សុភាសិត ១៤:៧-១៦
មនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។ សុភាសិត ១៤:១៦
កោះលីនឌីសហ្វឺន មានឈ្មោះមួយទៀតថា កោះបរិសុទ្ធ នៅក្នុងប្រទេសអង់គ្លេស ដែលមានផ្លូវតូចមួយតភ្ជាប់ទឹកដីប្រទេសអង់គ្លេសទៅកាន់កោះនេះ។ ទឹកសមុទ្របានជោរឡើងលិចផ្លូវថ្នល់នេះមួយថ្ងៃ២ដង។ គេបានដាក់ផ្លាកសញ្ញា ដើម្បីដាស់តឿនភ្ញៀវទេសចរណ៍ អំពីគ្រោះថ្នាក់នៃការឆ្លងកាត់ទៅកាន់កោះនេះ ពេលទឹកជោរឡើងខ្លាំង។ ប៉ុន្តែ ភ្ញៀវទេសចរណ៍ជាច្រើន នៅតែមិនអើពើចំពោះការដាស់តឿននេះ ហើយជាញឹកញាប់ គេឃើញអ្នកទាំងនោះអង្គុយនៅលើដំបូលឡានដែលបានលិចក្នុងទឹកសមុទ្រ ឬហែលទឹកទៅរកប៉មយាម នៅក្នុងទឹក ដើម្បីឲ្យគេជួយសង្រ្គោះ។ តាមពិត គេអាចព្យាករណ៍ អំពីពេលដែលទឹកជោរ គឺដូចដែលគេអាចដឹងថា ថ្ងៃនឹងរះនៅពេលណា។ ហើយគេបានដាក់ផ្លាកសញ្ញាដាស់តឿនគ្រប់ទីកន្លែង បានជាគេមិនអាចដោះសាថា ខ្លួនមិនបានឃើញផ្លាកសញ្ញាទាំងនោះឡើយ។ ប៉ុន្តែ គឺដូចដែលអ្នកនិពន្ធម្នាក់បានពិពណ៌នាថា កោះលីនឌីសហ្វឺន “គឺជាទីកន្លែង ដែលមនុស្សល្ងីល្ងឺព្យាយាមប្រកួតប្រជែងជាមួយទឹកជោរ”។
កណ្ឌគម្ពីរសុភាសិតបានប្រាប់យើងថា “មនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯង”(១៤:១៦)។ មនុស្សដែលល្ងីល្ងើមិនសូវយកចិត្តទុកដាក់ចំពោះការស្វែងរកប្រាជ្ញា ឬការប្រឹក្សាប្រកបដោយប្រាជ្ញា ហើយក៏មិនមានទម្លាប់យកចិត្តទុកដាក់ ឬខ្វល់ខ្វាយពីអ្នកដទៃដែរ(ខ.៧-៨)។ ទោះជាយ៉ាងណាក៏ដោយ ប្រាជ្ញាជួយយើងកុំឲ្យធ្វើអ្វីមួយទាំងប្រញាល់ប្រញាល់ តែដើម្បីឲ្យយើងបានស្តាប់ ហើយជញ្ជឹងគិត ដើម្បីកុំឲ្យយើងវង្វេងចេញ ដោយសារអារម្មណ៍ប្រែប្រួល ឬពាក្យសម្តីឥតបើគិត(ខ.៦)។ ប្រាជ្ញាបង្រៀនយើងឲ្យសួរសំណួរល្អៗ ហើយពិចារណាអំពីផលវិបាកនៃសកម្មភាពរបស់យើង។ មនុស្សល្ងីល្ងើចូលចិត្តសម្រុកទៅមុខ ដោយមិនសូវខ្វល់អំពីទំនាក់ទំនង ឬផលវិបាក ឬក៏សេចក្តីពិតទេ ប៉ុន្តែ ជាញឹកញាប់ “មនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន”(ខ.១៥)។
ជួនកាល យើងចាំបាច់ត្រូវធ្វើអ្វីមួយភ្លាមៗ ដោយមិនស្ទាក់ស្ទើរ ប៉ុន្តែ យើងក៏អាចជៀសវាងការធ្វេសប្រហែសផងដែរ។ ខណៈពេលដែលយើងទទួល និងអនុវត្តតាមប្រាជ្ញារបស់ព្រះ ព្រះអង្គនឹងប្រទានយើងនូវការដឹកនាំ ដែលយើងត្រូវការ ក្នុងការរស់នៅ។—Winn Collier
តើអ្នកបានឃើញមនុស្សរស់នៅ ដោយគ្មានការប្រុងប្រយ័ត្ន នៅកន្លែងណាខ្លះ? តើអ្នកអាចជៀសវាងការរស់នៅដោយការធ្វេសប្រហែស ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ យើងខ្ញុំរស់នៅក្នុងលោកិយ ដែលមានពេញដោយការធ្វេសប្រហែស។ សូមព្រះអង្គប្រទានទូលបង្គំនូវប្រាជ្ញា និងជួយទូលបង្គំរស់នៅឲ្យបានល្អ។
For further study, read Better than Gold: The Life-Changing Wisdom of the Bible at DiscoverySeries.org/Q0409.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ៣-៤ និង កាឡាទី ៦