លាប់តែធ្វើឲ្យនាងមិនសប្បាយចិត្ត។ “នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ”។ ប៉ុន្តែ ខណៈពេលដែលនាងបន្តអានកណ្ឌគម្ពីរនេះ នាងក៏បានដឹងថា ការលះបង់របស់ព្រះគ្រីស្ទនៅលើឈើឆ្កាង បានកែប្រែសណ្ឋានរបស់នាងជាមនុស្សដទៃ។ នាងក៏បានអានដល់ ខ.១៩ ដែលបានប្រាប់នាងថា នាង “មិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ”។ នាងជា “ជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ”។ ពេលដែលនាងបានដឹងថា នាងគឺជាពលរដ្ឋនៃស្ថានសួគ៌ នាងមានអំណរដ៏លើសលប់។ នាងមិនមែនជាអ្នកដទៃទៀតទេ។ ព្រះអម្ចាស់បានស្វាគមន៍ និងទទួលនាងចូលមហាគ្រួសាររបស់ព្រះអង្គ។
ដោយសារបាបរបស់យើង យើងបានដាច់ចេញពីព្រះ។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវបន្តរស់នៅ ដោយដាច់ចេញពីព្រះអង្គនោះឡើយ។ ព្រះយេស៊ូវប្រទានសន្តិភាពដល់អស់អ្នក ដែល “មកពីស្រុកឆ្ងាយ”(ខ.១៧) ដោយទទួលយកអស់អ្នកដែលទទួលជឿព្រះអង្គ ឲ្យពួកគេក្លាយជាសាសន៍ស្ថានសួគ៌ នៃនគរដ៏អស់កល្បរបស់ព្រះអង្គ ដែលរួបរួមគ្នាជារូបកាយនៃព្រះគ្រីស្ទ។—Dave Branon
តើអ្នកមានអារម្មណ៍ថា គេមិនស្វាគមន៍អ្នកដូចម្តេចខ្លះ? តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលបានដឹងថា ព្រះទ្រង់បានត្រាស់ហៅកូនព្រះអង្គទាំងអស់ ឲ្យបានរួបរួមជាមួយព្រះអង្គ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបាននាំទូលបង្គំ ចូលក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ និងអ្នកដទៃ ដែលស្រឡាញ់ និងជឿព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: បទចម្រៀងសាឡូម៉ូន ១-៣ និង កាឡាទី ២